វៀតណាម​ទទួល​យក​ការ​តវ៉ា​របស់​កម្ពុជា​រឿង​ព្រំដែន​ទៅ​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ

0:00 / 0:00

ភាគី​វៀតណាម នៅ​ថ្ងៃ​ទី​២៩ សីហា យល់ព្រម​ទទួល​យក​ការ​តវ៉ា​របស់​កម្ពុជា ទាក់ទង​នឹង​ការ​រំលោភ​ចូល​អធិបតេយ្យភាព​ទឹក​ដី​កម្ពុជា ទៅ​ជជែក​ពិភាក្សា​ជាមួយ​អន្តរ​ក្រសួង​ពាក់ព័ន្ធ​របស់​វៀតណាម។ ភាគី​កម្ពុជា បង្ហាញ​គោល​ជំហរ​រឹងមាំ​ឯករាជ្យ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម។

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​បោះ​បង្គោល​ព្រំដែន​គោក​វៀតណាម-កម្ពុជា លោក លេ ហ៊យ ជុង (Le Hoai Trung) ថ្លែង​ប្រាប់​ប្រធាន​គណៈកម្មការ​ចម្រុះ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម លោក វ៉ា គឹមហុង ថា វៀតណាម នឹង​ជូន​ដំណឹង​ត្រឡប់​មក​វិញ បន្ទាប់​ពី​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ​កំពូល​រដ្ឋាភិបាល​វៀតណាម លើ​ដំណោះស្រាយ​ឆ្លើយ​តប​នឹង​ការ​តវ៉ា​របស់​កម្ពុជា។

កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​កម្ពុជា-វៀតណាម ស្ដីពី​ការ​ដោះស្រាយ​វិវាទ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​នា​ទីក្រុង​ភ្នំពេញ កើត​ឡើង​បន្ទាប់​ពី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត និង​លិខិត​តវ៉ា​ការ​រំលោភ​ចូល​ទឹក​ដី​កម្ពុជា ពី​សំណាក់​វៀតណាម។

រាប់​ពី​ខែ​តុលា ឆ្នាំ​២០១១ ដល់​ខែ​សីហា ឆ្នាំ​២០១៦ រដ្ឋាភិបាល​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត និង​លិខិត​តវ៉ា​រឿង​ការ​រំលោភ​ចូល​ទឹក​ដី​កម្ពុជា ទៅ​រដ្ឋាភិបាល​វៀតណាម មិន​តិច​ជាង ២៣​លើក​ឡើយ។ បញ្ហា​ដែល​ត្រូវ​បាន​លើក​មក​ជជែក​ក្នុង​កិច្ច​ប្រជុំ​ជាង ៥​ម៉ោង​នេះ មាន​ដូចជា ការ​សាងសង់​ប៉ុស្តិ៍​យាម​របស់​វៀតណាម ក្នុង​តំបន់​ដែល​មិន​ទាន់​ដោះស្រាយ​ចប់ (តំបន់​ស) ការ​សង់​អគារ ការ​ជីក​ស្រះ ការ​ធ្វើ​ផ្លូវ​ដែល​ភាគី​កម្ពុជា អះអាង​ថា វៀតណាម បាន​ធ្វើ​លើ​ទឹក​ដី​កម្ពុជា ការ​បោះ​បង្គោល​ព្រំដែន សំណើ​សុំ​អន្តរាគមន៍​ពី​ប្រទេស​បារាំង។

ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ត្រូវ​ប្រជាពលរដ្ឋ​កម្ពុជា មួយ​ចំនួន​ចោទ​រដ្ឋាភិបាល​កម្ពុជា ថា​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​វៀតណាម។ ទោះ​បី​យ៉ាង​ណា ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម លោក វ៉ា គឹមហុង បញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា ថា​មិន​ស្ថិត​ក្រោម​គំនាប​របស់​វៀតណាម នោះ​ទេ៖ «សូម​ផ្ដាំផ្ញើ​ទៅ​អ្នក​ទិតៀន​ផង​ថា យើង​មិន​មែន​កញ្ជះ​គេ (វៀតណាម) ទេ កុំ​ទិតៀន​សម្ដេច​តេជោ (ហ៊ុន សែន) ផ្ដេសផ្ដាស​អ៊ីចឹង។ យើង​គណៈ​ប្រតិភូ​ដែល​តំណាង​លោក យើង​ក៏​មិន​មែន​ចំណុះ​ប្រទេស​ណា យើង​ការពារ​បូរណភាព​ទឹក​ដី​យើង យើង​ធ្វើ​តាំង​ពី​ដើម​មក មិន​មែន​ទើប​ធ្វើ...»

