ស្ត្រីទី១របស់សហរដ្ឋអាមេរិក អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) បានមកដល់ខេត្តសៀមរាប ហើយកាលពីយប់ថ្ងៃសុក្រ ទី២០ ខែមីនា តាមជើងហោះហើរពិសេសរបស់សហរដ្ឋអាមេរិក ផ្ទាល់។
ការមកដល់នៅវេលាម៉ោង ៨ និង ៣៥នាទីយប់ នៅឯព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប គឺមានការចាំទទួលស្វាគមន៍ពី អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា និងអភិបាលខេត្តសៀមរាប។
មកដល់ភ្លាម ក្រៅតែពីជួបសន្ទនាជាមួយភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមួយសន្ទុះ ក៏បានឡើងរថយន្តចាកចេញភ្លាម ដោយមិនបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយឡើយ។
នៅក្នុងដំណើរទស្សនកិច្ចរបស់ អ្នកស្រី មីស៊្ហែល អូបាម៉ា មកកាន់ខេត្តសៀមរាប នេះ គឺមានការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ដោយនៅឯព្រលានយន្តហោះខេត្តសៀមរាប គឺក្រុមអ្នកកាសែតត្រូវបានគេត្រួតពិនិត្យជាច្រើនដង មុននឹងអនុញ្ញាតឲ្យចូលទៅក្នុងព្រលានយន្តហោះ។ ចំណែកក្នុងទីក្រុងសៀមរាប គឺផ្លូវខ្លះត្រូវបានគេដាក់រនាំងបិទមិនឲ្យចរាចរបានដូចពេលធម្មតាទេ។
ដំណើរទស្សនកិច្ចរបស់ អ្នកស្រី មីស៊្ហែល អូបាម៉ា មកកាន់ខេត្តសៀមរាបនេះ គឺនៅថ្ងៃសៅរ៍ ទី២១ ខែមីនា អ្នកស្រីមានគម្រោងធ្វើដំណើរទៅកាន់វិទ្យាល័យស្រុកប្រាសាទបាគង ដើម្បីជួបជាមួយសិស្សស្រីក្រីក្រចំនួន ១០នាក់ ដែលកំពុងតស៊ូសិក្សា ហើយអ្នកស្រីនឹងថ្លែងសារមួយដើម្បីជំរុញឲ្យក្មេងស្រីនៃប្រទេសកម្ពុជា បានបន្តការរៀនសូត្រឲ្យបានច្រើននៅថ្នាក់វិទ្យាល័យ និងឧត្តម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
