លោក ស ខេង ព្រមាន​លោក សម រង្ស៊ី រឿង​ធ្វើ​បាតុកម្ម

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ផ្ញើ​លិខិត​មួយ​ទៅ លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៨ ខែ​សីហា ព្រមាន​ពី​ការ​ធ្វើ​មហា​បាតុកម្ម។ នេះ​ជា​ការ​ព្រមាន​លើក​ទី២ របស់​ក្រសួង​មហាផ្ទៃ ក្នុង​កំឡុង​ពេល​ជាង ១​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​សន្ទុះ​មហាជន​ជាច្រើន​ស្ទើរ​ទូទាំង​ប្រទេស ដែល​គាំទ្រ លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​តវ៉ា​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥។

0:00 / 0:00

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត ចេញ​លិខិត​ព្រមាន​ដល់​លោក សម រង្ស៊ី និង​អ្នក​ចូល​រួម​បាតុកម្ម ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ក្នុង​ករណី​បង្ក​បាតុកម្ម​ហិង្សា បំផ្លិចបំផ្លាញ​សន្តិសុខ​ជាតិ។

លោក ស ខេង បញ្ជាក់​ក្នុង​លិខិត​ថា ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដើម្បី​តវ៉ា​លើ​បញ្ហា​ណា​មួយ ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​អ្នក​ដឹក​នាំ​បាតុកម្ម និង​បាតុករ ត្រូវ​គោរព​បទប្បញ្ញត្តិ​នានា​នៃ​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

ក្នុង​ករណី​ការ​ធ្វើ​បាតុកម្ម​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​បំផ្លិច​បំផ្លាញ​ដល់​សន្តិសុខ​ជាតិ បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ឬ​ឯកជន និង​សណ្ដាប់​ធ្នាប់​សាធារណៈ អ្នក​ដឹក​នាំ​ធ្វើ​បាតុកម្ម និង​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​អំពី​ផល​វិបាក​នានា ដែល​កើត​ឡើង​ពី​ការ​ធ្វើ​បាតុកម្ម​នេះ។

នេះ​ជា​លិខិត​ព្រមាន​លើក​ទី២ របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ផ្ញើ​ទៅ លោក សម រង្ស៊ី នៅ​បន្ទាប់​ពី​ក្នុង​ពិធី​ជួប​សំណេះ​សំណាល និង​ថ្លែង​អំណរ​គុណ​ដល់​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​កន្លង​មក លោក សម រង្ស៊ី និង លោក កឹម សុខា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ត្រៀម​ខ្លួន​ចូល​រួម​ធ្វើ​មហា​បាតុកម្ម តវ៉ា​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥។ អ្នក​គាំទ្រ​ក៏​បាន​ប្រកាស​នឹង​ចូល​រួម​ដែរ ប្រសិន​បើ​លទ្ធផល​ឆ្នោត​ប្រកាស​ដោយ គ.ជ.ប បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ចាញ់។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ ខែ​សីហា បញ្ជាក់​ថា ក្នុង​ករណី​ចាំបាច់​ដែល​ឈាន​ទៅ​ដល់​ការ​ធ្វើ​បាតុកម្ម​នោះ នឹង​ធ្វើ​ទៅ​តាម​ច្បាប់ និង​គោរព​ច្បាប់ គឺ​ជា​បាតុកម្ម​អហិង្សា។ ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្ត​បទ​ល្មើស ធ្វើ​ទង្វើ​ផ្ទុយ​ពី​ច្បាប់ គឺ​ជន​នោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ។ រីឯ​មេ​ដឹក​នាំ​បាតុកម្ម បាន​ប្ដេជ្ញា​ចិត្ត​ថា ជា​បាតុកម្ម​អហិង្សា ដោយ​សន្តិវិធី៖ «ធ្វើ​ដោយ​គោរព​ច្បាប់ ដោយ​អត់​មាន​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ ប៉ះពាល់​ទៅ​ដល់​ទ្រព្យ​សម្បត្តិ​សាធារណៈ ឬ​ទ្រព្យ​សម្បត្តិ​ឯកជន​នោះ​ទេ។ អ្នក​ណា​ដែល​ប៉ះពាល់​ដូច​បាន​រៀប​រាប់​ខាង​លើ គឺ​អ្នក​ហ្នឹង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់ អា​ហ្នឹង​ឲ្យ​ច្បាស់»

លោក សម រង្ស៊ី បាន​ចាក​ចេញ​ពី​ប្រទេស​ដោយ​ទៅ​ចូល​រួម​ពិធី​មង្គលការ​កូន​ស្រី​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៦ សីហា។

