ក្រសួង​មហាផ្ទៃ​ស្នើ​ឲ្យ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ដោយ​តម្លាភាព

ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​មួយ​ចុះ​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៣ ស្នើ​អោយ​អង្គការ សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​តម្លាភាព និង​អព្យាក្រឹតភាព។

លិខិត​សរសេរ​ថា សព្វថ្ងៃ​មាន​អង្គការ​សមាគម​មួយ​ចំនួន កំពុង​ផ្តល់​ការ​គាំទ្រ​ដល់​បុគ្គល និង​គណបក្ស​នយោបាយ​មួយ តាម​រយៈ​ការ​ធ្វើ​សកម្មភាព​នានា ដូច​ជា​ការ​អំពាវនាវ​អោយ​ពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​មួយ ឬ​ការ​ធ្វើ​ចលនា​អោយ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​ទៅ​នឹង​បុគ្គល ឬ​គណបក្ស​នយោបាយ​មួយ ឬ​ស្ថាប័ន​របស់​ជាតិ ឬ​របស់​រដ្ឋាភិបាល ឬ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ជាដើម។ សកម្មភាព​ទាំង​នោះ មាន​លក្ខណៈ​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​អង្គការ​សង្គម​ស៊ីវិល សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ និង​ច្បាប់​នានា​ជា​ធរមាន។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លិខិត​មិន​បាន​បញ្ជាក់​ឈ្មោះ​គណបក្ស​នយោបាយ​ដែល​ថា​មាន​អង្គការ​សង្គម​ស៊ីវិល ជួយ​គាំទ្រ​ពី​ក្រោយ​នោះ​ទេ ហើយ​លិខិត​ក៏​មិន​បាន​បញ្ជាក់​ឈ្មោះ​អង្គការ សមាគម​ដែល​គាំទ្រ​គណបក្ស​នយោបាយ​មួយ​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។