លោក ខៀវ សុភ័គ៖ «លិខិតរបស់ក្រសួងមហាផ្ទៃ នេះ ជាលិខិតថ្លែងអំណរគុណ ដែលធ្វើឡើងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា មិនមែនក្នុងនាមបុគ្គល ឬគណបក្សនយោបាយណាទេ។ ការថ្លែងអំណរគុណនេះ គឺចំពោះអង្គការសមាគមស៊ីវិលទាំងអស់ និងអង្គការមិនមែនរដ្ឋាភិបាលដែលបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អប្រសើរ ដើម្បីអភិវឌ្ឍដល់ការរីកចម្រើនរបស់ប្រទេសជាតិយើងហ្នឹង នេះជាចំណុចទី១។ ចំណុចទី២ ខ្ញុំគិតថា ប្រតិកម្មរបស់ លោក ធន សារាយ នេះ គឺជាប្រតិកម្មលើកឡើងក្នុងនាមខ្លួនលោកផ្ទាល់ទេ មិនមែនជាមតិរបស់អង្គការសមាគមជាង ៣.០០០ ដែលកំពុងបំពេញការងារនៅកម្ពុជា យើងនោះទេ។ ហើយគាត់មិនមែនជាតំណាងរបស់អង្គការសមាគមដទៃទៀត ដែលបំពេញការងារនៅកម្ពុជា នោះទេ។ ទី៣ យើងចាត់ទុកថា លោក ធន សារាយ ដូចជារអៀសខ្លួនឯង។ ពាក្យខ្មែរថា រអៀសខ្លួនឯង ដែលគេថា គោដំបៅខ្នង ពេលឃើញក្អែកហើររំលង រំសាយកន្ទុយ។ នេះជាការយល់ឃើញរបស់ខ្ញុំទេណា»។
កាលពីថ្ងៃទី១១ កញ្ញា ក្រសួងមហាផ្ទៃ បានចេញផ្សាយលិខិតមួយមានខ្លឹមសារជាអាទិ៍ថា ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា មានអង្គការសង្គមស៊ីវិល សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច កំពុងតែគាំទ្រដល់បុគ្គល និងគណបក្សនយោបាយមួយ តាមរយៈការធ្វើសកម្មភាពនានាដោយផ្ទាល់ ឬដោយប្រយោល ជាសេចក្តីថ្លែងការណ៍ ឬជាសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សនយោបាយមួយ ឬធ្វើការចលនាឲ្យប្រជាពលរដ្ឋធ្វើបាតុកម្មតវ៉ា ប្រឆាំងទៅនឹងបុគ្គល ឬគណបក្សនយោបាយមួយ ឬស្ថាប័នជាតិ ឬរបស់រាជរដ្ឋាភិបាល ក៏ដូចជាលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣។ ទង្វើ និងសកម្មភាពទាំងនោះ មានលក្ខណៈផ្ទុយពីលក្ខន្តិកៈរបស់អង្គការសង្គមស៊ីវិល សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងច្បាប់នានាជាធរមាន។
នៅមុនការបោះឆ្នោតថ្ងៃទី២៨ កក្កដា កន្លងទៅ មានអង្គការសមាគមចំនួន២ ដែលបានប្រកាសជាសាធារណៈ ឲ្យសមាជិករបស់ខ្លួនបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ។ អង្គការទាំង២នោះ គឺសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និង លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឲ្យដឹងថា ទង្វើរបស់លោកមិនខុសជាមួយលក្ខន្តិកៈរបស់អង្គការលោកទេ ពីព្រោះអង្គការសមាគម និងសហជីពរបស់លោក គ្រាន់តែចង្អុលបង្ហាញប្រាប់សមាជិកខ្លួនអំពីអ្វីដែលរីកចម្រើន និងមិនរីកចម្រើនប៉ុណ្ណោះ ហើយម៉្យាងទៀត សកម្មភាពពួកលោកមិនមែនធ្វើសកម្មភាពដើម្បីដណ្ដើមអំណាចគ្រប់គ្រងរដ្ឋ ដូចគណបក្សនយោបាយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