កិច្ច​ប្រជុំ​ឧបតោ​ភាគី រវាង​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦។ RFA/San Sel
កិច្ច​ប្រជុំ​ឧបតោ​ភាគី រវាង​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦។ RFA/San Sel (RFA/San Sel)

លោក វ៉ា គឹមហុង ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​បាន​ជជែក​គ្នា​រយៈពេល​លើស​ពី ២០​នាទី​ទាក់ទង​នឹង​សេចក្ដី​ព្រាង​សំណើ​សុំ​អន្តរាគមន៍​ពី​ប្រទេស​បារាំង។ លោក​បន្ត​ថា ភាគី​វៀតណាម ស្នើសុំ​ឲ្យ​ប្រធានាធិបតី​បារាំង ជួយ ៧​ចំណុច។ លោក​មិន​បង្ហើប​ឲ្យ​ដឹង​លម្អិត​ពី​ចំណុច​ទាំងនេះ​ឡើយ ក៏ប៉ុន្តែ​លោក​ថា ភាគី​កម្ពុជា សុំ​បារាំង ជួយ​តែ​លើ​ពីរ​ចំណុច ដែល​ក្នុង​នោះ​មាន​ការ​ស្នើ​អ្នក​ជំនាញ​បច្ចេកទេស​បារាំង ផ្នែក​ការ​គូស​ចម្លង​ផែនទី។

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា និង​ជា​អនុប្រធាន​ទី​១ គណៈកម្មការ​ចម្រុះ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម លោក ឡុង វិសាលោ ដែល​ចូលរួម​កិច្ច​ប្រជុំ​ទ្វេ​ភាគី​នៅ​ថ្ងៃ​ទី​២៩ សីហា មាន​ប្រសាសន៍​ថា ភាគី​វៀតណាម បាន​ឆ្លើយ​តប​នឹង​កំណត់​ទូត និង​លិខិត​របស់​ភាគី​កម្ពុជា ថា វៀតណាម កន្លង​មក​ធ្វើ​សំណង់​ទាំងអស់​មិន​បាន​រំលោភ​ចូល​ដី​កម្ពុជា នោះ​ទេ។ តែ​យ៉ាង​ណា លោក​សង្កត់​ធ្ងន់​ថា កម្ពុជា នឹង​តវ៉ា​រាល់​ការ​រំលោភ​បំពាន​របស់​វៀតណាម លើ​ទឹក​ដី​កម្ពុជា៖ «ខ្ញុំ​បាន​តវ៉ា​ថា បើ​ហ៊ាន​ធ្វើ​ខ្ញុំ​ឲ្យ​រុះ​ចេញ...»

បណ្ឌិត សុខ ទូច យល់​ថា យន្តការ​ការទូត​ដែល​កម្ពុជា កំពុង​ប្រើ មាន​ប្រយោជន៍ និង​ស្រប​តាម​នីតិវិធី​អន្តរជាតិ ដើម្បី​បញ្ចៀស​ការ​ផ្ទុះ​អាវុធ។

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ល្ងាច​ថ្ងៃ​ទី​២៩ សីហា ដោយ​ទូរស័ព្ទ​មិន​មាន​អ្នក​ទទួល។

កម្ពុជា-វៀតណាម នឹង​បន្ត​បោះ​បង្គោល​ព្រំដែន​នៅ​តំបន់​ដែល​បាន​ដោះស្រាយ​ជម្លោះ​ចប់​សព្វគ្រប់​នៅ​ដើម​ខែ​កញ្ញា៕

វីដេអូ៖ វៀតណាម​ទទួល​យក​សំណើរ​កម្ពុជា​ពាក់​ព័ន្ធ​បញ្ហា​រំលោភ​ព្រំដែន​ទៅ​ពិភាក្សា

វៀតណាម​ ទទួល​យក​សំណើរ​កម្ពុជា​ពាក់​ព័ន្ធ​បញ្ហា​រំលោភ​ព្រំដែន​ទៅ​ពិភាក្សា វៀតណាម​ ទទួល​យក​សំណើរ​កម្ពុជា​ពាក់​ព័ន្ធ​បញ្ហា​រំលោភ​ព្រំដែន​ទៅ​ពិភាក្សា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។