វត្តបាលិលេយ្យ ដែលជាទីអារាមសម្រាប់ឲ្យពុទ្ធបរិស័ទនាំគ្នាចូលទៅធ្វើបុណ្យទាន កាន់បិណ្ឌជារៀងរាល់ឆ្នាំតាមប្រពៃណី និងទំនៀមទម្លាប់ព្រះពុទ្ធសាសនានោះ ឥឡូវនេះ កំពុងទទួលរងការចោទប្រកាន់ពីមន្ត្រីគណបក្សប្រជាជនកម្ពុជា ថាមាននិន្នាការនយោបាយគាំទ្រគណបក្សប្រឆាំង។
ការរើសអើងខាងផ្នែកនយោបាយទៅលើទីវត្តអារាម មួយនេះ គឺកើតមានឡើងក្រោយពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មាន លោក សម រង្ស៊ី លោក កឹម សុខា និងសកម្មជនអ្នកគាំទ្រជាច្រើននាក់ បានទៅជួបជុំគ្នានៅទីអារាមនោះ កាលពីថ្ងៃទី១២ ខែកញ្ញា។
ព្រះតេជព្រះគុណ សេង ស៊ន គង់នៅវត្តបាលិលេយ្យ មានថេរដីកាកាលពីថ្ងៃទី២៣ ខែកញ្ញា ថា ព្រះសង្ឃចំនួន ២៧អង្គ និងគណៈកម្មការអាចារ្យវត្ត កំពុងមានការព្រួយបារម្ភ ដោយសារមន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាថ្នាក់ដឹកនាំអាជ្ញាធរក្រុងប៉ោយប៉ែត បានលុបចោលវេនកាន់បិណ្ឌរបស់ខ្លួននៅរដូវភ្ជុំបិណ្ឌឆ្នាំ២០១៣៖ «អភិបាលក្រុង ខាងគយ ឆ្នាំនេះត្រូវមកចូលរួមវេនទី២ ដល់មានបញ្ហាអ៊ីចឹងទៅ ពួកអស់លោកមិនបានអញ្ជើញមកធ្វើបុណ្យទេ អាត្មាថា វត្តគណបក្សណាក៏អាចចូលបានដែរសម្រាប់ការងារសាសនា សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា អាត្មាព្រួយបារម្ភជាងគេ ព្រោះជាម្ចាស់កុដិ ព្រោះថ្ងៃហ្នឹង ឯកឧត្ដមគាត់អញ្ជើញមកកុដិអាត្មាខាងត្បូង ជាប់ក្លោងទ្វារហ្នឹងឯង ហើយមានការភ័យខ្លាច ពួកគាត់មកគំរាមព្រះសង្ឃ ព្រោះគេចោទថា វត្តយើងកាន់ខាងសង្គ្រោះជាតិ អីអ៊ីចឹង»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពី លោក ង៉ោ ម៉េងជ្រួញ ជាអភិបាលក្រុងប៉ោយប៉ែត និងជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ជុំវិញបញ្ហានេះទេ។
កាលពីថ្ងៃទី១២ ខែកញ្ញា លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ រួមទាំងសកម្មជនរបស់ខ្លួនជាច្រើនរយនាក់ បានទៅជួបប្រជុំគ្នានៅវត្តបាលិលេយ្យ។
អនុប្រធានទី៣ នៃគណៈកម្មការវត្តបាលិលេយ្យ លោក អេង លីហួរ ថ្លែងថា ថ្វីត្បិតសកម្មភាពគំរាមកំហែងនៅពុំទាន់កើតមានឡើងក៏ដោយ ប៉ុន្តែទាំងព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត មានការព្រួយបារម្ភចំពោះការចោទប្រកាន់ទៅលើវត្តបាលិលេយ្យ ដែលថា និន្នាការគាំទ្រគណបក្សប្រឆាំង។ លោកបញ្ជាក់ថា នៅវត្តនេះមិនកាន់និន្នាការគណបក្សនយោបាយណាមួយទេ ទោះបីគណបក្សប្រជាជន ឬគណបក្សសង្គ្រោះជាតិ ក៏ដោយ៖ «ហើយកាលពីថ្ងៃទី១២ ដែលដឹកនាំដោយឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា នោះ គឺខាងវត្តបាលិលេយ្យ អត់បានទទួលព័ត៌មានមុន ហើយក៏អត់មានការសុំពីចៅអធិការវត្តដែរ អ៊ីចឹងលោកមកធ្វើកម្មវិធីនៅក្នុងវត្ត លោកក៏មិនមានសិទ្ធិដែរ ដោយសារទីវត្តអារាម គឺជាកន្លែងទីសក្ការៈ ហើយក៏មិនបានកាន់បក្សនយោបាយបាយណាមួយដែរ ដោយសារបក្សនយោបាយនៅកម្ពុជា សុទ្ធតែជនជាតិខ្មែរទាំងអស់»។
លោកបន្តថា វត្តបាលិលេយ្យ នៅតែជាកន្លែងទីសក្ការៈសម្រាប់ពុទ្ធបរិស័ទខ្មែរទាំងអស់។
មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបន្ទាយមានជ័យ លោក មាន សារិទ្ធិ ថ្លែងថា ថ្នាក់ដឹកនាំក្រុងប៉ោយប៉ែត និងជាមន្ត្រីគណបក្សប្រជាជនកម្ពុជា មិនចូលរួមកាន់វេនបិណ្ឌរបស់ខ្លួននៅឆ្នាំនេះ បានបង្ហាញឲ្យឃើញពីចេតនាគំរាមសម្លុតបំភ័យចំពោះព្រះសង្ឃ។ ព្រះសង្ឃព្រះអង្គបានប្រកាន់ជំហរអព្យាក្រឹត្យ មិនប្រកាន់គណបក្សនយោបាយណាមួយនោះទេ។ លោក មាន សារិទ្ធិ បន្តថា ថ្វីត្បិតនៅពេលនេះមិនទាន់មានសកម្មភាពគំរាមកំហែង ប៉ុន្តែបើសិនមានករណីគំរាមទៅលើព្រះសង្ឃនៅវត្តបាលិលេយ្យ នោះ គណបក្សសង្គ្រោះជាតិ អន្តរាគមន៍ដើម្បីជួយការពារព្រះសង្ឃ ព្រោះវត្តបាលិលេយ្យ គឺជាកន្លែងទីសក្ការៈសម្រាប់ពុទ្ធបរិស័ទខ្មែរទូទៅ មិនជាប់ពាក់ព័ន្ធក្នុងរឿងនយោបាយនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
