លោក ស៊ុន ចាន់ថុល បដិសេធ​សារ​បែក​ធ្លាយ​ពី​ព័ត៌មាន​សម្ងាត់

0:00 / 0:00

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល នៅ​ថ្ងៃ​ទី​៩ ខែ​មករា បដិសេធ​សារ​អេឡិចត្រូនិក​របស់​លោក​ដែល​បាន​លេច​ធ្លាយ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ។ សារ​ដែល​អាស៊ីសេរី ទទួល​បាន​បង្ហាញ​ពី​ព័ត៌មាន​សម្ងាត់​នៃ​ទំនាក់ទំនង​ចិន-​ខ្មែរ និង​យុទ្ធសាស្ត្រ​សម្រាប់​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

​អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​ពន្យល់​បន្ថែម​ពី​លោក ស៊ុន ចាន់ថុល ជុំវិញ​ការ​បែក​ធ្លាយ​សារ​នេះ ប៉ុន្តែ​លោក​បដិសេធ​មិន​ឆ្លើយ​តប ដោយ​អះអាង​ថា​លោក​កំពុង​ជាប់​រវល់៖ «»។

សារ​ជុំវិញ​កិច្ច​ប្រជុំ​សម្ងាត់​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) ដែល​បែក​ធ្លាយ​នោះ​បង្ហាញ​ថា សម្រាប់​​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ហើយ​ចិន នឹង​ផ្ដល់​កាដូ ឬ​ជំនួយ​ចំនួន ១៥០​លាន នៅ​ក្នុង​ទិវា​ខួប​លើក​ទី​៦០​នេះ។ ចិន​ក៏​នឹង​ផ្ដល់​ជំនួយ​ផ្សេង​ទៀត​ដល់​អង្គការ​សង្គម​ស៊ីវិល​ណា​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។

នៅ​ក្នុង​ជំនួប​នោះ ប្រធានាធិបតី​ចិន ចាត់​ទុក​កម្ពុជា គឺ​ជា​មិត្ត​ស្មោះត្រង់ ហើយ​ចិន ចង់​ឲ្យ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​គ្រប់គ្រង​អំណាច ដោយ​ចិន នៅ​គាំទ្រ​ស្ថានភាព​នយោបាយ និង​ជួយ​កម្ពុជា នៅ​ពី​ក្រោយ​ខ្នង។

ប្រធានាធិបតី​ចិន ក៏​បាន​សន្យា​ជា​ច្រើន​ទៀត ជាមួយ​លោក ហ៊ុន សែន ដូចជា ចិន​នឹង​ជួយ​បណ្ដុះបណ្ដាល​សមាជិក​បក្ស​កាន់​អំណាច ជួយ​ទិញ​អង្ករ​របស់​កម្ពុជា ២​សែន​តោន​ក្នុង​មួយ​ឆ្នាំ ជំរុញ​អ្នក​វិនិយោគ​ចិន មក​កម្ពុជា​កាន់​តែ​ច្រើន ជួយ​សហការ​ក្នុង​ការ​ការពារ​រដ្ឋាភិបាល និង​ជួយ​ផ្ដល់​សម្ភារៈ​យោធា​កាន់​តែ​ច្រើន​ថែម​ទៀត។ ចំណែក​ឯ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​វិញ កម្ពុជា​ត្រូវ​តែ​ជួយ​គាំទ្រ​ចិន ហើយ​ចិន ក៏​ជួយ​រដ្ឋាភិបាល​កម្ពុជា វិញ​ដែរ។

​ចំណែក​សារ​ដែល​និយាយ​ពី​គណៈកម្មការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា បើក​កិច្ចប្រជុំ​សម្ងាត់​នៅ​ឯ​កោះ​ពេជ្រ​វិញ​បង្ហាញ​ពី​​ផែនការ​សកម្មភាព​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ រួម​មាន​ឈប់​ផ្ដល់​ជំនួយ​ដល់​គណបក្ស​តូចៗ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​គណបក្ស​ទាំង​នោះ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨។