អ្នក​វិភាគ​សង្គម​យល់​ថា មហា​បាតុកម្ម​នឹង​មិន​ទាន់​កើត​ឡើង​ភ្លាមៗ​ទេ នៅ​ពេល​ដែល លោក សម រង្ស៊ី នៅ​បរទេស។ បាតុកម្ម​របស់​ពលរដ្ឋ​អាច​កើត​ឡើង​ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត ឬ​ក្រោយ​ថ្ងៃ​ដែល គ.ជ.ប បែង​ចែក​កៅអី​រដ្ឋសភា​ឲ្យ​ទៅ​គណបក្ស​ផ្សេង ឬ​ក្រោយ​ថ្ងៃ​ប្រជុំ​សភា​លើក​ដំបូង។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត កំពុង​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លើ​ការ​គណនា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឡើង​វិញ មុន​នឹង​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៅ​ចន្លោះ​ថ្ងៃ​ទី១៤ ខែ​សីហា ដល់​ថ្ងៃ​ទី៨ ខែ​កញ្ញា ខាង​មុខ​នេះ។

យ៉ាង​ណា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា ដោយ​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​កង្វះ​តម្លាភាព ចំពោះ​ការ​ផ្ទៀងផ្ទាត់​លើ​ការ​គណនា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ ដែល​ធ្វើ​ឡើង​ដោយ គ.ជ.ប ដោយសារ​តែ គ.ជ.ប មិន​បាន​បង្ហាញ​នូវ​ក្រដាស​ទម្រង់​លទ្ធផល​បឋម​ពី​ការិយាល័យ​បោះ​ឆ្នោត​នីមួយៗ​ដល់​សង្គម​ស៊ីវិល សម្រាប់​ផ្ទៀងផ្ទាត់ ហើយ​បែរ​ជា​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​រាប់​តួលេខ​ដែល​ប្រមូល​បាន​ពី​កុំព្យូទ័រ​ក្នុង​កម្មវិធី​អ៊ិចសែល (Excel) ទៅ​វិញ។

កាល​ពី​ឆ្នាំ​១៩៩៨ ធ្លាប់​មាន​បាតុកម្ម​តវ៉ា​លទ្ធផល​បោះ​ឆ្នោត​ម្តង​ហើយ ដោយ​មាន​ការ​បង្ក្រាប​យ៉ាង​ខ្លាំង​ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​បាន​រង​របួស និង​បាត់​ខ្លួន។ ការ​បង្ក្រាប​បាតុករ​នៅ​ពេល​នោះ មាន​ប្រើ​ទាំង​ឡាន​ទឹក ការ​បាញ់​កាំភ្លើង​គំរាម និង​ការ​ចាប់​ខ្លួន​មនុស្ស​នៅ​កន្លែង​កើត​ហេតុ​តែ​ម្តង។

ពលរដ្ឋ​បារម្ភ​ខ្លាច​បាតុកម្ម​ផ្ទុះ​ឡើង​បង្ក​អំពើ​ហិង្សា

ទន្ទឹម​នឹង​ការ​ព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អំពី​រឿង​បាតុកម្ម​នេះ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ព្រួយ​បារម្ភ​ជា​ខ្លាំង ខ្លាច​មាន​ចលនា​បះបោរ ឬ​មហា​បាតុកម្ម​តវ៉ា​ផ្ទុះ​ឡើង​នៅ​ពេល​បក្ស​សង្គ្រោះ​ជាតិ មិន​សុខ​​​ចិត្ត​ទទួល​យក​លទ្ធផល​ឆ្នោត ដែល​បក្ស​នេះ​តវ៉ា​ថា គឺ​ពួកគេ​ទេ​ជា​អ្នក​បាន​ឈ្នះ។

ប្រជាពលរដ្ឋ​ភាគ​ច្រើន​ព្រួយបារម្ភ​ខ្លាច​មហា​បាតុកម្ម​ផ្ទុះ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ នាំ​ឲ្យ​មាន​អំពើ​ហិង្សា ហើយ​​ដាច់​ស្បៀង ដាច់​ភ្លើង​អគ្គិសនី និង​ប្រព័ន្ធ​ទឹក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ក្នុង​ពេល​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត បន្ទាប់​ពី គ.ជ.ប ប្រកាស​លទ្ធផល​ឆ្នោត​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ សីហា។

