សាធារណជនតែងមានមន្ទិលសង្ស័យថា តើគណបក្សដ៏មានឥទ្ធិពលនៅកម្ពុជា បានលុយពីប្រភពណាដើម្បីទ្រទ្រង់បក្សរបស់ខ្លួននោះ? ក្រុមអ្នកឃ្លាំមើលខ្លះឲ្យដឹងថា ថវិកាដែលគណបក្សកាន់អំណាចប្រមូលបានភាគច្រើនជាលុយទុច្ចរិត បានមកពីការកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ និងអំពើពុករលួយ ការកេងប្រវ័ញ្ចលើប្រាក់ខែរបស់មន្ត្រីរាជការ គ្រូបង្រៀន មេធាវី និងមន្ត្រីតុលាការ។
ទោះបីជាមានការចោទប្រកាន់យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានបដិសេធ ហើយអះអាងថា រាល់សមាជិក សមាជិការបស់គណបក្សទាំងអស់ មានភារកិច្ចបង់ថវិកាចូលបក្សដើម្បីឲ្យគណបក្សមួយនេះមាននិរន្តភាពទៅមុខ។
សមាជិកតំណាងរាស្ត្រពីខាងគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីថ្ងៃពុធ ទី១៧ កក្កដា ថា រាល់សមាជិកគណបក្សនយោបាយទាំងអស់ តាំងពីថ្នាក់ភូមិ ឃុំ ស្រុក ខណ្ឌ រហូតដល់ថ្នក់រដ្ឋាភិបាល សមាជិករដ្ឋសភា និងព្រឹទ្ធសភា ត្រូវបង់លុយចូលជាប្រចាំទៅតាមសមត្ថភាពរៀងៗខ្លួន។
លោកបន្តថា គណបក្សប្រជាជនកម្ពុជា មិនតម្រូវឲ្យមន្ត្រីរាជការ ឬមន្ត្រីតុលាការបង់លុយចូលគណបក្សនោះទេ លើកលែងតែអ្នកទាំងនោះជាសមាជិកគណបក្សនយោបាយ៖ «សមាជិកសុទ្ធតែចូលលុយគ្នាដូចតំណាងរាស្ត្រ ព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា សុទ្ធតែចូលលុយគ្នា គឺបង់ប្រចាំខែ ហើយក្នុង១ខែៗបង់ប្រហែល ១០០ដុល្លារអីហ្នឹងសម្រាប់អ្នកតំណាងរាស្ត្រ។ សម្រាប់មន្ត្រីរាជការគឺមិនតម្រូវឲ្យបង់ទេ ប៉ុន្តែសម្រាប់សមាជិកគណបក្សដែលមានតួនាទីនោះត្រូវបង់ហើយព្រោះលក្ខន្តិកៈតម្រូវ»។
តំណាងរាស្ត្របក្សកាន់អំណាច លោក ឈាង វុន ក៏បានប្រតិកម្មផងដែរចំពោះការចោទប្រកាន់នានាដែលថា គណបក្សប្រជាជនកម្ពុជា បានទទួលលុយដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រុមឧកញ៉ាកំពូលៗក្នុងប្រទេសកម្ពុជា។
លោក ឈាង វុន អះអាងថា ការទទួលលុយពីពាណិជ្ជករធំៗសម្រាប់បំប៉នគណបក្សនយោបាយមួយ មិនមែនមានតែប្រទេសកម្ពុជានោះទេ ប៉ុន្តែបណ្ដាអរិយប្រទេសធំក្នុងពិភពលោកក៏ធ្វើដូច្នេះដែរ៖ «ខ្ញុំដូចជាមិនយល់ទេ ដូចការលើកឡើងអស់ហ្នឹង។ នៅសហរដ្ឋអាមេរិកដូចមានដែរ នៅពេលដំណើរការបក្សសមាជិកណាដែលគេស្រឡាញ់បក្សគេបង់ចូលបក្ស