អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំខ្ពស់​និង​ពុទ្ធបរិស័ទ​តវ៉ា​មុខ​វត្ត​ព្រះ​មេគណ​ខេត្ត​បាត់ដំបង

0:00 / 0:00

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ និង​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​អតីត​ព្រះចៅ​​ អធិការ​វត្ត​ភ្នំខ្ពស់ ប្រមាណ​ ១០០​នាក់​និង​អង្គ ធ្វើ​បាតុកម្ម​នៅ​ក្នុង​បរិវេណ​ទីលាន​វត្ត​ពោធិ៍វាល ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង ដើម្បី​ ដាក់​សម្ពាធ​ឲ្យ​លេខា​មេគណ​ខេត្ត​ដោះស្រាយ​ផ្ដល់​តំណែង​ព្រះចៅ​អធិការ​វត្ត​ឡើង​វិញ។ ការ​តវ៉ា​នេះ​បន្ទាប់​ពី​អាជ្ញាធរ និង​គណៈ​សង្ឃ​ស្រុក​បាណន់​ ដក​ហូត​តំណែង​ព្រះចៅ​អធិការ​វត្ត​ភ្នំខ្ពស់ កាល​ពី​ថ្ងៃ​​ទី​១៩​ កន្លង​ទៅ។

បន្ទាប់​ពី​បណ្ដាញ​ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​ធ្វើ​បាតុកម្ម​ប្រមាណ​មួយ​ម៉ោង​ សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ បាន​យល់​ព្រម​បណ្ដោះអាសន្ន​តាម​រយៈ​ការ​ឆ្លងឆ្លើយ​តាម​ទូរស័ព្ទ​ជាមួយ​តំណាង​បណ្ដាញ​ ព្រះសង្ឃ​ឯករាជ្យ​ ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​រសៀល​ថ្ងៃ​ទី​២២​ តុលា។

​ក្នុង​កិច្ច​ព្រមព្រៀង​នោះ អាជ្ញាធរ​ខេត្ត​សន្យា​ថា នឹង​ដោះស្រាយ​ឲ្យ​អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំ​ខ្ពស់ ធ្វើ​ជា​ប្រធាន​សង្ឃ​ដឹកនាំ​ក្នុង​វត្ត​បណ្ដោះអាសន្ន។

​ស្ថាបនិក​​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ព្រះ​ថេរដីកា​តាម​ឧបករណ៍​ បំពង​សំឡេង​ថា​ ដើមចម​សំខាន់​ដែល​នាំ​ឲ្យ​ដក​ព្រះចៅ​អធិការ​វត្ត​ភ្នំខ្ពស់​ ចេញ​ពី​តំណែង​នោះ​ ដោយសារ​ព្រះតេជព្រះគុណ​ ភួន មុនី​ លេខា​ព្រះ​មេគណខេត្ត​បាត់ដំបង។ ការ​ដក​តំណែង​នេះ​ក្រោម​ហេតុ​ផល​មួយ​ចំនួន​​ មាន​ជាអាទិ៖ កន្លង​មក​អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំខ្ពស់ មាន​ប្រជាប្រិយ​លេចធ្លោ​ ខាង​ប្រជាធិបតេយ្យ​ ដែល​ជា​ឆ្អឹង​ទទឹង​ក​របស់​គណបក្ស​កាន់​អំណាច និង​ដោយសារ​អតីត​ព្រះចៅ​អធិការ​មិន​ចុះ​ញ៉ម​ជាមួយ​ព្រះអង្គ​លេខា​ព្រះ​មេគណ​ខេត្ត​ជា​ដើម។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ៖ «រឿង​ទី​៣ ភួន​ មុនី​ ហៅ​ទៅ​ជួប​កាល​ពី​ថ្ងៃ​ទី​១៧-​១៨ ខែ​កញ្ញា ​កន្លង​ទៅ​នោះ​ សុំ​ឲ្យ​ព្រះអង្គ ឃឹម សំអឿន​ ឈប់​ធ្វើ​សកម្មភាព​មនុស្សធម៌​បន្ត បើ​មិន​ឈប់​គេ​ដក​តំណែង​ចេញ។ លោក​ថា​ឈប់​អត់​បាន​ទេ​ លោក​ចង់​រួម​ចំណែក​ដោះស្រាយ​បញ្ហា​សង្គម តែ​គេ​ខឹង​ខ្លាំង​ ដោយសារ​លោក​មិន​ព្រម​ស្ដាប់​តាម​ឱវាទ​របស់​គេ​ គេ​ដក​លោក​ចេញ​ពី​ចៅ​អធិការ ហើយ​ទៅ​តែង​តាំង​ចៅ​អធិការ​ដែល​ទើប​ហ្នឹង​បួស​បាន​ក្នុង​រយៈ​ពេល​ទើប​តែ​មួយ​វស្សា ឲ្យ​ធ្វើ​ជា​ចៅ​អធិការ​ទៅ​​រួច​ទេ? មាន​ការ​ឆ្លៀវឆ្លាត​ក្នុង​ព្រះពុទ្ធសាសនា​ទេ​ បើ​អត់​ មិន​អាច​ធ្វើ​ចៅ​អធិការ​បាន​ទេ​ ហើយ ភួន មុនី ធ្វើ​នេះ​ដុល្លារ​សុទ្ធសាធ​តែម្ដង»

