ពលករខ្មែរដែលរដ្ឋអំណាចយោធាថៃ ចាប់បញ្ជូនមកប្រគល់ឲ្យអាជ្ញាធរកម្ពុជា វិញមានចំនួនកើនឡើងរហូតទៅដល់ជិត ៩ម៉ឺននាក់ នេះបើគិតត្រឹមថ្ងៃទី៦ រហូតមកដល់ថ្ងៃទី១៤ ខែមិថុនា។
តួលេខនេះអាចមានកំណើនលើសពីនេះទៀត ហើយវាបង្កឲ្យការកកស្ទះ ដោយសារចំនួនរថយន្តដែលត្រូវដឹកជញ្ជូនពួកគាត់ទៅស្រុកកំណើតនោះ មានចំនួនពុំគ្រប់គ្រាន់តាមតម្រូវការជាក់ស្ដែង។ ចំណែកឯភាគីថៃ នៅបន្តការដឹកជញ្ជូនពលករខ្មែរតាមរថយន្តយោធាមកប្រគល់អាជ្ញាធរនោះ នៅតែកំណើនខ្ពស់ដដែល។
រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យរថយន្តកងទ័ពថៃ ជាច្រើនគ្រឿងបើកឆ្លងដែនចូលមកលើទឹកដីកម្ពុជា នៅចំណុចរង្វង់មូលអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រថយន្តយោធាថៃ ដែលបើកចូលមកលើទឹកដីកម្ពុជា នោះ ថ្វីត្បិតតែបំពានរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដោយ ប៉ុន្តែវាជាករណីចាំបាច់ដែលរដ្ឋាភិបាលត្រូវយល់ព្រម ដើម្បីសម្រួលដល់ការដឹកជញ្ជូនពលករខ្មែរជាច្រើនម៉ឺននាក់ ដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញ។
អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា មានរថយន្តកងទ័ពថៃ ជាច្រើនគ្រឿងបានបន្តកន្ទុយគ្នាដឹកពលរដ្ឋខ្មែរពីទឹកដីថៃ ចូលមកក្នុងទឹកដីកម្ពុជា៖ «ឥឡូវនេះយើងសុំគោលការណ៍រាជរដ្ឋាភិបាលហើយ គឺអនុញ្ញាតឲ្យរថយន្តយោធាថៃ ចូលមកដាក់ក្នុងទឹកដីកម្ពុជា ព្រោះសាងនៅដីគេខាងនោះ គេទម្លាក់ពីលើឡានគេមកកងទ័ពគេមក យកឡានប៉ូលិសដឹកបន្ត ឡានប៉ូលិសញែកជាពីរ យកតែមនុស្ស ហើយឥវ៉ាន់គេដាក់ឡានផ្សេងអ៊ីចឹងទៅ។ ឥវ៉ាន់ធ្វើឲ្យបងប្អូនពិបាកក្នុងការរកឥវ៉ាន់ បាត់ឥវ៉ាន់ទៀត។ ឡានកងទ័ព ព្រោះរដ្ឋធម្មនុញ្ញយើងហាមមិនឲ្យមធ្យោបាយយោធាប្រទេសផ្សេងចូល។ ខ្ញុំបានសុំគោលការណ៍ទៅប្រមុខរដ្ឋាភិបាល សម្ដេចអនុញ្ញាតហើយ»។
គិតពីថ្ងៃទី៦ រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែមិថុនា នេះ ចំនួនពលករខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញកើនឡើងរហូតទៅដល់ ៨ម៉ឺន ៤ពាន់នាក់។ លោកអភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ចំនួននេះមិនទាន់បានបូកបញ្ចូលជាមួយនឹងកំណើនពលករខ្មែរ ដែលអាជ្ញាធរដឹកបញ្ជូនមកតាមរថយន្តយោធាជាច្រើនគ្រឿងទៀត កាលពីល្ងាចថ្ងៃទី១៤ មិថុនា នោះទេ។ ការកើនឡើងនៃចំនួនពលករនេះ បានធ្វើឲ្យអាជ្ញាធរកម្ពុជា ខ្វះខាតរថយន្តដឹកជញ្ជូនពួកគាត់ទៅស្រុកកំណើត។ នៅថ្ងៃទី១៤ មិថុនា រថយន្តដែលដឹកជញ្ជូនពលករនោះ មានការកើនឡើងទៅជាង ៣០០គ្រឿងក៏ពិតមែន ប៉ុន្តែចំនួននេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយ៖ «ឥឡូវនេះ រថយន្តជាកម្លាំងធំដែលដឹកជញ្ជូនហ្នឹង គឺរថយន្តសម្ដេចតេជោក្នុងនាមក្រសួងការពារជាតិ ហ្នឹង ១៥០គ្រឿង ប៉ុន្តែ ១៥០នេះបំបែកជាពីរ ៣០ទៅអូស្មាច់ និង ១២០នៅប៉ោយប៉ែត ប៉ុន្តែរថយន្តត្រូវមកប៉ោយប៉ែត ហើយគោលដៅទៅឆ្ងាយព្រៃវែង ស្វាយរៀង តាកែវ កំពត កំពង់ចាម ទៅដល់មកវិញ»។
