ភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី មីស្ហ៊ែល អូបាម៉ា (Michelle Obama) អំពាវនាវអោយក្មេងស្រីបន្តការរៀនសូត្រក្នុងសាលា ដើម្បីជំរុញអោយមានភាពស្មើគ្នា និងដើម្បីជួយជំរុញអោយមេដឹកនាំមានការទទួលខុសត្រូវចំពោះអំពើរបស់គេ។
អ្នកស្រី មីស្ហ៊ែល អូបាម៉ា ពេលនេះកំពុងស្នាក់នៅខេត្តសៀមរាប។ នេះគឺជាដំណើរទស្សនកិច្ចមួយរបស់អ្នកស្រីដើម្បីរំលេចនូវអ្វីដែលអ្នកស្រីហៅថា ជាវិបត្តិក្នុងការសិក្សារបស់ស្ត្រី ដែលអ្នកស្រីអះអាងថា នៅទូទាំងពិភពលោកមានស្រីប្រមាណ ៦២លាននាក់ មិនបានទទួលការសិក្សាដោយសារមូលហេតុសេដ្ឋកិច្ច និងវប្បធម៌។ រយៈពេល ២ថ្ងៃមកនេះ អ្នកស្រី មីស្ហ៊ែល អូបាម៉ា បានលើកទឹកចិត្តក្មេងស្រីក្រីក្រថា ថ្វីត្បិតតែកម្ពុជា នៅឆ្ងាយពីសហរដ្ឋអាមេរិក ក្តី ក៏អ្នកស្រីបានដឹងពីការខិតខំតស៊ូរៀនសូត្ររបស់កុមារីកម្ពុជា ដែរ។
ក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លី អ្នកស្រី មីស្ហ៊ែល អូបាម៉ា ហាក់មមាញឹកក្នុងការចុះទៅតាមមូលដ្ឋានខ្លះ ព្រមទាំងជួបជជែកជាមួយអង្គការក្រៅរដ្ឋាភិបាលខ្លះ ជុំវិញបញ្ហាធ្វើយ៉ាងណាជំរុញឲ្យក្មេងស្រីបានចូលរៀនគ្រប់គ្នា។
ក្មេងស្រីម្នាក់ឈ្មោះ មាន សុហាង នៅខេត្តសៀមរាប បានសំណូមពរទៅស្ត្រីទី១របស់សហរដ្ឋអាមេរិក និងអ្នកស្រី ប៊ុន រានី ហ៊ុន សែន ដែលរួមដំណើរជាមួយភរិយាលោកប្រធានាធិបតីសហរដ្ឋអាមេរិកនេះ ឲ្យជួយពួកគេបន្តការសិក្សារហូតដល់ថ្នាក់ឧត្ដមសិក្សា និងជួយក្មេងស្រីខ្មែរនៅទូទាំងប្រទេសឲ្យបានរៀនសូត្រថ្នាក់ខ្ពស់ដូចគ្នាដែរ។
ក្រៅពីបំពេញទស្សនកិច្ចដោយធ្វើការងារជាច្រើនពាក់ព័ន្ធនឹងការជំរុញក្មេងស្រីឲ្យបានចូលរៀន កាលពីល្ងាចថ្ងៃសៅរ៍ ទី២១ ខែមីនា ដែរ អ្នកស្រី មីស្ហ៊ែល អូបាម៉ា ក៏បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត នៅក្នុងខេត្តសៀមរាប។
មុនពេលបន្តមកកម្ពុជា អ្នកស្រី មីស្ហ៊ែល អូបាម៉ា បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា។
សេចក្តីប្រកាសព័ត៌មានរបស់សេតវិមាននៃសហរដ្ឋអាមេរិក រំពឹងថា ដំណើរទស្សនកិច្ចរបស់អ្នកស្រី មីស្ហ៊ែល អូបាម៉ា ទៅកាន់ប្រទេសជប៉ុន និងកម្ពុជា នឹងអាចផ្ដល់នូវធនធានជាច្រើនសម្រាប់សាលានៅសហរដ្ឋអាមេរិក ដែលនាំមកនូវការយល់ដឹងផ្នែកវប្បធម៌ ភូមិសាស្ត្រតំបន់ និងព្រឹត្តិការណ៍ថ្មីៗជាច្រើនទៀតនៅក្នុងប្រទេសជប៉ុន និងកម្ពុជា។ អ្នកស្រី មីស្ហ៊ែល អូបាម៉ា វិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ នៅព្រឹកថ្ងៃអាទិត្យ ទី២២ មីនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
