ព្រឹត្តិការណ៍​នយោបាយ​និង​សង្គម​សំខាន់ៗ​ក្នុង​ឆ្នាំ​២០១៤

0:00 / 0:00

ឆ្នាំ​ចាស់​ឆ្នាំ​២០១៤ ទើប​បាន​បិទ​បញ្ចប់​ទំព័រ​របស់​ខ្លួន។ សម្រាប់​ប្រទេស​កម្ពុជា ឆ្នាំ​២០១៤ ជា​ឆ្នាំ​មួយ​ដែល​មាន​ព្រឹត្តិការណ៍​នយោបាយ និង​សង្គម​សំខាន់ៗ​ជាច្រើន​បាន​កើត​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ តើ​ព្រឹត្តិការណ៍​នយោបាយ និង​សង្គម​សំខាន់ៗ​ក្នុង​ឆ្នាំ​២០១៤ មាន​អ្វី​ខ្លះ?

ព្រឹត្តិការណ៍​នយោបាយ​សំខាន់ៗ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៤ រួម​មាន ការ​បិទ​ខ្ទប់​ទីលាន​ប្រជាធិបតេយ្យ ការ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​ទៅ​លើ​ការ​ប្រមូល​ផ្តុំ​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ ការ​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ការ​ធ្វើ​សមាជ​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​១ របស់​គណបក្ស​សង្គ្រោះ​ជាតិ ការ​ដើរ​ចូល​សភា​របស់​បក្ស​សង្គ្រោះ​ជាតិ ការ​បង្កើត​ប្រធាន​ក្រុម​ភាគ​តិច​ក្នុង​រដ្ឋសភា ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ការ​បង្កើត​បណ្ដាញ​សង្គម ដែល​អាច​ឈាន​ដល់​ការ​បង្កើត​ឲ្យ​មាន​គណបក្ស​នយោបាយ​ថ្មី​មួយ​ក្នុង​ពេល​ខាង​មុខ។

បន្ទាប់​ពី​មាន​ការ​បង្ក្រាប​របស់​កង​កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល​លើ​ក្រុម​កម្មករ នៅ​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ នៅ​ក្បែរ​រោងចក្រ យ៉ាក ជីន និង​លើ​ផ្លូវ​វ៉េងស្រេង ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស ៥​នាក់​បាត់​បង់​ជីវិត និង​ច្រើន​នាក់​ផ្សេង​ទៀត​រង​របួស និង​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី​៤ ខែ​មករា កង​សន្តិសុខ និង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ។ ការ​បំបែក​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា នឹង​មាន​ការ​ហាម​ឃាត់​ដោយ​គ្មាន​កំណត់​ទៅ​លើ​បាតុកម្ម ការ​ជួប​ជុំ ឬ​ការ​ដើរ​ក្បួន រហូត​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ ត្រូវ​បាន​ស្ដារ​ឡើង​វិញ។ ទីលាន​ប្រជាធិបតេយ្យ ត្រូវ​បាន​អាជ្ញាធរ​ហ៊ុមព័ទ្ធ​ចាប់​ពី​ពេល​នោះ​មក។

ព្រម​ជាមួយ​គ្នា​ដែរ សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​ដីកា​កោះ​ហៅ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ឲ្យ​ចូល​តុលាការ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​នៃ​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ក្រោយ​មក​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា តំណាង​រាស្ត្រ សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំ​គ្នា​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ក្នុង​ពេល​ទាមទារ​នោះ ពួក​គេ​បាន​ប៉ះ​ទង្គិច​ដោយ​ហិង្សា​ជាមួយ​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ ដែល​បាន​បណ្ដាល​ឲ្យ​មាន​របួស​ទាំង​សង​ខាង។ ក្រោយ​ព្រឹត្តិការណ៍​នេះ​កើត​ឡើង តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៧​នាក់ និង​សកម្មជន​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស។

យ៉ាង​ណា​ក៏ដោយ តំណាង​រាស្ត្រ និង​សកម្មជន​ទាំងអស់​នេះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ភ្លាមៗ ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា​លើ​ដំណោះស្រាយ​នយោបាយ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា។ ការ​ព្រមព្រៀង​ដែល​បាន​បើក​ផ្លូវ​ឲ្យ​គណបក្ស​ប្រឆាំង​ដើរ​ចូល​សភា។

ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច ក្នុង​ខែ​កក្កដា ដដែល​នោះ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សមាជ​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​១ របស់​ខ្លួន នៅ​មុខ​វត្ត​បទុមវតី ដើម្បី​សុំ​យោបល់​ពី​អ្នក​គាំទ្រ​របស់​ខ្លួន មុន​នឹង​ដើរ​ចូល​សភា។

បន្ទាប់​មក​ទៀត ពោល​គឺ​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ដឹក​នាំ​ដោយ លោក សម រង្ស៊ី និង​លោក កឹម សុខា ក៏​បាន​ចូល​ប្រជុំ​សភា​លើក​ដំបូង​ដូច​ការ​គ្រោង​ទុក។ ការ​ចូល​សភា​របស់​បក្ស​ប្រឆាំង​នេះ បាន​ធ្វើ​ឲ្យ​សភា​ដែល​បក្ស​ប្រឆាំង​ចោទ​ថា ជា​សភា​ឯក​បក្ស ឬ​សភា​មិន​គ្រប់​ទឹក​នោះ ទៅ​ជា​សភា​ពហុ​បក្ស ឬ​សភា​គ្រប់​ទឹក​វិញ។