ក្រៅពីនេះ នៅមានរថយន្តកងវិស្វកម្មចំនួន ៣០គ្រឿង រថយន្តមកខេត្តសៀមរាប ១៥គ្រឿង រថយន្តពីខេត្តកំពង់ឆ្នាំង ១០គ្រឿង រថយន្តភូមិភាគ៥ មាន ៧គ្រឿង មានរថយន្តរបស់ក្រសួងមហាផ្ទៃ រថយន្តតាមអង្គភាពនានារបស់ខេត្តបន្ទាយមានជ័យ រថយន្តអង្គការ អាយ.អូ.អិម (IOM) និងអង្គការទស្សនៈពិភពលោក (World Vision) ជាច្រើនគ្រឿងទៀត។ ទោះយ៉ាងណា ចំនួនរថយន្តជាង ៣០០គ្រឿងនេះ មិនអាចផ្ទុកបានចំនួនពលករខ្មែររាប់ម៉ឺននាក់ ដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកនោះទេ។
កាលពីថ្ងៃទី១៣ មិថុនា មានមនុស្ស ៩នាក់ បានដួលសន្លប់ដោយសារមេឃក្ដៅខ្លាំងពេក ហើយពួកគេត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យ។ ចំនួនមនុស្សច្រើន និងរថយន្តដឹកជញ្ជូនមិនទាន់ពេលវេលានេះ បានធ្វើឲ្យពលករខ្មែររាប់ពាន់នាក់ដេកសម្រាករាយប៉ាយនៅតាមទីប្រជុំជន និងទីផ្សារក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាក់ស្ដែង ស្ថានភាពនេះនៅតែមានកំណើនខ្ពស់នៅឡើយ ដោយសារពលករខ្មែរដែលរថយន្តយោធាថៃ ដឹកបញ្ជូនមកវិញនៅតែចំនួនច្រើនរាប់ម៉ឺននាក់ ហើយរថយន្តជាង ៣០០គ្រឿងដែលអាជ្ញាធរកម្ពុជា បានប្រើប្រាស់ក្នុងការដឹកជញ្ជូនពួកគាត់ទៅកាន់ទីលំនៅឋាននោះ ពុំមានតុល្យភាពនឹងចំនួនពលករនោះឡើយ។
លោក សម រង្ស៊ី អំពាវនាវឲ្យរដ្ឋាភិបាលយោធាថៃគោរពសិទ្ធិពលករខ្មែរ
ដោយ សុ ជីវី
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ស្នើរដ្ឋាភិបាលយោធាថៃ អោយគោរពសិទ្ធិពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសនេះ។
សំណើរបស់ លោក សម រង្ស៊ី ធ្វើឡើងនៅក្នុងលិខិតមួយចុះថ្ងៃទី១៤ ខែមិថុនា នេះផ្ញើជូន លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-Ocha) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលយោធាថៃ តាមរយៈឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា លោក សមពុង ស្ងួនប៊ុន (Sampong Sanguanbun)។
ក្នុងលិខិតនោះ លោក សម រង្ស៊ី បញ្ជាក់ថា ពលករខ្មែរដែលកំពុងធ្វើការនៅលើទឹកដីថៃ គឺជាពលរដ្ឋក្រីក្រ។ ពួកគេចាកចេញទៅរកការងារធ្វើនៅប្រទេសថៃ គឺដើម្បីគេចចេញពីការលំបាកក្នុងជីវភាពរស់នៅ។ ពួកគេប្រាថ្នាសុំត្រឹមអោយមានការងារធ្វើ រស់នៅក្នុងសភាពស្ងប់ស្ងាត់ និងសន្តិភាព។ លើសពីនេះ លោក សម រង្ស៊ី បានធានាអះអាងថា ពលរដ្ឋខ្មែរទាំងនោះនឹងមិនចូលរួម ឬពាក់ព័ន្ធនឹងរឿងនយោបាយ ឬគណបក្សណាទេ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍បញ្ជាក់បន្ថែមថា ការចាប់បញ្ជូនពលករខ្មែរដោយបង្ខំនៅពេលនេះ គឺជាការរំលោភលើសិទ្ធិពលរដ្ឋទាំងនោះ។
«សំឡេង»
ក្នុងលិខិតដដែល លោក សម រង្ស៊ី ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលថៃ គោរពសិទ្ធិពលករខ្មែរទៅតាមគោលការណ៍មនុស្សធម៌ និងតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក សេក វណ្ណមេធី កាលពីថ្ងៃទី១៣ ខែមិថុនា បានច្រានចោលរាល់ការចុះផ្សាយព័ត៌មាន ដែលថា ថៃ បានបញ្ជូនពលករខ្មែរខុសច្បាប់ដោយហិង្សា ឬបំផ្លាញឯកសារធ្វើដំណើររបស់ពលករខ្មែរចូលទៅប្រទេសថៃ ទាំងស្របច្បាប់ និងខុសច្បាប់។ អ្នកនាំពាក្យរូបនេះចាត់ទុកការវិលត្រឡប់របស់ពលករខ្មែរ គឺធ្វើដោយការស្ម័គ្រចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