ប្រជាពលរដ្ឋ​ខ្លះ​ព្រួយ​បារម្ភ ដោយ​នាំ​គ្នា​ត្រៀម​ទិញ​ស្បៀង​បម្រុង​ទុក ខណៈ​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ស្ថិត​នៅ​ធម្មតា។

ប្រជាពលរដ្ឋ​រស់​នៅ​សង្កាត់​បឹងសាឡាង រាជធានី​ភ្នំពេញ លោក ពិល លុង អាយុ​ជាង ៣០​ឆ្នាំ ​កំពុង​ដើរ​ទិញ​ឥវ៉ាន់​នៅ​ផ្សារ ថ្ងៃ​ទី​៨ សីហា បញ្ជាក់​ថា លោក​ចង់​នាំ​ក្រុម​គ្រួសារ​លោក​ទៅ​ស្នាក់​នៅ​ស្រុក​កំណើត​មួយ​រយៈ​សិន ព្រោះ​ខ្លាច​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ពេល​ប្រកាស​លទ្ធផល​សន្លឹក​ឆ្នោត។

លោក ពិល លុង៖ «ភ័យ! ដូច​ជា​ញញើតៗ​យ៉ាង​ម៉េច​មិន​ដឹង​ទេ។ ម៉ែ​គាត់​ឲ្យ​ទៅ​នៅ​ក្រចេះ​ដែរ ទៅ​ក្រចេះ ចាំ​គេ​រៀបចំ​រួច​ចាំ​ឲ្យ​មក​វិញ។ ភ័យ​ខ្លាច​ថា យើង​អត់​ភ័យ​រឿង​បាតុកម្ម​ទេ ​ប៉ុន្តែ​ដល់​ពេល​មាន​បាតុកម្ម​ទៅ ខ្លាច​តែ​ម្ខាង​ទៀត​មក​ច្របូកច្របល់​ មក​ធ្វើ​បាប​បាតុករ ខ្លាច។ ទិញ​អង្ករ ទឹក​ត្រី ទឹកស៊ីអ៊ីវ ឲ្យ​ច្រើន​ទុក​ក្នុង​ផ្ទះ»

លោក​ថា លោក​ព្រួយ​ដូច្នេះ​ដោយ​សារ​វិទ្យុ​និង​ទូរទស្សន៍​ផ្សាយ​ព្រះ​រាជសារ​ព្រះមហាក្សត្រ​សុំ​ឲ្យ​​តំណាង​បក្ស​ប្រជាជន និង​បក្ស​សង្គ្រោះ​ជាតិ ពិភាក្សា​គ្នា​ដោយ​សន្តិភាព​ជៀសវាង​អំពើ​ហិង្សា​កើត​ឡើង។

កាល​ពី​ថ្ងៃ​ទី​៧ សីហា ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជសារ​ថា គ.ជ.ប នឹង​ប្រកាស​លទ្ធផល​ឆ្នោត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤ សីហា​ ដល់​ថ្ងៃ​៨ កញ្ញា ហើយ​ព្រះអង្គ​ក៏​ព្រួយ​ព្រះទ័យ​ខ្លាច​មាន​ទំនាស់​ហិង្សា​នយោបាយ​អាច​បង្ក​ឡើង​ដោយ​បក្ស​នយោបាយ​ពីរ​ដែល​​​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន ហើយ​ព្រះអង្គ​អំពាវនាវ​សុំ​ឲ្យ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

ស្រប​ពេល​នេះ​ដែរ ក្រសួង​មហាផ្ទៃ​ក៏​បាន​​ផ្ញើ​លិខិត​​មួយ​​ទៀត​​ទៅ​លោក សម រង្ស៊ី ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៨ សីហា ​ព្រមាន​ថា ​ប្រសិន​បើ​មាន​ផ្ទុះ​អំពើ​ហិង្សា ឬ​ខូចខាត​ទ្រព្យ​សម្បត្តិ​ក្នុង​ពេល​​ធ្វើ​មហា​បាតុកម្ម​នោះ​ អ្នក​ដឹក​នាំ​បាតុកម្ម និង​អ្នក​ប្រព្រឹត្ត ត្រូវ​ប្រឈម​​មុខ​ទទួល​ខុស​ត្រូវ​​តាម​ច្បាប់។

ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ​ខ្លះ​​មិន​​បាន​ព្រួយបារម្ភ​អំពី​រឿង​នេះ​ទេ ​ព្រោះ​ធ្លាប់​​មាន​បទពិសោធន៍​ឆ្លង​​រឿង​ជម្លោះ​នយោបាយ​ច្រើន​ជំនាន់​មក​ហើយ ហើយ​យល់​​ថា ​បើ​សិន​ជា​មាន​មហា​បាតុកម្ម​ផ្ទុះ​ឡើង​មែន ក៏​មិន​គ្រោះថ្នាក់​​ធ្ងន់ធ្ងរ​​ដូច​ស្រុក​កើត​សង្គ្រាម​ជាង ៣០​ឆ្នាំ​កន្លង​មក​ដែរ។

ទាក់ទង​នឹង​ការ​ព្រួយ​បារម្ភ​អំពី​មហា​បាតុកម្ម​ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ជឿ​ថា នឹង​អាច​ផ្ទុះ​ឡើង​បាន ​​ដោយសារ​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​នេះ​ អ្នក​នាំ​ពាក្យ​បក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​​​ថា មន្ត្រី​តំណាង​បក្ស​​​សង្គ្រោះ​ជាតិ ព្យាយាម​ដោះ​ស្រាយ​បញ្ហា​​ជាមួយ​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ដែល​លោក​ចោទ​ថា​ បាន​លួច​បន្លំ​សន្លឹក​ឆ្នោត​នោះ​ដោយ​សន្តិវិធី​មុន​នឹង​សម្រេច​​ធ្វើ​មហា​បាតុកម្ម។

លោក យឹម សុវណ្ណ៖ «គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​ព្រះរាជសារ​របស់​ព្រះ​មហាក្សត្រ​ទាំង​ស្រុង ហើយ​យើង​មិន​ចង់​ឲ្យ​អ្នក​ណា​ប្រើ​អំពើ​ហិង្សា ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​មក​លើ​ប្រជាពលរដ្ឋ​ទេ។ អ្វី​ដែល​យើង​កំពុង​ធ្វើ​គឺ​ជា​មធ្យោបាយ​សន្តិវិធី​ជំរុញ​យន្តការ​ដោះស្រាយ​បញ្ហា​អយុត្តិធម៌ បញ្ហា​ភាព​មិន​ប្រក្រតី​ដោយ​សន្តិវិធី។ គណបក្ស​សង្គ្រោះ​ជាតិ​ខំ​ដោះស្រាយ​ដោយ​សន្តិវិធី។ បាតុកម្ម​ជា​ជម្រើស​ចុង​ក្រោយ​បំផុត​បើ​សិន​គ្មាន​ដំណោះ​ស្រាយ​ណា គ្មាន​ការ​ប្រែ ឬ​ផ្លាស់ប្ដូរ​អ្វី​ទាល់​តែ​សោះ អាច​នឹង​ជា​ជម្រើស​ចុង​ក្រោយ»

ប្រទេស​កម្ពុជា បាន​ប្រកាន់​យក​របប​លទ្ធិ​ប្រជាធិបតេយ្យ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣។ ចាប់​តាំង​ពី​ពេល​នោះ​មក ​ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ ឬ​ជ្រើសរើស​​នាយករដ្ឋមន្ត្រី​​រៀងរាល់ ៥​ឆ្នាំ​ម្ដង។ ក៏​ប៉ុន្តែ​លើក​ណា​ក៏​ដូច​លើក​ណា នៅ​ពេល​ប្រកាស​លទ្ធផល​ឆ្នោត​​​ហើយ ​បក្ស​នយោបាយ​​ដែល​ចាញ់​​តែង​បដិសេធ​លទ្ធផល​​​ឆ្នោត​រាល់​លើក ដោយ​ចោទ​​ប្រកាន់​ស្រដៀង​គ្នា​ថា លទ្ធ​ផល​ឆ្នោត​​មិន​យុត្តិធម៌ មាន​ការ​បន្លំ​ជាដើម។ ដូច​ជា​លទ្ធផល​ឆ្នោត​ឆ្នាំ​១៩៩៣ បក្ស​ប្រជាជន​បាន​ចាញ់​ហើយ​តវ៉ា និង​គំរាម​បង្កើត​តំបន់​អបគមន៍​​តាម​ខេត្ត​ទាំង​អស់​ជាប់​ព្រំដែន​វៀតណាម។ បោះ​ឆ្នោត​ក្រោយ​មក​ទៀត ​បក្ស​ហ៊្វុនស៊ិនប៉ិច និង​បក្ស​ដទៃ​ទៀត​​ចាញ់ ក៏​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​លទ្ធផល​ឆ្នោត ធ្វើ​ឲ្យ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ម្ដងៗ​​តែង​ជាប់​គាំង​ជា​ញឹកញាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។