ក្រោយ​ពី​មាន​ការ​ព្រមព្រៀង​នយោបាយ និង​ការ​ចូល​សភា​របស់​បក្ស​ប្រឆាំង ក្រុម​ការងារ​ចរចា​គណបក្ស​ទាំង​ពីរ បន្ត​ការ​ចរចា​ដើម្បី​ឈាន​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ សព្វថ្ងៃ ភាគី​ទាំង​ពីរ​កំពុង​បន្ត​ចរចា​លើ​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​បោះ​ឆ្នោត។

លើស​ពី​នេះ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ឯកភាព​គ្នា​បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគ​តិច​ក្នុង​រដ្ឋសភា ហើយ លោក សម រង្ស៊ី ក៏​ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ភាគ​តិច​នេះ ដោយ​លោក​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី។

បើ​ទោះ​ជា​មាន​ដំណោះស្រាយ​នយោបាយ ហើយ​គណបក្ស​ទាំង​ពីរ​កំពុង​បន្ត​ការងារ​ចរចា​ជាមួយ​គ្នា​ក្តី រហូត​មក​ទល់​ពេល​នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សរុប ១១​នាក់ កំពុង​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​នៅ​ឡើយ ក្នុង​នោះ ៥​នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយ​រួម​មាន​ទាំង លោក មាជ សុវណ្ណារ៉ា ផង។ ក្រៅ​ពី​នេះ ពលរដ្ឋ​សហគមន៍​បឹងកក់ ចំនួន ១១​នាក់ ព្រម​ទាំង​ព្រះសង្ឃ ៣​អង្គ ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាត់​ទោស​ជាប់​ពន្ធនាគារ។

ទាក់ទង​នឹង​រឿង​នយោបាយ​នេះ​ដែរ ប្រជាពលរដ្ឋ​ខ្មែរ​ក៏​កំពុង​ចាប់​អារម្មណ៍​អំពី​ការ​បង្កើត​បណ្ដាញ​សង្គម​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា បណ្ដាញ​ខ្មែរ​ដើម្បី​ខ្មែរ។ បណ្ដាញ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​វិភាគ​ឯករាជ្យ និង​អ្នក​ធ្វើ​ការងារ​ផ្នែក​សង្គម ក្នុង​បំណង​ប្រមូល​ផ្តុំ​អ្នក​តស៊ូ​មតិ ប្រជាពលរដ្ឋ ឲ្យ​មាន​សំឡេង​ខ្លាំង ដើម្បី​ជួយ​ជ្រោមជ្រែង​ផ្នែក​កម្មវិធី​នយោបាយ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ទៅ​ឲ្យ​គណបក្ស​នយោបាយ។ យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​មួយ​ចំនួន​សង្ស័យ​ថា បណ្ដាញ​សង្គម​មួយ​នេះ​អាច​ប្លែង​ខ្លួន​ទៅ​ជា​គណបក្ស​នយោបាយ​ថ្មី​មួយ​ក្នុង​ពេល​ខាង​មុខ។

ងាក​មក​មើល​ព្រឹត្តិការណ៍​សង្គម​វិញ​ម្តង។ ព្រឹត្តិការណ៍​សង្គម​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចាប់​អារម្មណ៍​ខ្លាំង​នោះ គឺ​ការ​បង្ក្រាប​របស់​កងទ័ព​ឆត្រ​យោង​៩១១ ទៅ​លើ​បាតុករ ព្រះសង្ឃ នៅ​ក្បែរ​រោងចក្រ យ៉ាក ជីន និង​ការ​បាញ់​សម្លាប់​កម្មករ​នៅ​លើ​ផ្លូវ​វ៉េងស្រេង ក្បែរ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ក្នុង​ពេល​ពួក​គេ​ចូលរួម​ទាមទារ​ឲ្យ​រោងចក្រ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ។ ការ​បង្ក្រាប​នោះ បាន​ធ្វើ​ឲ្យ​កម្មករ ៥​នាក់​ស្លាប់ ច្រើន​នាក់​ផ្សេង​ទៀត​រង​របួស និង​មនុស្ស ២៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​ក៏​មាន លោក វន់ ពៅ ផង​ដែរ។ យ៉ាង​ណា​ក៏ដោយ ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​ឋិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​តុលាការ កាល​ពី​ចុង​ខែ​ឧសភា។

ទាក់ទង​នឹង​រឿង​ទាមទារ​ប្រាក់​ខែ​កម្មករ ១៦០​ដុល្លារ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រេច​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ចំនួន ១២៨​ដុល្លារ នៅ​ឆ្នាំ​២០១៥។ ទោះ​យ៉ាង​ណា ខាង​សហជីព​តំណាង​ឲ្យ​កម្មករ មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​នោះ​ទេ ដោយ​លើក​ហេតុផល​ថា ចំនួន​នេះ​នៅ​តែ​តិចតួច​មិន​អាច​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​កម្មករ​បាន​សមរម្យ​នោះ​ឡើយ។

