ក្រសួង​មហាផ្ទៃ​ហាម​បក្ស​ខ្មែរ​ឈប់​ក្រ​មិន​ឲ្យ​ធ្វើ​កូដកម្ម

សំណើ​របស់​គណបក្ស​ខ្មែរ​ឈប់​ក្រ ក្នុង​ការ​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី១១ សីហា នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ច្រាល​ចោល​លទ្ធផល​បោះ​ឆ្នោត ត្រូវ​បាន​ក្រសួង​មហាផ្ទៃ បដិសេធ​ចោល​នៅ​ថ្ងៃ​ទី១០ ខែ​សីហា។

លិខិត​ឆ្លើយ​តប​ទៅ​កាន់​ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាញ ដារ៉ន ដែល​មាន​ចំណារ​ពី លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ បាន​បញ្ជាក់​ថា ការ​បដិសេធ​នេះ​ធ្វើ​ឡើង​ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ សុវត្ថិភាព​សង្គម និង​ដោយសារ​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​នៅ​មិន​ទាន់​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ឡើយ។

ថ្វី​បើ​គណបក្ស​ខ្មែរ​ឈប់​ក្រ ច្រាន​ចោល​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ដូច​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដោយ ក៏​គណបក្ស​នេះ​អះអាង​ថា នឹង​មិន​ចូល​រួម​ធ្វើ​បាតុកម្ម​ជា​មួយ​គណបក្ស​ប្រឆាំង​ដែរ លុះត្រា​តែ​ការ​តវ៉ា​នោះ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​ជា​កូដកម្ម។ នេះ​បើ​តាម​ប្រសាសន៍​របស់​អគ្គលេខាធិការ​រង​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ស៊ូ បុត្រា៖ «ខ្ញុំ​បាន​ស្ដាប់​ប្រសាសន៍​លោក​ប្រធាន គាត់​បាន​មាន​ប្រសាសន៍​នោះ គឺ​ទាក់ទង​នឹង​ការ​ធ្វើ​កូដកម្ម ហើយ​ខ្ញុំ​បាន​បដិសេធ​មិន​ធ្វើ​បាតុកម្ម ប៉ុន្តែ​បើ​សិន​ក្នុង​ករណី​ធ្វើ​កូដកម្ម​អហិង្សា អា​ហ្នឹង គឺ​យើង​ចូល​រួម​បាទ! ពីព្រោះ​បាតុកម្ម​វា​ធ្វើ​ឲ្យ​មាន​បញ្ហា​កើត​ឡើង ហើយ​វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច មាន​សង្គ្រាម​កើត​ឡើង។ ប៉ុន្តែ​ទាក់ទង​នឹង​ការ​ធ្វើ​កូដកម្ម មាន​ន័យ​ថា អហិង្សា នៅ​មួយ​កន្លែង រក្សា​នូវ​ភាព​ស្ងៀម​ស្ងាត់ ប៉ុន្តែ​យើង​បញ្ចេញ​នូវ​ឆន្ទៈ​ទាមទារ​ចង់​បាន​អ្វី​មួយ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។