យុវជនកម្ពុជា មួយចំនួន ចង់ឃើញបេក្ខភាពនាយករដ្ឋមន្ត្រីជជែកពិភាក្សាវែកញែកជាសាធារណៈពីយុទ្ធសាស្ត្រគោលនយោបាយ និងរបៀបគ្រប់គ្រងប្រទេស។ យុវជនយល់ថា នេះជាទម្រង់មួយនៃប្រកួតប្រជែងមានលក្ខណៈថ្លៃថ្នូរ និងគួរយកជាគំរូ ដើម្បីប្រកួតយកតំណែងដឹកនាំរដ្ឋាភិបាល និងអភិវឌ្ឍប្រទេស។
យុវជនជាសិស្ស និស្សិត អ្នកធ្វើការជាង ៤០០នាក់ បានចូលរួមធ្វើជាសាក្សី និងធ្វើជាចៅក្រមការប្រកួតជជែកពិភាក្សាគំរូបេក្ខភាពនាយករដ្ឋមន្ត្រី។
ការជជែកដេញដោលជាភាសាអង់គ្លេស នៅថ្ងៃទី៩ តុលា នេះ បើកវេទិកាឲ្យបេក្ខជនជម្រុះចុងក្រោយ ៤រូបប្រកួតប្រជែងគ្នាដោយប្រើគំនិត និងប្រាជ្ញា បង្ហាញយុទ្ធសាស្ត្រដើម្បីទាញយកប្រជាប្រិយភាព និងសំឡេងឆ្នោតគាំទ្រ។
គំរូបេក្ខភាពនាយករដ្ឋមន្ត្រីពិភាក្សាដេញដោលគ្នាលើគោលនយោបាយវិស័យធំៗបីរបស់ប្រទេសកម្ពុជា រួមមាន ការអប់រំ កសិកម្ម និងឧស្សាហកម្ម។
ការជជែកនេះ រៀបចំឡើងដោយក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី (Himawari) រាជធានីភ្នំពេញ ហើយធ្វើឡើងជាពីរវគ្គ ដែលមួយវគ្គមានបេក្ខជន ២រូប។ បេក្ខជនបានលើកយកពីគោលនយោបាយរៀងខ្លួនមកបង្ហាញ ដើម្បីបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋ ឬអ្នកចូលរួមដែលជាយុវជនបោះឆ្នោតឲ្យ។
និស្សិតឆ្នាំទីពីរ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាម្ចាស់ឆ្នោតម្នាក់ កញ្ញា ដយ ពេជ្រទីណា វ័យ ១៨ឆ្នាំ កំពុងពិភាក្សាជាមួយមិត្តភ័ក្ដិនាងពីការពិភាក្សារវាងគំរូបេក្ខភាពនាយករដ្ឋមន្ត្រី។ នាងកំពុងស្ទាក់ស្ទើរក្នុងការសម្រេចចិត្តថា គួររើសគំរូបេក្ខជនមួយណា ដោយនាងថាបេក្ខជនទាំងពីរមានចំណុចពិសេសរៀងខ្លួន។ ទីណា យល់ថា ការបង្កើតឲ្យមានការពិភាក្សាបែបនេះមែនទែនមុនការបោះឆ្នោត ជាមធ្យោបាយសន្តិភាព និងថ្លៃថ្នូរ ដើម្បីឲ្យអ្នកឈរតំណែងដណ្ដើមយកកៅអីមេដឹកនាំប្រទេស បង្ហាញសមត្ថភាពពិតប្រាកដដើម្បីឲ្យពលរដ្ឋបានយល់ដឹង មុននឹងសម្រេចបោះឆ្នោតឲ្យ៖ « ខ្ញុំគិតថាវាល្អខ្លាំងមែនទែន ដោយសារតែយើងអាចដឹងពីសមត្ថភាព និងការយល់ដឹងរបស់បេក្ខភាពដែលយើងបោះឆ្នោតឲ្យ។ មួយទៀត យើងអាចសិក្សាស្វែងយល់ពីគំនិតដែលគាត់គិតលើប្រធានបទដែលគាត់ពិភាក្សា ហើយវាសន្តិភាពជាងអ្វីដែលយើងធ្វើដូចរាល់ថ្ងៃ។ ខ្ញុំគិតថាវាល្អមែនទែន។ ខ្ញុំចង់ឲ្យវា ( ការពិភាក្សារវាងបេក្ខភាពនាយករដ្ឋមន្ត្រី ) កើតឡើង »។
ជ័យលាភីម្នាក់នៃការប្រកួតគំរូបេក្ខភាពនាយករដ្ឋមន្ត្រី កញ្ញា ឈិ សុខទិនផល្លីន និយាយទាំងញញឹមញញែមថា វាជាកិត្តិយសមួយសម្រាប់រូបនាងដែលទទួលបានជ័យលាភី ពិសេសបានចែករំលែកគំនិត និងគោលនយោបាយជាមួយសាធារណជន ដែលតំណាងឲ្យម្ចាស់ឆ្នោត។ អ្វីដែលរូបនាងចង់ឃើញនោះ គឺចង់ឲ្យមានការជជែកពិភាក្សាដូចគ្នានេះកើតឡើងមែនទែន សម្រាប់ការបោះឆ្នោតជាតិនាពេលខាងមុខ៖ « ខ្ញុំចង់ឲ្យមានមិនត្រឹមតែរវាងគណបក្សមួយ និងគណបក្សមួយទេពេលជិតបោះឆ្នោត តែចង់ឲ្យបេក្ខជនក្នុងគណបក្សហ្នឹងដែលលេចធ្លោជាងគេ ចង់ឲ្យគាត់បញ្ចេញយោបល់រៀងខ្លួន ដើម្បីចង់ដឹងថា តើក្នុងគណបក្សហ្នឹងនរណាដែលសមធ្វើជានាយករដ្ឋមន្ត្រី »។
ប្រធានក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក កេត មុន្នីវឌ្ឍនា ថ្លែងនៅក្នុងសុន្ទរកថាបើកការពិភាក្សាថា ការជជែកតទល់រវាងបេក្ខភាពនាយករដ្ឋមន្ត្រី ជាការប្រយុទ្ធគ្នាដើម្បីកាន់អំណាចដោយប្រើកម្លាំងគំនិត និងប្រាជ្ញា។
ចំណែកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ៍(William Heidt) ដែលធ្វើគណៈកម្មការផ្ដល់ពិន្ទុសម្រាប់ការពិភាក្សានេះ ឲ្យដឹងថា ការជជែកដេញដោលរវាងបេក្ខភាពប្រធានាធិបតី ជាប្រពៃណីនៃនយោបាយការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ដែលផ្ដល់វេទិកាឲ្យអ្នកនយោបាយផ្លាស់គំនិតគោលនយោបាយ។ លោកសង្ឃឹមថា ការពិភាក្សាបែបនេះនឹងត្រូវរៀបចំឡើងនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។