​​​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​ព្រះតេជព្រះគុណ ភួន មុនី ព្រះ​លេខា​មេគណ​​ ខេត្ត​បាត់ដំបង​ ដើម្បី​ មាន​ព្រះថេរដីកា​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​២២ តុលា។ ​ចំណែក​អភិបាល​​ខេត្ត​បាត់ដំបង​ លោក ចាន់ សុផល​ មាន​ប្រសាសន៍​ថា វិវាទ​ដែល​កើត​ឡើង​នៅ​វត្ត​ភ្នំ​ខ្ពស់ ឃុំ​តាគ្រាម​ ស្រុក​បាណន់​ នោះ​ ពុំ​មែន​ជា​ការ​ដក​តំណែង​ព្រះចៅ​អធិការ​វត្ត​នោះ​ទេ​ ប៉ុន្តែ​ជា​ការ​តែង​តាំង​ព្រះចៅ​​អធិការ​វត្ត​ដែល​ពុំ​ទាន់​មាន​ការ​តែងតាំង​នៅ​ឡើយ​ ដើម្បី​ឲ្យ​មាន​អ្នក​ដឹក​នាំ​វត្ត​ស្រប​តាម​ផ្លូវ​ច្បាប់។ ទោះ​យ៉ាង​នេះ​ក្ដី​​លោក​ថា នឹង​នាំ​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​មេគណ​ខេត្ត​ ដើម្បី​ដោះស្រាយ​​លើ​ការងារ​នេះ។

លោក ចាន់ សុផល៖ «លោក​តា​មេគណ​នោះ​ លោក​តា​រវល់​ពេក​ក៏​អត់​បាន​ជួប​ទៅ។ ក៏​ខ្ញុំ​ថា ខ្ញុំ​បាន​ដឹង​ពី​ជំហរ​លោក​តា​អ៊ីចឹង​ ចាំ​ខ្ញុំ​ករុណា ពិត​លោក​តា​មេគណ​ លោក​តា​មេគណ​ប្រគេន​ថា​អ៊ីចេះ។លោក​តា​យល់​ក្នុង​ការ​រៀបរាប់​របស់​ខ្ញុំ​ពី​តំណើរ​ពី​ដំណើរ​រឿង​ហ្នឹង​ទៅ ក៏​លោក​តា​ ​បើ​អ៊ីចឹង​ទុក​ឲ្យ​ខ្ញុំ​ពិត​លោក​តា​មេគណ​ទៅ​ ហើយ​លោក​តា​ថា ដូច​ជា​ពេល​វេលា​សមរម្យ​ដែរ​ ហើយ​ក៏​និមន្ត​ទៅ​ភ្នំពេញ​វិញ​ទៅ»

​​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង​ ដែល​បាន​តាម​ដាន​ក្នុង​រឿង​នេះ​ លោក​ ហេង សាយហុង មាន​ប្រសាសន៍​ថា ហេតុ​ដែល​អាជ្ញាធរ​ខេត្ត​យល់​ព្រម​ដោះស្រាយ​បញ្ហា​បណ្ដោះអាសន្ន​នេះ​ ដោយសារ​មាន​សម្ពាធ​ពី​ការ​ធ្វើ​បាតុកម្ម​តវ៉ា​តាម​​បែប​លទ្ធិប្រជាធិបតេយ្យ​របស់​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ព្រោះ​បើ​គ្មាន​​ច្រក​ចេញ​ក្នុង​ពេល​នេះ​ អាច​កើត​មាន​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​នៅ​ថ្ងៃ​ខាង​​មុខ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ លោក​ថា​ បញ្ហា​នេះ​ហាក់​មិន​ទាន់​បញ្ចប់​ស្រួលបួល​នៅ​ឡើយ៖ «កាល​ណា​មាន​ផ្អើល​ក្ដុងក្ដាំង​ តវ៉ា​អី​ដោយ​សារ​រឿង​មិន​សម​ហេតុ​សម​ផល អយុត្តិធម៌​សង្គម ហើយ​ចៀស​មិន​ដោះស្រាយ​ទេ​ ចៀស​មិន​រួច​រួច​ទេ គប្បី​តែ​ដោះស្រាយ​ទៅ សម្របសម្រួល​ទៅ​ ព្រោះ​ថា លោក​គង់​នៅ​កន្លែង​ទី​នោះ​ ញាតិញោម​ពុទ្ធបរិស័ទ​គេ​គាំទ្រ​ គេ​ស្រលាញ់​ ហើយ​បើ​កាល​ណា​គាំ​ទ្រ​ បាន​កសាង​ ដឹក​នាំ​ត្រឹម​ត្រូវ​ ស្រប​តាម​ព្រះពុទ្ធ​សាសនា​ ហើយ​ចាំ​បាច់​អី​ថែម​លោក​អី​ផ្សេង​អី​ធ្វើ​ឲ្យ​វា​ចលាចល»

នៅ​រសៀល​​ថ្ងៃ​ដដែល បន្ទាប់​ពី​ការ​តវ៉ា​របស់​ព្រះសង្ឃ និង​អ្នក​គាំទ្រ​បញ្ចប់​ប្រមាណ​ជា ១០​នាទី​មក​​ កង​កម្លាំង​នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ប្រមាណ​ ១០​នាក់​ ប្រដាប់​ដោយ​អាវុធ​ ត្រូវ​បាន​បញ្ជូន​ ភ្លាមៗ​មក​​ការពារ​នៅ​វត្ត​ពោធិវាល ប៉ុន្តែ​ពុំ​មាន​ការ​ប៉ះទង្គិច​គ្នា​ទេ។​

គណៈ​ព្រះសង្ឃ​ឯករាជ្យ និង​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​ បាន​រំសាយ​ការ​តវ៉ា ហើយ​ថា​នឹង​​រង់ចាំ​មើល​ការ​រក​ដំណោះ​ស្រាយ​ ប្រសិន​បើ​មិន​ដូច​ការ​និយាយ​របស់​អភិបាល​ខេត្ត​ទេ​ ព្រះ​អង្គ​​ថា​​នឹង​​តវ៉ា​ជា​ថ្មីទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។