ឆ្នាំចាស់ឆ្នាំ២០១៤ ទើបបានបិទបញ្ចប់ទំព័ររបស់ខ្លួន។ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៤ ជាឆ្នាំមួយដែលមានព្រឹត្តិការណ៍នយោបាយ និងសង្គមសំខាន់ៗជាច្រើនបានកើតឡើងគួរឲ្យកត់សម្គាល់។ តើព្រឹត្តិការណ៍នយោបាយ និងសង្គមសំខាន់ៗក្នុងឆ្នាំ២០១៤ មានអ្វីខ្លះ?
ព្រឹត្តិការណ៍នយោបាយសំខាន់ៗដែលបានកើតឡើងនៅក្នុងឆ្នាំ២០១៤ រួមមាន ការបិទខ្ទប់ទីលានប្រជាធិបតេយ្យ ការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចរដ្ឋាភិបាលទៅលើការប្រមូលផ្តុំរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ការព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ការធ្វើសមាជក្រុមប្រឹក្សាជាតិលើកទី១ របស់គណបក្សសង្គ្រោះជាតិ ការដើរចូលសភារបស់បក្សសង្គ្រោះជាតិ ការបង្កើតប្រធានក្រុមភាគតិចក្នុងរដ្ឋសភា ការធ្វើកំណែទម្រង់ការបោះឆ្នោត និងការបង្កើតបណ្ដាញសង្គម ដែលអាចឈានដល់ការបង្កើតឲ្យមានគណបក្សនយោបាយថ្មីមួយក្នុងពេលខាងមុខ។
បន្ទាប់ពីមានការបង្ក្រាបរបស់កងកម្លាំងអាជ្ញាធររដ្ឋាភិបាលលើក្រុមកម្មករ នៅថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ នៅក្បែររោងចក្រ យ៉ាក ជីន និងលើផ្លូវវ៉េងស្រេង ដែលបានបណ្ដាលឲ្យមនុស្ស ៥នាក់បាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀតរងរបួស និងចាប់ខ្លួន នៅថ្ងៃទី៤ ខែមករា កងសន្តិសុខ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំបែកការប្រមូលផ្តុំរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ ការបំបែកនេះ ធ្វើឡើងក្រោយពីក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា នឹងមានការហាមឃាត់ដោយគ្មានកំណត់ទៅលើបាតុកម្ម ការជួបជុំ ឬការដើរក្បួន រហូតដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខ ត្រូវបានស្ដារឡើងវិញ។ ទីលានប្រជាធិបតេយ្យ ត្រូវបានអាជ្ញាធរហ៊ុមព័ទ្ធចាប់ពីពេលនោះមក។
ព្រមជាមួយគ្នាដែរ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាកោះហៅមេដឹកនាំគណបក្សប្រឆាំងទាំងពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា ឲ្យចូលតុលាការ នៅថ្ងៃទី១៤ ខែមករា ដើម្បីសាកសួរពីដំណើររឿងនៃការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ក្រោយមកនៅថ្ងៃទី១៥ ខែកក្កដា តំណាងរាស្ត្រ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បាននាំគ្នាទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងទីលានប្រជាធិបតេយ្យឲ្យមានសេរីភាពឡើងវិញ។ ក្នុងពេលទាមទារនោះ ពួកគេបានប៉ះទង្គិចដោយហិង្សាជាមួយកងសន្តិសុខខណ្ឌដូនពេញ ដែលបានបណ្ដាលឲ្យមានរបួសទាំងសងខាង។ ក្រោយព្រឹត្តិការណ៍នេះកើតឡើង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ៧នាក់ និងសកម្មជនម្នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស។
យ៉ាងណាក៏ដោយ តំណាងរាស្ត្រ និងសកម្មជនទាំងអស់នេះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញភ្លាមៗ ក្រោយពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នាលើដំណោះស្រាយនយោបាយ នៅថ្ងៃទី២២ ខែកក្កដា។ ការព្រមព្រៀងដែលបានបើកផ្លូវឲ្យគណបក្សប្រឆាំងដើរចូលសភា។