ក្រៅ​ពី​បញ្ហា​កម្មករ បញ្ហា​ជម្លោះ​ដីធ្លី​ក៏​បាន​ធ្វើ​ឲ្យ​រំជើប​រំជួល​ពេញ​ទីក្រុង​ភ្នំពេញ​ផង​ដែរ។ ដោយ​មិន​មាន​ទំនុក​ចិត្ត​លើ​ដំណោះស្រាយ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ជាពិសេស​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា លោក​មិន​ទទួល​បាន​ញត្តិ​ទាមទារ​របស់​ពលរដ្ឋ ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី បាន​នាំ​គ្នា​ឡើង​មក​ទីក្រុង​ភ្នំពេញ​ជា​ហូរហែ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋាភិបាល។ រហូត​មក​ទល់​ចុង​ឆ្នាំ​២០១៤ ពលរដ្ឋ​ខ្លះ​បាន​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ក្រោយ​ពី​មាន​ការ​សន្យា​ថា អាជ្ញាធរ​នឹង​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ពួក​គេ។ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត កំពុង​ស្នាក់​នៅ​ក្នុង​វត្ត ដើម្បី​បន្ត​ការ​ទាមទារ​នៅ​ឡើយ។

ទាក់ទង​បញ្ហា​ដីធ្លី​នេះ​ដែរ កាល​ពី​ខែ​តុលា មេធាវី​អន្តរជាតិ លោក រីឆាត រ៉ូជើរ (Richard Rogers) ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ (The Hague) ដើម្បី​ស្នើ​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត ចំពោះ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​លំនៅឋាន​នៅ​កម្ពុជា។ ព្រម​ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​ខែ​ធ្នូ អង្គការ​អន្តរជាតិ​ចំនួន​៤០ ក៏​បាន​អំពាវនាវ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បើក​ការ​ស៊ើប​អង្កេត​លើ​បណ្ដឹង​នានា​ដែល​បាន​ផ្ញើ​ទៅ​កាន់​តុលាការ ដែល​ចោទ​ប្រកាន់​អ្នក​កាន់​អំណាច​នៅ​ប្រទេស​កម្ពុជា អំពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

នៅ​ក្នុង​បណ្ដឹង​ទៅ​កាន់​តុលាការ លោក រ៉ូជើរ បញ្ជាក់​ថា ក្នុង​រយៈពេល ១៤​ឆ្នាំ​កន្លង​ទៅ ការ​ប៉ាន់​ប្រមាណ​ផល​ប៉ះពាល់​បង្ហាញ​ថា ពលរដ្ឋ​ប្រមាណ ៧​សែន ៧​ម៉ឺន​នាក់ ដែល​ស្មើ​ប្រមាណ ៦% នៃ​ពលរដ្ឋ​សរុប​ដែល​រងគ្រោះ​ពី​បញ្ហា​ដីធ្លី​នៅ​កម្ពុជា ក្នុង​នោះ​មាន​ចំនួន ១៤​ម៉ឺន ៥​ពាន់​នាក់ ត្រូវ​បណ្ដេញ​ដោយ​បង្ខំ​ចេញ​ពី​រាជធានី​ភ្នំពេញ។

រឿងរ៉ាវ​ដីធ្លី​នេះ​ដែរ បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម និង​ប្រជាពលរដ្ឋ បាន​ធ្វើ​ការ​តវ៉ា​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា ក្រោយ​ពី​ខ្លោងទ្វារ​ធំ​ចូល​កាន់​អគារ​នៃ​ពុទ្ធសាសនបណ្ឌិត្យ ត្រូវ​បាន​ក្រុមហ៊ុន ណាហ្គាវើល (Naga World) វាយ​កម្ទេច។ ពួក​គេ​សង្ស័យ​ថា រដ្ឋាភិបាល​លក់​ដី​នៃ​អគារ​ពុទ្ធសាសនបណ្ឌិត្យ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន ណាហ្គាវើល។ យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​បាន​អះអាង​រួច​ហើយ​ថា មិន​មាន​ការ​លក់​ដូរ ឬ​ដោះ​ដូរ​ដី​នៃ​អគារ​ពុទ្ធសាសនបណ្ឌិត្យ​នោះ​ឡើយ។

ក្រៅ​ពី​នេះ ក៏​នៅ​មាន​ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែរ ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​២០១៤ ក្នុង​នោះ​មាន​ដូចជា ការ​ធ្វើ​បាតុកម្ម​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​យុវជន ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ចំពោះ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដែន​ដី​កម្ពុជា​ក្រោម។ ការ​ចុះ​ហត្ថលេខា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី ស្ដីពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​អូស្ត្រាលី មក​កម្ពុជា ព្រម​ទាំង​ការ​រត់​គេច​ខ្លួន​របស់​ជនជាតិ​ម៉ុងតាញ៉ា-វៀតណាម មក​កម្ពុជា ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រក​កោន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។