គឺមានចែងក្នុងលក្ខន្តិកៈអស់ហើយហ្នឹង។ ប្រទេសណាក៏ដូចប្រទេសណាដែរ ការឃោសនាបោះឆ្នោត សូម្បីនៅបារាំង ក៏ដូចគ្នាអ៊ីចឹងទាំងអស់ អ្នកដែលគេមានលុយមានកាក់រកស៊ីធំៗ ដែលគេជឿថា ដើម្បីការពារផលប្រយោជន៍របស់គេតាមច្បាប់ នៅពេលគេភ័យខ្លាចថា ពេលណាមានការផ្លាស់ប្តូរអីងទៅវាអាចប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់គេនោះ។ ដូច្នេះគេអាចដកយកលុយមួយចំនួនរបស់គេនោះ យកមកជួយគណបក្ស ជួយប្រធានាធិបតីដូចលោក បារ៉ាក់ អូបាម៉ា (Barack Obama) អីហ្នឹង»។
ទោះជាយ៉ាងណាក៏ដោយ លោក ឈាង វុន នៅមិនទាន់អាចបញ្ជាក់បានទេថា តើក្រុមឧកញ៉ា ឬពាណិជ្ជករណាខ្លះដែលជួយបរិច្ចាគថវិកាដល់គណបក្សប្រជាជនកម្ពុជា នោះទេ។
ចំណែកក្រុមមូលនិធិសង្គ្រោះជាតិដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក អះអាងថា ការផ្ដល់ហិរញ្ញវត្ថុសម្រាប់គណបក្សនៅកម្ពុជា និងនៅសហរដ្ឋអាមេរិក មានលក្ខណៈខុសគ្នាឆ្ងាយ។ មូលនិធិសង្គ្រោះជាតិជាក្រុមមួយដែលជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់គណបក្សនយោបាយដែលមាននិន្នាការទៅរកលទ្ធិប្រជាធិបតេយ្យ និងក្រុមជនរងគ្រោះដោយសារវិបត្តិសង្គម។
ប្រធានមូលនិធិសង្គ្រោះជាតិលោក ទូច វិបុល មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា រាល់ថវិកាទាំងឡាយរបស់ក្រុមពាណិជ្ជករដែលផ្ដល់ប្រាក់ឲ្យគណបក្សនយោបាយនៅអាមេរិក សុទ្ធសឹងជាលុយសុចរិត និងតម្លាភាព។
លោកចោទថា រីឯនៅកម្ពុជា រាល់ប្រាក់ដែលផ្ដល់ដោយឧកញ៉ាធំនោះ ភាគច្រើនជាលុយដែលបានមកពីអំពើពុករលួយ និងបំផ្លាញធនធានធម្មជាតិ៖ «វាផ្ទុយគ្នាត្រង់ថា ពាណិជ្ជករនៅសហរដ្ឋអាមេរិក ជាក្រុមអ្នករកស៊ីបានដោយសុចរិតទៀតត្រង់ ឯចំពោះស្រុកយើងវាខុសប្លែក ដោយសារឧកញ៉ាទាំងនោះភាគច្រើនសុទ្ធតែប្រើប្រាស់លុយដែលបានមកពីអំពើពុករលួយ។ រីឯគណបក្សប្រឆាំងដែលទទួលវិភាគទាន និងថវិកានានាពីសប្បុរសជនទូទៅ ប្រាក់តិចតួចស្ដួចស្ដើង ១០០ដុល្លារ ឬ ៥០ដុល្លារ ពីបងប្អូនជុំវិញពិភពលោកហ្នឹង ដែលអាចទ្រទ្រង់គណបក្សប្រឆាំងហ្នឹងបាន។ វាខុសគ្នាពីគណបក្សប្រជាជន គណបក្សនេះទទួលលុយទាំងដុំៗពីឧកញ៉ាទាំងអស់ហ្នឹងដើម្បីយកទៅគ្រប់គ្រង ប្រើប្រាស់សម្រាប់ការចំណាយលើយុទ្ធនាការបោះឆ្នោតទាំងអស់ហ្នឹង។ អ៊ីចឹងវាខុសគ្នាត្រង់ចំណុចហ្នឹង»។
