កម្ពុជា-​អាមេរិក​ធ្វើ​សម​យុទ្ធ​ទម្លាក់​ជំនួយ​មនុស្ស​ធម៌

0:00 / 0:00

សម​យុទ្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៣ ​បាន​រៀបចំ​ឡើង​ដោយ​កង​កម្លាំង​ទ័ព​សហរដ្ឋ​អាមេរិក និង​កង​ទ័ព​​​អាកាស​ខេមរភូមិន្ទ​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា នា​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​ និង​មាន​ទ័ព​អាកាស​ចំនួន ១០០​នាក់​ផ្សេង​ទៀត​មក​​ពី ២០​ប្រទេស ក៏​បាន​ចូល​រួម​ដែរ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក វីល្លៀម ថត (William E. Todd) បាន​ចូល​រួម​ពិនិត្យ​ការ​ធ្វើ​លំហាត់​សម​យុទ្ធ​នោះ​​ដល់​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ ក្នុង​ឱកាស​នោះ​ដែរ លោក​បាន​ឲ្យ​ដឹង​តាម​សំឡេង​អ្នក​បក​ប្រែ​ភាសា ដោយ​​ចាត់​ទុក​ការ​ធ្វើ​សមយុទ្ធ​ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពេល​នេះ ចង់​បង្ហាញ​ពី​ការ​ពង្រឹង​ទំនាក់​ទំនង​យោធា​ពហុ​ភាគី ពិសេស​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក។

លោក​បន្ត​ថា ការ​ធ្វើ​សម​យុទ្ធ​នេះ ក៏​ដើម្បី​បង្ហាញ​ពី​ការ​តាំង​ចិត្ត និង​ការ​ត្រៀម​ផ្តល់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ប្រជាជន​កម្ពុជា ក្នុង​គ្រា​ជួប​គ្រោះ​មហន្តរាយ​ធម្មជាតិ​​នៅ​ថ្ងៃ​អនាគត៖ «ខ្ញុំ​មិន​អាច​និយាយ​ជំនួស​ប្រទេស​ចំនួន ២០​បាន​ទេ។ ប៉ុន្តែ​សម្រាប់​សហរដ្ឋអាមេរិក​មួយ យើង​បាន​ប្ដេជ្ញា​ចិត្ត​ថា បើ​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង យើង​នឹង​មក​ទី​នេះ​ដើម្បី​ជួយ។ យើង​បាន​ជួយ​កន្លង​មក ហើយ​នឹង​ជួយ​បន្ត​ទៀត»

លំហាត់​សម​យុទ្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​តំបន់​ប៉ាស៊ីហ្វិក ក្នុង​ការ​ផ្ដល់​​ជំនួយ​សង្គ្រោះ​​មហន្តរាយ ​ពី​សហគមន៍​អន្តរជាតិ​នេះ បាន​ចាប់​​ផ្ដើម​ឡើង​នៅ​ឆ្នាំ​២០០៧ និង​មាន​ប្រទេស​មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​អាស៊ី​ខាង​កើត​ចំនួន ២០​ប្រទេស​ចូល​​រួម​​ជា​សមាជិក។ សម​យុទ្ធ​នេះ​រៀបចំ​ឡើង​ក្នុង​រយៈពេល ២​ឆ្នាំ​ម្ដង។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក បាន​ហៅ​សម​យុទ្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ថា​ចង់​បង្ហាញ​ពី​ការ​លើក​កម្ពស់​ការ​សម្របសម្រួល​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ក្នុង​ចំណោម​កងកម្លាំង​ទ័ព​អាកាស​នៅ​ក្នុង​តំបន់ ​ហើយ​ផ្តល់​ជំនួយ​មនុស្ស​ធម៌ និង​ជំនួយ​សង្គ្រោះ​មហន្តរាយ​ពហុ​ភាគី។

សម​យុទ្ធ​​​​ដឹក​​ជញ្ជូន​តាម​ផ្លូវ​អាកាស​នេះ ​បាន​ផ្ដើម​ពី​ថ្ងៃ​ទី​៣ និង​បញ្ចប់​នៅ​ថ្ងៃ​​ទី​៧ ខែ​​មិថុនា ហើយ​សម​យុទ្ធ​នេះ​មាន​យន្តហោះ​ដឹក​ជញ្ជូន​ប្រភេទ ស៊ី-១៣៥ (C-135) របស់​កងទ័ព​អាកាស​សហរដ្ឋអាមេរិក ទ័ព​អាកាស​ប្រទេស​​ថៃ និង​ទ័ព​អាកាស​មក​ពី​ប្រទេស​​​ម៉ាឡេស៊ី ចូល​រួម​ក្នុង​យុទ្ធនាការ​នេះ។

