តើ​ព្រះសង្ឃ​អាច​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បាន​ដែរ​ឬ​ទេ?

យុទ្ធនាការ​បោះឆ្នោត​កំពុង​តែ​ប្រព្រឹត្ត​ទៅ ដែល​មាន​ការ​ចូលរួម​ពី​អ្នក​គាំទ្រ​របស់​បក្ស​នីមួយៗ​យ៉ាង​គគ្រឹកគគ្រេង។ ក្នុង​នោះ ក៏​មាន​ព្រះសង្ឃ​មួយ​ចំនួន​មាន​វត្តមាន​នៅ​ក្នុង​ការ​ឃោសនា​នោះ​ដែរ។ សកម្មភាព​នេះ ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ពី​សំណាក់​ប្រជាជន។ ព្រះសង្ឃ​ក៏​ជា​ចំណែក​មួយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម ប៉ុន្តែ​ព្រះសង្ឃ​ក៏​ត្រូវ​ស្ថិត​នៅ​លើ​ចំណុច​កណ្ដាល​មួយ​ឯករាជ្យ។

0:00 / 0:00

ការ​ចូលរួម​របស់​ព្រះសង្ឃ​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣ នេះ គឺ​មាន​ការ​រិះគន់​ពី​សំណាក់​ប្រជាជន​ដែល​ជា​ពុទ្ធបរិស័ទ​ច្រើន។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ព្រះសង្ឃ​មិន​គួរ​ចូលរួម​នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត និង​មិន​សម​នឹង​បោះឆ្នោត​ឡើយ។

ព្រះសង្ឃ គឺ​មាន​តួនាទី​ប្រតិបត្តិ​ធម៌ គោរព​វិន័យ មិន​ប្រកាន់​និន្នាការ​នយោបាយ​ខាង​ណា​មួយ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ព្រះសង្ឃ​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​កិត្តិសព្ទ ឬ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ​ក្នុង​ការ​ប្រតិបត្តិ​ចំពោះ​ពុទ្ធសាសនា៖ «ការ​ចូលរួម​របស់​ព្រះសង្ឃ​នៅ​ក្នុង​នយោបាយ អាច​មាន​ផល​អាក្រក់​ច្រើន។ ដោយសារ​តែ​ព្រះសង្ឃ គឺ​ជា​សាវ័ក​របស់​ព្រះពុទ្ធ​ដែល​មាន​តួនាទី​ផ្សព្វផ្សាយ​ព្រះធម៌​ទៅ​ដល់​ប្រជាពលរដ្ឋ។ ដូច្នេះ ព្រះសង្ឃ​អាច​ស្ថិត​នៅ​ភាព​លម្អៀង ហើយ​មួយ​ទៀត ខ្ញុំ​យល់​ឃើញ​ថា ព្រះសង្ឃ​ធ្វើ​ដូច​នេះ​អាច​ធ្វើ​ឱ្យ​ពុទ្ធ​បរិស័ទ​មាន​ការ​ថ្នាំងថ្នាក់​ជាមួយ​នឹង​ព្រះសង្ឃ​ផង​ដែរ។ ព្រះសង្ឃ​មិន​ត្រូវ​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត ពីព្រោះ​ព្រះសង្ឃ​ជា​ទី​គោរព​របស់​ប្រជាជន​ទាំងអស់ មិន​មនុស្ស​ហ្នឹង​យ៉ាង​ម៉េច ព្រះអង្គ​គឺ​ជា​ទី​សក្ការៈ​របស់​ប្រជាជន​ទូទៅ»