ក្រោយពីមានកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយជាមួយបក្សកាន់អំណាច ក្នុងខែកក្កដា ដដែលនោះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានធ្វើសមាជក្រុមប្រឹក្សាជាតិលើកទី១ របស់ខ្លួន នៅមុខវត្តបទុមវតី ដើម្បីសុំយោបល់ពីអ្នកគាំទ្ររបស់ខ្លួន មុននឹងដើរចូលសភា។
បន្ទាប់មកទៀត ពោលគឺនៅថ្ងៃទី៨ ខែសីហា តំណាងរាស្ត្រគណបក្សប្រឆាំងដឹកនាំដោយ លោក សម រង្ស៊ី និងលោក កឹម សុខា ក៏បានចូលប្រជុំសភាលើកដំបូងដូចការគ្រោងទុក។ ការចូលសភារបស់បក្សប្រឆាំងនេះ បានធ្វើឲ្យសភាដែលបក្សប្រឆាំងចោទថា ជាសភាឯកបក្ស ឬសភាមិនគ្រប់ទឹកនោះ ទៅជាសភាពហុបក្ស ឬសភាគ្រប់ទឹកវិញ។
ក្រោយពីមានការព្រមព្រៀងនយោបាយ និងការចូលសភារបស់បក្សប្រឆាំង ក្រុមការងារចរចាគណបក្សទាំងពីរ បន្តការចរចាដើម្បីឈានដល់ការធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ សព្វថ្ងៃ ភាគីទាំងពីរកំពុងបន្តចរចាលើសេចក្តីព្រាងសេចក្តីស្នើច្បាប់បោះឆ្នោត។
លើសពីនេះទៀត គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក៏បានឯកភាពគ្នាបង្កើតឲ្យមានប្រធានក្រុមភាគតិចក្នុងរដ្ឋសភា ហើយ លោក សម រង្ស៊ី ក៏ត្រូវបានរដ្ឋសភាបោះឆ្នោតឲ្យធ្វើជាប្រធានក្រុមភាគតិចនេះ ដោយលោកមានឋានៈស្មើនាយករដ្ឋមន្ត្រី។
បើទោះជាមានដំណោះស្រាយនយោបាយ ហើយគណបក្សទាំងពីរកំពុងបន្តការងារចរចាជាមួយគ្នាក្តី រហូតមកទល់ពេលនេះ សកម្មជនគណបក្សសង្គ្រោះជាតិ សរុប ១១នាក់ កំពុងត្រូវបានតុលាការចោទប្រកាន់នៅឡើយ ក្នុងនោះ ៥នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយរួមមានទាំង លោក មាជ សុវណ្ណារ៉ា ផង។ ក្រៅពីនេះ ពលរដ្ឋសហគមន៍បឹងកក់ ចំនួន ១១នាក់ ព្រមទាំងព្រះសង្ឃ ៣អង្គ ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនកាត់ទោសជាប់ពន្ធនាគារ។
ទាក់ទងនឹងរឿងនយោបាយនេះដែរ ប្រជាពលរដ្ឋខ្មែរក៏កំពុងចាប់អារម្មណ៍អំពីការបង្កើតបណ្ដាញសង្គមថ្មីមួយដែលមានឈ្មោះថា បណ្ដាញខ្មែរដើម្បីខ្មែរ។ បណ្ដាញនេះ ត្រូវបានបង្កើតឡើងដោយអ្នកវិភាគឯករាជ្យ និងអ្នកធ្វើការងារផ្នែកសង្គម ក្នុងបំណងប្រមូលផ្តុំអ្នកតស៊ូមតិ ប្រជាពលរដ្ឋ ឲ្យមានសំឡេងខ្លាំង ដើម្បីជួយជ្រោមជ្រែងផ្នែកកម្មវិធីនយោបាយតាមបែបលទ្ធិប្រជាធិបតេយ្យទៅឲ្យគណបក្សនយោបាយ។ យ៉ាងណាក៏ដោយ ពលរដ្ឋមួយចំនួនសង្ស័យថា បណ្ដាញសង្គមមួយនេះអាចប្លែងខ្លួនទៅជាគណបក្សនយោបាយថ្មីមួយក្នុងពេលខាងមុខ។
ងាកមកមើលព្រឹត្តិការណ៍សង្គមវិញម្តង។ ព្រឹត្តិការណ៍សង្គមដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍ខ្លាំងនោះ គឺការបង្ក្រាបរបស់កងទ័ពឆត្រយោង៩១១ ទៅលើបាតុករ ព្រះសង្ឃ នៅក្បែររោងចក្រ យ៉ាក ជីន និងការបាញ់សម្លាប់កម្មករនៅលើផ្លូវវ៉េងស្រេង ក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងពេលពួកគេចូលរួមទាមទារឲ្យរោងចក្រដំឡើងប្រាក់ខែគោល ១៦០ដុល្លារ។ ការបង្ក្រាបនោះ បានធ្វើឲ្យកម្មករ ៥នាក់ស្លាប់ ច្រើននាក់ផ្សេងទៀតរងរបួស និងមនុស្ស ២៣នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះក៏មាន លោក វន់ ពៅ ផងដែរ។ យ៉ាងណាក៏ដោយ ពួកគេត្រូវបានដោះលែងឲ្យឋិតក្រោមការស៊ើបអង្កេតរបស់តុលាការ កាលពីចុងខែឧសភា។
ទាក់ទងនឹងរឿងទាមទារប្រាក់ខែកម្មករ ១៦០ដុល្លារនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចផ្តល់ប្រាក់ឈ្នួលអប្បបរមាដល់កម្មករក្នុងវិស័យកាត់ដេរចំនួន ១២៨ដុល្លារ នៅឆ្នាំ២០១៥។ ទោះយ៉ាងណា ខាងសហជីពតំណាងឲ្យកម្មករ មិនពេញចិត្តចំពោះការសម្រេចនោះទេ ដោយលើកហេតុផលថា ចំនួននេះនៅតែតិចតួចមិនអាចធ្វើឲ្យជីវភាពរស់នៅរបស់កម្មករបានសមរម្យនោះឡើយ។
