តើប្រជាពលរដ្ឋដែលបានប្ដូរការរស់នៅពីកន្លែងមួយទៅមួយ និងអ្នកចំណាកស្រុក ពួកគាត់មានចំណាប់អារម្មណ៍យ៉ាងណាចំពោះការត្រៀមទុកមុនពេលវេលាបោះឆ្នោតមកដល់នោះ?
ពលរដ្ឋចំណាកស្រុកពីកន្លែងរស់នៅអចិន្ត្រៃយ៍មករកស៊ីនៅក្រុងភ្នំពេញ មិនសូវចាប់អារម្មណ៍អំពីការបោះឆ្នោតឡើយ។
លោកស្រី សួស សន វ័យ ៦៨ឆ្នាំ មកពីភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ថ្លែងថា គាត់រំពឹងតែអាជ្ញាធរភូមិ ឃុំ ជួយទេ ព្រោះរាល់ការបោះឆ្នោត គាត់មិនដែលខ្វល់ឡើយពីរឿងនោះ។ ផ្ទុយទៅវិញ គាត់តែងតែខ្វល់ពីរឿងអត់លុយចាយ ព្រោះគ្មានអ្នកចិញ្ចឹមមនុស្សចាស់ដូចគាត់ទេ។
លោកស្រីថា រាល់ពេលមុនបោះឆ្នោត មនុស្សជាច្រើនធ្វើដំណើរទៅស្រុកកំណើត គាត់អាចដឹងនៅពេលនោះ ឬអាចឮគេនិយាយតគ្នាពីពេលវេលា និងថ្ងៃបោះឆ្នោត។ គាត់នឹងត្រៀមត្រឡប់ពីភ្នំពេញ ឬពីកន្លែងកំពុងរកស៊ីទៅភូមិ ឃុំគាត់ តាមគេឯង ដើម្បីបោះឆ្នោត។ ប៉ុន្តែគាត់មិនដែលបានទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត ថាមាន ឬអត់នោះទេ៖ «រវល់ដើររកស៊ីដែរ តែគេហៅបោះ (បោះឆ្នោត) គឺបោះហើយ កុំពិបាកពេក។ បើយើងមិនបោះ ទៅបោះឲ្យពីណាគេ? ពិនិត្យ មិនពិនិត្យ តែតាមឃុំគេហៅ គឺទៅហើយ បើគេប្រជុំតាមក្រុម តាមឃុំ»។
កម្មករធ្វើការនៅសង្កាត់បឹងសាឡាង មកពីភូមិនិងឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ឈ្មោះ មឿន ភា ថ្លែងស្រដៀងលោកស្រី សួស សន ដែរថា ចាំដល់ថ្ងៃបោះឆ្នោតបានគាត់ទៅស្រុកដើម្បីមើលឈ្មោះក្នុងបញ្ជី។ គាត់ធ្លាប់បោះឆ្នោត គាត់សង្ឃឹមថា ឈ្មោះនឹងមានក្នុងបញ្ជីចាស់៖ «បោះ លើកមុនហ្នឹង ពីមុនមក។ តែភ្លេចបាត់ហើយ ខ្ញុំភ្លេចបាត់មែន»។
ផ្ទុយពីការរំពឹងទុកថា ឈ្មោះពួកគាត់នឹងមាននៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៣ បុរសរត់ម៉ូតូឌុប និងរត់រ៉ឺម៉កទេសចរណ៍អះអាងថា កន្លងមកអ្នកមានឈ្មោះបោះឆ្នោតនៅភូមិ ឃុំគាត់ មានបាត់ឈ្មោះពីបញ្ជីបោះឆ្នោតនៅថ្ងៃបោះឆ្នោតតែម្ដង។ ឧទាហរណ៍ អ្នកបោះឆ្នោតខ្លះធ្លាប់មានឈ្មោះនៅការិយាល័យ "ក" បែរជាថ្ងៃបោះឆ្នោត ឈ្មោះមាននៅក្នុងការិយាល័យ "គ" ឬ "ឃ" ទៅវិញ។
ការិយាល័យដែលឈ្មោះគាត់មាននោះ គឺត្រូវធ្វើដំណើរឆ្ងាយពីការិយាល័យចាស់ ដើម្បីបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ។
លោក សន ហៀង បន្ថែមថា មូលហេតុនេះ អ្នកបោះឆ្នោតខ្លះអាចបោះបង់ការចូលរួមបោះឆ្នោតដែរ៖ «ដូចរាល់ដងបោះនៅកន្លែងហ្នឹង ដល់ពេលក្រោយមក ទៅរកមើលថាអត់ឃើញ។ គេថា ដូរទៅការិយាល័យផ្សេងទៀត នៅភូមិផ្សេងទៀត។ មិនបាត់អីទេ គ្រាន់តែបញ្ហាគេដូរឈ្មោះអី វាបង្វិលអ៊ីចឹង។ បោះរាល់ឆ្នាំហ្នឹង រាល់សាគឺថា ឲ្យតែទៅមើលឃើញឈ្មោះនៅហ្នឹងៗ ប៉ុន្តែមួយសានេះឮប្រពន្ធខ្ញុំថា ត្រូវយករូបថតយកអីទៅ»។