ដូច​គ្នា​នឹង​មតិ​ខាង​លើ សាមណៈ​និស្សិត​ដែល​គង់​នៅ​វត្ត​ចាក់អង្រែក្រោម ព្រះនាម ស៊ីធា មាន​ថេរ​ដីកា​ថា បើ​និយាយ​តាម​ធម៌​វិន័យ ព្រះសង្ឃ​មិន​មាន​តួនាទី​ណា​មួយ​នៅ​ក្នុង​រឿង​នយោបាយ​នោះ​ឡើយ។ ពិសេស ព្រះសង្ឃ​រឹត​តែ​មិន​អាច​ទៅ​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដូច​គ្រហស្ថ​នោះ​ឡើយ៖ «យើង​ទៅ​ដើរ​អី​អីចឹងៗ វា​មិន​សម​ទេ វា​មិន​សមរម្យ​ទេ។ ព្រះសង្ឃ​ទាំងអស់​សុទ្ធ​ឆាន់​ចង្ហាន់​ប្រជាពលរដ្ឋ​គ្រប់​គ្នា ត្រូវ​តែ​កាត់​ឱ្យ​ផ្តាច់ ពីព្រោះ​យើង​ចេញ​មក យើង​មិន​អាច​ទៅ​ប្រឡាក់​ប្រឡូក​អី​អីចឹង​បាន​ទេ។ ពីព្រោះ​ផ្លូវ​ហ្នឹង​មិន​មែន​ជា​ផ្លូវ​សម្រាប់​ព្រះសង្ឃ​ស្វែង​រក​មោគ​ធម៌​តាម​ហ្នឹង​បាន​ទេ»

សាមណៈ​និស្សិត​មួយ​អង្គ​ទៀត គង់​នៅ​វត្ត​វេឡុវ័ន ព្រះនាម ឆន ដួង ក៏​មាន​ថេរ​ដីកា​ថា ការ​ចូលរួម​នៅ​ក្នុង​រឿង​នយោបាយ គឺ​ជា​រឿង​របស់​បុគ្គល តែ​ព្រះសង្ឃ​មាន​តួនាទី​តែ​ផ្សព្វផ្សាយ​ព្រះធម៌​តែ​ប៉ុណ្ណោះ៖ «អា​ហ្នឹង​វា​ជា​រឿង​សិទ្ធិ​សេរីភាព​របស់​លោក​ក្នុង​សង្គម ពរ!។ រឿង​ការ​ឃោសនា​បោះឆ្នោត​ហ្នឹង គឺ​រឿង​សិទ្ធិ​សេរីភាព​របស់​លោក​នៅ​ក្នុង​សង្គម។ ប៉ុន្តែ អ្វី​ដែល​គួរ​ឃោសនា​តែ​ម្យ៉ាង​ដែល​ព្រះសង្ឃ​ទ្រង់​អនុញ្ញាត គឺ​ការ​ផ្សព្វផ្សាយ​ធម៌ ពរ!»

បញ្ហា​នេះ និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ លោក វ៉ាន់ មករា បាន​បញ្ជាក់​ថា ការ​ចូលរួម​របស់​ព្រះសង្ឃ​ក្នុង​យុទ្ធនាការ​បោះឆ្នោត គឺ​ការ​ត្រឹមត្រូវ ដោយសារ​តែ​ព្រះសង្ឃ​ក៏​នៅ​ក្នុង​សង្គម និង​មាន​តួនាទី​ក្នុង​ការ​អភិវឌ្ឍ​សង្គម៖ «ខ្ញុំ​គិត​ថា ការ​ចូលរួម​របស់​ព្រះសង្ឃ​វា​ជា​រឿង​មួយ​ដ៏​ត្រឹមត្រូវ ពីព្រោះ​គាត់​រស់នៅ​ក្នុង​សង្គម ហើយ​គាត់​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ខ្វល់ខ្វាយ​ពី​សង្គម ហើយ​និង​គាត់​អាច​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម​មួយ​ផង​ដែរ។ អីចឹង ការ​គាំទ្រ​គណបក្ស​នយោបាយ គឺ​វា​ជា​រឿង​មួយ​ដ៏​ត្រឹមត្រូវ ពីព្រោះ​គាត់​យល់​ថា គណបក្ស​នយោបាយ​ណា​ល្អ គាត់​មាន​សិទ្ធិ​មួយ​គាំទ្រ​នឹង​អំពើ​ល្អ​គណបក្ស​នយោបាយ​នោះ។ អីចឹង ការ​ចូលរួម​របស់​គាត់​ក៏​ជា​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​មួយ​ដែរ»

