ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ហែ​ក្បួន​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​ធ្នូ ត​ទៅ ក្នុង​គោលដៅ​ទាមទារ​អោយ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។ ក្នុង​គម្រោង​បាតុកម្ម​ទាំង​នោះ នឹង​មាន​ការ​ហែ​ក្បួន​ទៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​គម្រោង​ហែ​ក្បួន​នោះ ពុំ​ត្រូវ​ក្រសួង​មាន​សមត្ថកិច្ច​យល់​ព្រម​ឡើយ។

0:00 / 0:00

ក្រសួង​មហាផ្ទៃ យល់​ព្រម​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​នេះ ប៉ុន្តែ​មិន​ឲ្យ​ដង្ហែ​ក្បួន​ឡើយ ដោយ​សំអាង​ថា គណបក្ស​នេះ​ខ្វះ​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​កម្លាំង។

លិខិត​របស់​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ផ្ញើ​ជូន​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​អហិង្សា​ចំនួន ១​ថ្ងៃ គឺ​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​ធ្នូ។ បាតុកម្ម​នោះ​អាច​ចាប់​ពី​ម៉ោង ៦​ព្រឹក ហើយ​ត្រូវ​បញ្ចប់​នៅ​ម៉ោង ៦​ល្ងាច ដោយ​កំណត់​ចំនួន​អ្នក​ចូល​ចូល​រួម​មិន​ឲ្យ​លើស​ពី ១​ម៉ឺន​នាក់ ដែល​ជា​ចំនួន​សមាមាត្រ​ទៅ​នឹង​ទំហំ​ផ្ទៃ​ក្រឡា​នៃ​ទីលាន​ប្រជាធិបតេយ្យ។ ចំណែក​បាតុកម្ម​នៅ​លើក​ក្រោយ​ណា​មួយ​ទៀត គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​សមត្ថកិច្ច​សាជាថ្មី។

ទាក់ទិន​នឹង​ការ​ហាម​ប្រាម​គម្រោង​ហែ​ក្បួន​របស់​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ក្រសួង​មហាផ្ទៃ បាន​លើក​ហេតុ​ផល​ថា ដើម្បី​ធានា​សន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ និង​ឆ្លង​តាម​ការ​ធ្វើ​បាតុកម្ម​នា​ពេល​កន្លង​ទៅ​បាន​បង្ហាញ​ថា គណបក្ស​នេះ​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​កម្លាំង​ឡើយ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពុំ​បាន​ឆ្លើយ​តប​នឹង​បម្រាម​ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ នេះ​ទេ គឺ​គ្រាន់​តែ​បាន​លើក​ឡើង​ថា លោក​ទុក​អោយ​មន្ត្រី​ទទួល​បន្ទុក​បន្ត​ពិភាក្សា​បញ្ហា​នេះ។

«សំឡេង»

លោក ហូរ វ៉ាន់ ដែល​ទទួល​បន្ទុក​ចរចា​ជាមួយ​សមត្ថកិច្ច សុំ​ច្បាប់​ធ្វើ​បាតុកម្ម បាន​បញ្ជាក់​ថា គណបក្ស​បាន​សម្រេច​ថា​បាតុកម្ម​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ នេះ​នឹង​មិន​មាន​ការ​ហែ​ក្បួន​ឡើយ គឺ​គ្រាន់​តែ​ជា​ការ​ជួប​ប្រជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​ចាប់​ផ្ដើម​ពី​ម៉ោង ២​រសៀល។ យ៉ាង​ណា លោក ហូរ វ៉ាន់ អះអាង​ថា នៅ​ថ្ងៃ​អាទិត្យ សប្ដាហ៍​ក្រោយៗ​ទៀត ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ត​ទៅ នឹង​មាន​ការ​ហែ​ក្បួន ហើយ​ជា​ការ​តវ៉ា​ទាំង​យប់​ទាំង​ថ្ងៃ។

ចំ​ពោះ​មន្ត្រី​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ មិន​គួរ​ហាម​ប្រាម​ការ​ហែ​ក្បួន​បាតុកម្ម ដោយ​សំអាង​ហេតុ​ផល​សន្តិសុខ សុវត្ថិភាព​ឡើយ។ លោក​បន្ត​ថា ទាំង​អ្នក​ធ្វើ​បាតុកម្ម និង​អាជ្ញាធរ គួរ​សម្រប​សម្រួល​ដោះស្រាយ​ចំណុច​ខ្វះ​ខាត ដើម្បី​អោយ​ពលរដ្ឋ​បាន​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន។

«សំឡេង»

កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា កន្លង​ទៅ ដែល​ជា​ថ្ងៃ​ទី​១​នៃ​មហា​បាតុកម្ម​លើក​ដំបូង​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​យុវជន​ម្នាក់ ឈ្មោះ ម៉ៅ សុខចន្ទ ត្រូវ​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​មួយ​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់។ ករណី​នេះ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា បញ្ហា​នោះ​បាន​កើត​ចេញ​ពី​ការ​រារាំង​បិទ​ផ្លូវ​របស់​សមត្ថកិច្ច ដែល​ធ្វើ​អោយ​ពលរដ្ឋ​មាន​ការ​ខឹង​សម្បារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។