អ្នករត់រ៉ឺម៉កទេសចរណ៍ ឬហៅថា តុក តុក លោក ហុង សាវន ថ្លែងថា បញ្ជីឈ្មោះគាត់នៅឃុំព្រៃខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ គាត់មិនទាន់ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១៣ ទេ ហើយក៏មិនទាន់មានឯកសារគ្រប់គ្រាន់សម្រាប់ចូលរួមបោះឆ្នោតដែរ៖ «មិនដឹងៗ មិនទាន់បានដឹង។ ប៉ុន្តែឈ្មោះខ្ញុំអត់ដែលបានបាត់ពីបញ្ជីទេ ឃើញឈ្មោះយើងនៅហ្នឹង បន្តរហូតដល់ថ្ងៃបោះឆ្នោត អត់ដូរបញ្ជី»។
រីឯលោក សោម សាវួន មកពីភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរ ខេត្តព្រៃវែង មករត់ម៉ូតូឌុប ស្នាក់នៅភ្នំពេញ ថ្លែងថា ថ្ងៃចូលឆ្នាំគាត់ទៅលេងផ្ទះ បានសុំអាជ្ញាធរឃុំមើលឈ្មោះ។ គាត់មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៣ ហើយ។ លោកថា បានជាគាត់មើលឈ្មោះទុកមុននោះ ព្រោះការធ្វើដំណើរទៅមកអស់ប្រាក់ច្រើនផង និងខាតពេលវេលារកស៊ីផង។ ចំពោះឯកសារសំគាល់ខ្លួនសម្រាប់ចូលរួមបោះឆ្នោត មិនទាន់ត្រៀមទុកមុនទេ៖ «ទៅដល់ដឹងតែឃើញហ្មង។ ឈ្មោះខ្ញុំអត់មានប្ដូរពីបញ្ជីចាស់ទេ ព្រោះជាការងារសំខាន់ណាស់ អារឿងបោះឆ្នោតហ្នឹង»។
ពាក់ព័ន្ធការបិទបញ្ជីឈ្មោះអ្នកបោះឆ្នោត អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា ថ្លែងថា បញ្ជីឈ្មោះបោះឆ្នោតចុងក្រោយសម្រាប់ការបោះឆ្នោត ឆ្នាំ២០១៣ នឹងបិទផ្សាយនៅមុនថ្ងៃបោះឆ្នោត១ខែ។ លោកថា ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយនោះ បើទោះបីមានអ្នកទើបស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្ដី ដោយរោគាពាធក្ដី និងអ្នកជាប់ពន្ធនាគារក្រោយការចុះបញ្ជីឈ្មោះចុងក្រោយក្ដី តាមច្បាប់បោះឆ្នោត មិនអនុញ្ញាតឲ្យលុបឈ្មោះអ្នកទាំងនោះពីបញ្ជីឈ្មោះចុងក្រោយបានទេ។
លោក ទេព នីថា៖ «ការងារសំខាន់ដែលទាក់ទងនឹងប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត យើងអាចមានពេលច្រើន និងមានមធ្យោបាយច្រើន ដើម្បីរកឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ទី១ អាចវាមានការចង្អៀតបន្តិច ដែលបញ្ជីបោះឆ្នោតយើងដាក់ក្នុងវ៉ឹបសាយ។ ទី២ នៅក្នុងចុងខែ៥ នេះយើងនឹងបើកប្រព័ន្ធទូរស័ព្ទ ៥ខ្សែទៀត ដែលប្រជាពលរដ្ឋអាចទាក់ទងហៅតាមទូរស័ព្ទនេះ ដើម្បីសួររកឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។ បន្ទាប់មកទៀតនៅខែ ៦ នេះ គ.ជ.ប សំខាន់នឹងចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ នឹងបានទទួលប័ណ្ណនេះគ្រប់គ្នាពីថ្ងៃ ១ ដល់ថ្ងៃ២៥ ខែមិថុនា ហើយក្រៅពីនេះ គឺយើងបិទផ្សាយ ដូចខ្ញុំជម្រាបខាងដើមអ៊ីចឹង នៅ១ខែមុនថ្ងៃបោះឆ្នោត នៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត និង ១ថ្ងៃមុនការបោះឆ្នោត តាមការិយាល័យបោះឆ្នោត»។