សម្រាប់​បញ្ហា​នេះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​និចហ្វិក (Nicfec) លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​ថា ច្បាប់​នៅ​ក្នុង​ការ​បោះឆ្នោត ព្រះសង្ឃ​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ក្នុង​ផ្នែក​នយោបាយ ក៏​ដូច​ជា​ការ​ឃោសនា​បោះឆ្នោត​ដោយ​មិន​មាន​ការ​ខុស​នឹង​ច្បាប់​នោះ​ទេ។ ប៉ុន្តែ ព្រះសង្ឃ​អាច​គង់​នៅ​ជា​កណ្ដាល គឺ​ជា​ការ​ប្រសើរ៖ «សម្រាប់​ច្បាប់​បោះឆ្នោត អត់ៗ​មាន​អី​ខុស​ទេ​បាទ គឺ​ថា​ព្រះសង្ឃ​មាន​តួនាទី​ក្នុង​វិស័យ​នយោបាយ​ដែរ។ គឺ​គ្រាន់​តែ​ថា បើ​យើង​ពិនិត្យ​ទៅ​លើ​ទិដ្ឋភាព​សាសនា ទិដ្ឋភាព​សង្គម​វិញ គ្រាន់​តែ​យើង​ទេ​ដែល​គិត​ថា ព្រះសង្ឃ​គឺ​ស្ថិត​នៅ​ជា​កណ្ដាល​រវាង​ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​នយោបាយ​ខុស​គ្នា»

ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​បាន​ទេ កាល​ពី​ថ្ងៃ​អង្គារ ទី២ កក្កដា។

សម្រាប់​អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី បាន​បញ្ជាក់​ថា បើ​យោង​តាម​ច្បាប់​នៃ​ការ​បោះឆ្នោត ព្រះសង្ឃ មន្ត្រី​រាជការ អាច​ចូលរួម​ជា​សមាជិក​បក្ស​បាន ប៉ុន្តែ​មិន​អាច​ធ្វើ​សកម្មភាព​បម្រើ​បក្ស​បាន​នោះ​ទេ។ សម្រាប់​ព្រះសង្ឃ​អាច​ទៅ​ចូលរួម​បោះឆ្នោត​បាន ប៉ុន្តែ​មិន​អាច​ធ្វើ​សកម្មភាព​ឱ្យ​បក្ស​បាន​ឡើយ ពីព្រោះ ព្រះសង្ឃ​មាន​តួនាទី​ផ្សព្វផ្សាយ​ព្រះធម៌ ត្រូវ​ស្ថិត​នៅ​កណ្ដាល ជៀសវាង​ភាព​លម្អៀង និង​ការ​ប៉ះពាល់​ស្ថាប័ន​សាសនា។

លោក កែម ឡី៖ «បើ​យើង​យោង​ទៅ​តាម​ច្បាប់​បង្កើត​គណបក្ស ព្រះសង្ឃ បព្វជិត មន្ត្រី​រាជការ ប៉ូលិស ទាហាន អាច​ចូលរួម​នៅ​ក្នុង​សមាជិក​បក្ស​បាន។ ក៏ប៉ុន្តែ មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​ជូន​គណបក្ស​នោះ​បាន​ទេ។ អីចឹង មាន​ន័យ​ថា ចំណុច​នេះ​ខុស​ច្បាប់​តែ​ម្ដង​បង​ណាស់ ប៉ុន្តែ​ព្រះសង្ឃ​មន្ត្រី​រាជការ ប៉ូលិស អាច​ទៅ​បោះឆ្នោត​បាន អាច​ចូល​បក្ស​បាន ប៉ុន្តែ​មិន​អាច​ធ្វើ​សកម្មភាព​បក្ស​បាន​ទេ កាល​ណា​ធ្វើ​សកម្មភាព ទី១ ខុស​នឹង​ច្បាប់។ កាល​ណា​យើង​ទៅ​ចូលរួម យើង​ក្នុង​នាម​ជា​អាជ្ញា​កណ្ដាល មន្ត្រី​រាជការ ទាហាន ឬ​ក៏​ព្រះសង្ឃ ដើរ​តួនាទី​ផ្សព្វផ្សាយ​ព្រះធម៌​អីចឹង កាល​ណា​ចូលរួម វា​មាន​ភាព​លម្អៀង​តែ​ម្ដង ពិសេស​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​របស់​ខ្លួន ពិសេស​សាសនា​តែ​ម្តង ប្រសិន​បើ​មាន​ការ​ចូលរួម​ឃោសនា​ចូលរួម​អី​ហ្នឹង»

សកម្មភាព​របស់​ព្រះសង្ឃ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គឺ​គេ​ឃើញ​មាន​តាំង​តែ​ពី​ថ្ងៃ​ដំបូង​មក​ម្ល៉េះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។