ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម​តែ​១​ថ្ងៃ

ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​មួយ​នៅ​ថ្ងៃ​ទី១២ កញ្ញា ឆ្លើយ​តប​ចំពោះ​ការ​ស្នើសុំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លិខិត​នោះ មាន​ខ្លឹមសារ ៤​ចំណុច គឺ​ទី១ អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី នៅ​ថ្ងៃ​ទី១៥ កញ្ញា ចាប់​ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច នៅ​ទីលាន​ប្រជាធិបតេយ្យ។ ហាម​ការ​ប្រមូល​ផ្តុំ និង​ការ​ស្នាក់នៅ​ពេល​យប់​នៅ​ទីលាន​ប្រជាធិបតេយ្យ ឬ​កន្លែង​សាធារណៈ​ផ្សេង​ទៀត ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេចក្តី​ស្ងប់ស្ងៀម​សាធារណៈ សណ្ដាប់​ធ្នាប់​សង្គម និង​ការ​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ។

ទី២ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី១៦ និង ១៧ កញ្ញា ឡើយ ដោយ​ហេតុ​ថា កាល​បរិច្ឆេទ​នេះ​ត្រូវ​ចំ​ថ្ងៃ​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋមភូមិ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ទូទាំង​ប្រទេស។ ទី៣ អនុញ្ញាត​ឲ្យ​បាតុករ​ចូល​រួម​ក្នុង​ចំនួន​មិន​លើស​ពី ១​ម៉ឺន​នាក់ ដែល​ជា​ចំនួន​អតិបរមា សមាមាត្រ​ទៅ​នឹង​ទំហំ​ទីលាន​ប្រជាធិបតេយ្យ។ ទី៤ បាតុកម្ម​ដោយ​សន្តិវិធី​នេះ ត្រូវ​ដំណើរ​ការ​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែ​មួយ​គត់ និង​ហាម​ហែ​ក្បួន​បាតុកម្ម ឬ​ដង្ហែ​ញត្តិ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដូច​ដែល​បាន​ព្រមព្រៀង​គ្នា​រវាង​សាលា​រាជធានី​ភ្នំពេញ និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កំណត់​ហេតុ​ប្រជុំ​ចុះ​ថ្ងៃ​ទី១១ កញ្ញា ឆ្នាំ​២០១៣។

លិខិត​នេះ ក្រសួង​មហាផ្ទៃ ផ្ញើ​ជូន​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។