ក្រៅពីបញ្ហាកម្មករ បញ្ហាជម្លោះដីធ្លីក៏បានធ្វើឲ្យរំជើបរំជួលពេញទីក្រុងភ្នំពេញផងដែរ។ ដោយមិនមានទំនុកចិត្តលើដំណោះស្រាយរបស់អាជ្ញាធរមូលដ្ឋាន និងជាពិសេសក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកមិនទទួលបានញត្តិទាមទាររបស់ពលរដ្ឋ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី បាននាំគ្នាឡើងមកទីក្រុងភ្នំពេញជាហូរហែ ដើម្បីស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាល។ រហូតមកទល់ចុងឆ្នាំ២០១៤ ពលរដ្ឋខ្លះបានវិលត្រឡប់ទៅស្រុកវិញ ក្រោយពីមានការសន្យាថា អាជ្ញាធរនឹងស្វែងរកដំណោះស្រាយឲ្យពួកគេ។ ចំណែកពលរដ្ឋខ្លះទៀត កំពុងស្នាក់នៅក្នុងវត្ត ដើម្បីបន្តការទាមទារនៅឡើយ។
ទាក់ទងបញ្ហាដីធ្លីនេះដែរ កាលពីខែតុលា មេធាវីអន្តរជាតិ លោក រីឆាត រ៉ូជើរ (Richard Rogers) ដែលតំណាងឲ្យពលរដ្ឋខ្មែររងគ្រោះដោយការរំលោភដីធ្លី បានដាក់បណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនៅទីក្រុងឡាអេ (The Hague) ដើម្បីស្នើឲ្យតុលាការបើកការស៊ើបអង្កេត ចំពោះបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងការបណ្ដេញពលរដ្ឋដោយបង្ខំចេញពីលំនៅឋាននៅកម្ពុជា។ ព្រមជាមួយគ្នានេះដែរ នៅក្នុងខែធ្នូ អង្គការអន្តរជាតិចំនួន៤០ ក៏បានអំពាវនាវឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ បើកការស៊ើបអង្កេតលើបណ្ដឹងនានាដែលបានផ្ញើទៅកាន់តុលាការ ដែលចោទប្រកាន់អ្នកកាន់អំណាចនៅប្រទេសកម្ពុជា អំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
នៅក្នុងបណ្ដឹងទៅកាន់តុលាការ លោក រ៉ូជើរ បញ្ជាក់ថា ក្នុងរយៈពេល ១៤ឆ្នាំកន្លងទៅ ការប៉ាន់ប្រមាណផលប៉ះពាល់បង្ហាញថា ពលរដ្ឋប្រមាណ ៧សែន ៧ម៉ឺននាក់ ដែលស្មើប្រមាណ ៦% នៃពលរដ្ឋសរុបដែលរងគ្រោះពីបញ្ហាដីធ្លីនៅកម្ពុជា ក្នុងនោះមានចំនួន ១៤ម៉ឺន ៥ពាន់នាក់ ត្រូវបណ្ដេញដោយបង្ខំចេញពីរាជធានីភ្នំពេញ។
រឿងរ៉ាវដីធ្លីនេះដែរ បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងប្រជាពលរដ្ឋ បានធ្វើការតវ៉ាជាមួយក្រសួងធម្មការ និងសាសនា ក្រោយពីខ្លោងទ្វារធំចូលកាន់អគារនៃពុទ្ធសាសនបណ្ឌិត្យ ត្រូវបានក្រុមហ៊ុន ណាហ្គាវើល (Naga World) វាយកម្ទេច។ ពួកគេសង្ស័យថា រដ្ឋាភិបាលលក់ដីនៃអគារពុទ្ធសាសនបណ្ឌិត្យនេះទៅឲ្យក្រុមហ៊ុន ណាហ្គាវើល។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលបានអះអាងរួចហើយថា មិនមានការលក់ដូរ ឬដោះដូរដីនៃអគារពុទ្ធសាសនបណ្ឌិត្យនោះឡើយ។
ក្រៅពីនេះ ក៏នៅមានព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀតដែរ ដែលបានកើតឡើងក្នុងឆ្នាំ២០១៤ ក្នុងនោះមានដូចជា ការធ្វើបាតុកម្មរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម និងយុវជន ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម សុំទោសពលរដ្ឋខ្មែរជាសាធារណៈ ចំពោះការបំភ្លៃប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម។ ការចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី ស្ដីពីការបញ្ជូនជនភៀសខ្លួនសុំសិទ្ធិជ្រកកោននៅអូស្ត្រាលី មកកម្ពុជា ព្រមទាំងការរត់គេចខ្លួនរបស់ជនជាតិម៉ុងតាញ៉ា-វៀតណាម មកកម្ពុជា ដើម្បីស្វែងរកសិទ្ធិជ្រកកោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