អគ្គនាយិកាទទួលបន្ទុកកិច្ចការសាធារណៈ និងការបរទេសរបស់គណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ថ្លែងនៅថ្ងៃ១៥ ខែឧសភា ថា បញ្ជីឈ្មោះចុងក្រោយរបស់ គ.ជ.ប មានឈ្មោះស្ទួនច្រើន ដែលគណបក្សសង្គ្រោះជាតិ កំពុងតែសុំឲ្យមានការកែសម្រួលតាមរយៈការធ្វើមហាបាតុកម្មអហិង្សាជាលើកទី២ នៅថ្ងៃ២០ ខែឧសភា៖ «លើកពីនេះទៀត គណបក្សសង្គ្រោះជាតិដែលយើងរួមកម្លាំងគ្នាមកហើយនេះ យើងចាប់ផ្ដើមបណ្ដុះបណ្ដាលនូវស្មារតី មនសិការនៃភ្នាក់ងារគណបក្សចាប់ពីពេលនេះទៅហើយ។ នៅវគ្គទី២ យើងបណ្ដុះបណ្ដាលបច្ចេកទេសនៅក្នុងរបៀបរៀនមើលនៅក្នុងឈ្មោះបំប៉ោងច្រើនណាស់ក្នុងបញ្ជីឈ្មោះនីមួយៗ»។
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចុះហត្ថលេខាទ្វេភាគីជាមួយមន្ត្រីអង្គការវិទ្យាស្ថានបើកទូលាយរបស់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្ដើមដំណើរការសេវាផ្ដល់ព័ត៌មានតាមទូរស័ព្ទដៃរបស់អ្នកបោះឆ្នោត។
សម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ អ្នកបោះឆ្នោតចំនួនជាង ៩,៦លាននាក់ អាចស្ដាប់សារជាសំឡេងនៅតាមទូរស័ព្ទដៃពីគ្រប់ប្រព័ន្ធដោយមិនគិតថ្លៃ គឺគ្រាន់តែចុចលេខពិសេស ១២៨៥ ដើម្បីទទួលការណែនាំ និងទទួលព័ត៌មានខ្លីៗ ជុំវិញនីតិវិធីបោះឆ្នោត និងរកឈ្មោះអ្នកបោះឆ្នោត នៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។
សេវាផ្ដល់ព័ត៌មានចូលតាមទូរស័ព្ទដៃនេះ គឺចាប់ផ្ដើមពីពេលនេះ រហូតដល់ខែកញ្ញា ឆ្នាំ២០១៣ ក្រោយការបោះឆ្នោតសកល។ ក្រៅពីនេះ គ.ជ.ប នឹងបង្កើតឲ្យមានប្រព័ន្ធទូរស័ព្ទហៅបន្ទាន់ចំនួន ៥ខ្សែ (Hotline) នៅខែមិថុនា ខាងមុខនេះ ដើម្បីផ្ដល់ព័ត៌មាននានា ជូនអ្នកបោះឆ្នោតអំពីបញ្ជីឈ្មោះអ្នកបោះឆ្នោត និងការិយាល័យបោះឆ្នោតជាដើម។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ឲ្យដឹងថា ប្រព័ន្ធទូរស័ព្ទហៅបន្ទាន់ចំនួន ៥ខ្សែ នឹងជម្រាបជូនប្រជាពលរដ្ឋនៅពេលខាងមុខដែលលោកមិនទាន់ចាំលេខទាំង ៥ខ្សែនោះអស់។
មន្ត្រី គ.ជ.ប ឲ្យដឹងថា គណបក្សនយោបាយបានចុះឈ្មោះដើម្បីចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ សរុបចំនួន ៨ គណបក្ស។ ឯប្រជាពលរដ្ឋបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយមានចំនួនជាង ៩,៦លាននាក់។ មណ្ឌលបោះឆ្នោតទូទាំងប្រទេសកម្ពុជា មានចំនួន ២៤ ខេត្ត ក្រុង គឺមានការិយាល័យបោះឆ្នោតសរុបចំនួនជាង ១,៩ម៉ឺនការិយាល័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