លោក​ឧត្ដមសេនីយ៍​ឯក សួន សំណាង មេបញ្ជាការ​កងទ័ព​អាកាស​កម្ពុជា និង​លោក​ឧត្ដមសេនីយ៍ទោ រ៉ូសស៊ែល ហែនឌី (Russell Handy) ​មក​ពី​កង​កម្លាំង​ទ័ព​អាកាស​សហរដ្ឋអាមេរិក បាន​ដើរ​តួនាទី​សកម្ម​នៃ​ការ​ធ្វើ​លំហាត់​សម​យុទ្ធ​នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ដោយ​អ្នក​ទាំង​ពីរ​បាន​ជិះ​នៅ​លើ​យន្តហោះ​ប្រភេទ ស៊ី-១៣៥ ជាមួយ​គ្នា។

ទាំង​កង​ទ័ព​អាកាស​កម្ពុជា និង​ទ័ព​អាកាស​សហរដ្ឋ​អាមេរិក បាន​ចាត់​ទុក​ការ​ធ្វើ​លំហាត់​សមយុទ្ធ​នេះ ថា​បាន​ផ្ដល់​នូវ​បច្ចេកទេស​ដ៏​សំខាន់​ក្នុង​ការងារ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ពី​គ្រោះ​មហន្តរាយ​ផ្សេងៗ​នៅ​ថ្ងៃ​ខាង​មុខ។

អនុសេនីយ៍ឯក ចាស្ទីន ហាហ្វី (Justin Hauffe) មេបញ្ជាការ​ទីលាន​ទម្លាក់​ជំនួយ​មនុស្ស​ធម៌​នៃ​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​តាម​សំឡេង​អ្នក​បក​ប្រែ​ភាសា​នា​ទីលាន​ធ្វើ​លំហាត់​សមយុទ្ធ​ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ជំនឿ​ថា សមយុទ្ធ​នេះ និង​ផ្ដល់​​បទពិសោធន៍​ដល់​ទ័ព​អាកាស​ជា​សមាជិក​ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ពេល​ជួប​គ្រោះ​ធម្មជាតិ​ផ្សេងៗ៖ «តាម​រយៈ​សម​យុទ្ធ​នេះ​នឹង​ផ្តល់​បទពិសោធន៍​ឲ្យ​យើង ដើម្បី​ធ្វើ​ការ​ជួយ​ឧបត្ថម្ភ ឬ​ដើម្បី​ជួយ​សង្គ្រោះ​ក្នុង​ករណី​កើត​មាន​គ្រោះ​ធម្មជាតិ​នៅ​ពេល​ខាង​មុខ។ ហើយ​យើង​គិត​ថា នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​យើង​ទាំង​អស់​គ្នា ដើម្បី​ជួយ​សង្គ្រោះ​ដល់​ប្រជាជន​ដែល​រង​គ្រោះ ឬ​ជួប​គ្រោះ​ធម្មជាតិ​នៅ​ពេល​ខាង​មុខ»

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ថានទូត​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា សមាជិក ២០​ប្រទេស ដែល​ចូល​រួម​លំហាត់​សម​យុទ្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​តំបន់​ប៉ាស៊ីហ្វិក មាន​ដូច​ជា ប្រទេស​បង់ក្លាដេស ប្រ៊ុយណេ កម្ពុជា កាណាដា ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ ម៉ាល់ឌីវ ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាពូញូវហ្គីណេ (Papua New Guinea) ហ្វីលីពីន សិង្ហបុរី ស្រីលង្កា ថៃ តុងហ្គា សហរដ្ឋអាមេរិក និង​ប្រទេស​អូស្ត្រាលី។

សហរដ្ឋ​អាមេរិក បាន​ចាត់​ទុក​សម​យុទ្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​រួម​គ្នា​នេះ ថា​ជា​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ និង​ការ​សម្របសម្រួល​​ផ្នែក​យោធា​ក្នុង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក និង​អាស៊ី​ខាង​កើត ហើយ​នឹង​ផ្ដល់​ជា​មធ្យោបាយ​មួយ​សម្រាប់​ផ្លាស់​ប្ដូរ​បច្ចេកទេស​គ្នា​ក្នុង​ការងារ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស និង​ផ្លូវ​ដី ដើម្បី​គោល​បំណង​មនុស្ស​ធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។