មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ប្រាប់ទៅគណបក្សសង្គ្រោះជាតិថា បើនៅតែយល់ថា សមាជរបស់ខ្លួនធ្វើឡើងត្រឹមត្រូវតាមលក្ខន្តិកៈបក្ស មិនដូចទៅនឹងការលើកឡើងនៃខ្លឹមសារលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នោះ គណបក្សសង្គ្រោះជាតិ អាចប្ដឹងទាស់ទៅតុលាការកំពូលបាន។ ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ សុំមិនឆ្លើយតបនៅឡើយ ដោយរង់ចាំការជួបចរចាគ្នានៅចុងខែមីនា នេះសិន។
ក្រសួងមហាផ្ទៃ នៅតែប្រកាន់ជំហររបស់ខ្លួនថា សមាជវិសាមញ្ញរបស់បក្សសង្គ្រោះជាតិ ធ្វើខុសលក្ខន្តិកៈបក្សដែលតម្កល់ទុកនៅក្រសួងកាលពីឆ្នាំ២០១៣។ រីឯអ្នកតាមដានស្ថានការណ៍នយោបាយយល់ថា គណបក្សសង្គ្រោះជាតិ អាចប្រឈមនឹងការរំលាយចោល ដូច្នេះគណបក្សនេះគួរសម្លឹងមើលគណបក្សដៃគូក្រៅរដ្ឋាភិបាលដើម្បីឲ្យគណបក្សនេះជ្រកក្រោយស្លាកគណបក្សដៃគូក្នុងការប្រកួតប្រជែងការបោះឆ្នោត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឆ្លើយតបទៅនឹងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថា បើគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរថា ការធ្វើសមាជវិសាមញ្ញរបស់ខ្លួនត្រឹមត្រូវតាមលក្ខន្តិកៈបក្សគណបក្សនេះ អាចប្ដឹងទៅតុលាការកំពូលដើម្បីវិនិច្ឆ័យបាន។ លោក ខៀវ សុភ័គ នៅតែរក្សាជំហររបស់ខ្លួនដែលរកឃើញថា សមាជវិសាមញ្ញគណបក្សសង្គ្រោះជាតិ បោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងលោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជាអនុប្រធានគណបក្សសង្គ្រោះជាតិ គឺអនុវត្តផ្ទុយនឹងលក្ខន្តិកៈគណបក្ស៖ « តាមតែគាត់ ( គណបក្សសង្គ្រោះជាតិ ) យល់ឃើញទេ ខ្ញុំមិនហ៊ានបង្ខំគាត់ទេ បើគាត់យល់ថាត្រូវ គាត់ត្រូវទៅរកអាជ្ញាកណ្ដាលមួយមានតែតុលាការកំពូលទេ » ។

ការថ្លែងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បែបនេះ ក្រោយមួយថ្ងៃបន្ទាប់ពីអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានផ្ដល់បទសម្ភាសន៍មកអាស៊ីសេរី កាលពីថ្ងៃទី២៤ ខែមីនា ថា គណបក្សសង្គ្រោះជាតិ បានជូនដំណឹងដល់ក្រសួងមហាផ្ទៃ រួចរាល់ហើយអំពីការកែប្រែសមាសភាពក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស។ លោកអះអាងថា សមាជបក្សធ្វើឡើងត្រឹមត្រូវតាមលក្ខន្តិកៈបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
ចំណែកអ្នកឃ្លាំមើលស្ថានការណ៍នយោបាយយល់ថា ស្ថានការណ៍នយោបាយនៅពេលនេះគឺកំពុងរាំងខ្ទប់មិនឲ្យគណបក្សសង្គ្រោះជាតិ រកច្រកចេញដែលអាចនឹងឈានដល់ការរំលាយគណបក្សចោល។ អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ផ្ដល់គំនិតថា គណបក្សប្រឆាំងគួរចាប់ផ្ដើមសម្លឹងមើលគណបក្សនយោបាយឲ្យបានមួយ ឬពីរ ទុកឲ្យហើយដើម្បីការពារគណបក្សនេះត្រូវរំសាយចោល មានគណបក្សផ្សេងដែលអាចត្រូវចាប់ដៃគូបាន៖ « អ៊ីចឹងប្រសិនសង្គ្រោះជាតិពិចារណានៅក្នុងការរកមើលដៃគូពីបីទៀតដើម្បីត្រៀមលក្ខណៈរៀបចំខ្លួន ដើម្បីធ្វើការទំនាក់ទំនងគ្នា បើមិនទាន់ចូលគ្នាក៏ចាប់ដៃគ្នាធ្វើការពីឥឡូវទៅណា » ។
គណបក្សសង្គ្រោះជាតិ បានធ្វើសមាជវិសាមញ្ញមួយកាលពីថ្ងៃទី២ ខែមីនា ជ្រើសរើសលោក កឹម សុខា ធ្វើប្រធានជំនួសលោក សម រង្ស៊ី ជាការឆ្លើយតបទៅនឹងព្រមានរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជំរុញអោយកែច្បាប់ស្ដីពីគណបក្សនយោបាយមានមិនឲ្យអ្នកទោសធ្វើប្រធានអនុប្រធាន និងជាសមាជិកគណៈកម្មការនាយករបស់គណបក្សនយោបាយ។
ក្នុងពេលនោះដែរ លោកនាយករដ្ឋមន្ត្រីក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើលិខិតអបអរលោក កឹម សុខា។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែមីនា បានផ្ញើលិខិតប្រាប់ទៅលោក យឹម សុវណ្ណ ថា សមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ ដែលជ្រើសរើសក្បាលម៉ាស៊ីនបក្សនេះ អនុវត្តផ្ទុយនឹងមាត្រា៤៧ ចំណុចទី២ នៃលក្ខន្តិកៈគណបក្ស ដែលចែងថា រយៈពេល ១៨ខែ ក្រោយប្រធានគណបក្សលាលែងទើបអាចជ្រើសរើសប្រធានថ្មីបាន។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មិនឆ្លើយតបយ៉ាងណាទៅក្រសួងមហាផ្ទៃ ដោយរង់ចាំការជួបចរចាគ្នានៅចុងខែមីនា នេះ៖ « អ្វីសំខាន់ គឺយើងត្រូវតែជជែកទៅគ្នាសិនទៅ ព្រោះរឿងនេះយើងមិនទាន់ជជែកគ្នា។ ដូច្នេះយើងមិនទាន់សន្និដ្ឋានយ៉ាងម៉េចទេបាទ » ។
ក្រោយពីលោក ស ខេង ប្រកាសមិនទទួលស្គាល់សមាជរបស់គណបក្សសង្គ្រោះជាតិ គណបក្សនេះចាត់តាំងមន្ត្រីជាន់ខ្ពស់ ៥រូប ដើម្បីជជែកដោះស្រាយបញ្ហាជាមួយក្រសួង។ ជាលទ្ធផល ក្រសួងមហាផ្ទៃ យល់ព្រមជួបនិយាយថ្ងៃទី២៩ ខែមីនា ដោយចាត់តាំងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន ដែលជំនួបនេះធ្វើនៅទីស្ដីការក្រសួងមហាផ្ទៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