ក្រុមអ្នកវិភាគនយោបាយនិយាយថា ការប្រើប្រាស់ហិរញ្ញវត្ថុនយោបាយមកពីប្រភពគ្មានតម្លាភាពនឹងធ្វើអោយប៉ះពាល់ដល់សមធម៌ក្នុងការឃោសនារកសំឡេងឆ្នោត និងខ្វះតុល្យភាពនយោបាយ។
ប្រធានអង្គការនិចហ្វិក លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ដើម្បីធានាឲ្យមានតម្លាភាពពីគ្រប់គណបក្សនោះ កម្ពុជាត្រូវបង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយ៖ «អ៊ីចឹងយើងចង់ឲ្យមានច្បាប់នេះឡើង គឺចង់ឲ្យគណបក្សទាំងអស់យកចិត្តទុកដាក់ក្នុងការបង្ហាញដោយតម្លាភាពថា ខ្លួនបានប្រើប្រាស់ថវិកាចំនួនប៉ុន្មាន ហើយថវិកាទាំងអស់នោះបានមកពីប្រភពណាមក ហើយនិងមានរបាយការណ៍ប្រចាំឆ្នាំជូនដល់ គ.ជ.ប ឬក្រសួងមហាផ្ទៃ»។
បើទោះបីជាកម្ពុជា នៅមិនទាន់មានច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយមែន ប៉ុន្តែកម្ពុជាមានច្បាប់ស្ដីពីគណបក្សនយោបាយ ដែលមាត្រា ២៧ ចែងថា ហិរញ្ញវត្ថុរបស់គណបក្សនយោបាយ គឺជាចំណូលដែលបានមកពីវិភាគទានរបស់សមាជិកបក្ស ចំណូលផ្សេងៗរបស់បក្សដែលបានមកពីការធ្វើអាជីវកម្មស្របច្បាប់ អំណោយរបស់ក្រុមហ៊ុនឯកជនខ្មែរ ឬសប្បុរសជនខ្មែរ ទ្រព្យសម្បត្តិផ្ទាល់របស់គណបក្សនយោបាយ។
មាត្រា ២៩ នៃច្បាប់ស្ដីពីគណបក្សនយោបាយក៏បានចែងផងដែរថា រាល់គណបក្សនយោបាយត្រូវហាមឃាត់មិនឲ្យទទួលវិភាគទានពីស្ថាប័នរដ្ឋ សមាគមអង្គការក្រៅរដ្ឋាភិបាល សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ វិទ្យាស្ថានសាធារណៈ និងក្រុមហ៊ុនបរទេស។
គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសម្រាប់នីតិកាលទី៥ នេះ មានចំនួន ៨ រួមមានគណបក្សសញ្ជាតិកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរឈប់ក្រ គណបក្សសង្គ្រោះជាតិ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
ក្រុមមេដឹកនាំនៃគណបក្សទាំងនេះភាគច្រើនអះអាងថា ថវិកាសម្រាប់ដំណើរការបោះឆ្នោត និងទ្រទ្រង់គណបក្សរបស់ពួកគេបានមកពីការរៃអង្គាសថវិកាពីសមាជិកសប្បុរសជន ក្រុមពាណិជ្ជករ និងធនធានផ្ទាល់របស់បក្សលើកលែងតែគណបក្សខ្មែរឈប់ក្រមួយប៉ុណ្ណោះ ដែលអះអាងថា បក្សមួយនេះមិនតម្រូវឲ្យសមាជិករបស់ខ្លួនបង់លុយចូលបក្ស គឺដើម្បីជៀសវាងបញ្ហាពុករលួយនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