​សារ​នេះ ក៏​បាន​បង្ហាញ​យុទ្ធសាស្ត្រ​បក្ស​កាន់​អំណាច​ទៀត​ថា គណបក្ស​កាន់​អំណាច​ត្រូវ​តែ​ប្រើប្រាស់​អំណាច និង​ផ្ដោត​អារម្មណ៍​លើ​ការ​ទទួល​ខុស​ត្រូវ​ថ្នាក់​ជាតិ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត។

​សារ​នោះ​បន្ត​ថា បង្កើត​យុវជន​មួយ​ក្រុម​សម្រាប់​ឃុំ សង្កាត់​នីមួយៗ សម្រាប់​តាមដាន​សកម្មភាព​ខុស​ច្បាប់​របស់​គណបក្ស​ប្រឆាំង។ ផ្លាស់ប្ដូរ​មេ​ភូមិ​ណា​ដែល​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​ជាដើម។

​ចំណែក​ផែនការ​សម្រាប់​ថ្នាក់​ជាតិ​វិញ មាន​ដូចជា ត្រូវ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋាភិបាល និង​ប្រព័ន្ធ​តុលាការ។ បង្កើន​គោលនយោបាយ​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​ជំនួយ​ដល់​អង្គការ​ណា​ដែល​ជួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ការ​ស្វែង​រក​ប្រជាប្រិយភាព​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា មក​វិញ ដែល​កិច្ចការ​នេះ ត្រូវ​ប្រគល់​ជូន​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច។

​សារ​នេះ​ក៏​ឲ្យ​ដឹង​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​យក​ភ្នាក់ងារ ឬ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កាល​ពី​មុន​ធ្លាប់​គាំទ្រ​បក្ស​កាន់​អំណាច​នោះ បង្កើន​ការ​ធ្វើ​ការ​ជា​ក្រុម​នៅ​ក្នុង​បក្ស បង្កើន​ការ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម (Social Media) រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​បោះឆ្នោត​ជាតិ។

​អនុវត្ត​តាមដាន​ត្រួត​ពិនិត្យ​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក បង្កើន​អ្នក​គាំទ្រ​ដែល​ជា​ក្រុម​យុវជន។ លោក ហ៊ុន សែន នឹង​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​ដោយ​ផ្ទាល់ បង្កើត​ក្រុម​សម្រាប់​ធ្វើការ​លើ​កិច្ចការ​បោះឆ្នោត និង​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​ជា​ច្រើន​ទៀត។ ក្នុង​សារ​ដោយ​ឡែក​មួយ​ផ្សេង​ទៀត លោក ស៊ុន ចាន់ថុល សរសេរ​ថា ការ​បោះឆ្នោត ឆ្នាំ​២០១៨ ខាង​មុខ ជា​ការ​បោះឆ្នោត​ដែល​គណបក្ស​កាន់​អំណាច​មិន​ងាយ​នឹង​ទទួល​យក​ជ័យជំនះ​បាន។ លោក​សរសេរ​បន្ត​ថា កាល​ពី​​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ ៦៨​កៅអី ហើយ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ៥៥។ សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ អាសនៈ​សភា​នឹង​កើន​ឡើង​ដល់ ១២៥​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា អាច​ឈ្នះ ៦៥​កៅអី ចំណែក​បក្ស​ប្រឆាំង​អាច​ឈ្នះ ៦០​កៅអី។ ហើយ​សេនារីយោ​អាក្រក់​បំផុត​សម្រាប់​បក្ស​ប្រជាជន​កម្ពុជា គឺ​បក្ស​កាន់អំណាច​បាន ៦៣ និង​បក្ស​ប្រឆាំង​បាន ៦២។ លោក​បន្ត​ថា អ្នក​បោះឆ្នោត​ជា​យុវជន​នឹង​មិន​បោះឆ្នោត​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​ទេ នៅ​ឆ្នាំ​២០១៨៕

ទាក់ទង​ករណី​នេះ សូមលោក​អ្នក​នាង​ស្ដាប់បទសម្ភាសន៍របស់​លោក ជុន ច័ន្ទបុត្រ និង​​បណ្ឌិត ឡៅ ម៉ុងហៃ ដូច​តទៅ។

ស្ដាប់​សំឡេង៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។