ពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិ មកប្រមូលផ្ដុំគ្នាកាន់តែច្រើនឡើងៗនៅមុខទីស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិខណៈដែលរដ្ឋសភាទើបសម្រេចឲ្យសមត្ថកិច្ចចាត់ការលើប្រធានស្ដីទីបក្សប្រឆំាងលោក កឹម សុខា។
រហូតដល់ម៉ោងប្រមាណ១០ព្រឹកថ្ងៃទី៣០ ឧសភា ពលរដ្ឋដែលជាសកម្មជនគាំទ្របក្សនេះ ប្រមាណ៣ពាន់នាក់ មកជួបជុំគ្នានៅមុខទីស្នាក់ការ និងតាមសងខាងផ្លូវជាតិលេខ២ ដោយសកម្មជនខ្លះយកស្នាមមេដៃ ដែលខ្លួនប្រមូលពីពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីនឹងដង្ហែថ្វាយព្រះមហាក្សត្រ នៅរសៀលម៉ោង២ ថ្ងៃនេះ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រីបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ រួមនឹងប្រឆាំងចំពោះការចាប់ខ្លួនលោក កឹម សុខា ផងដែរ។
មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងនៅចំពោះមុខសកម្មជនរបស់ខ្លួននាទីស្នាក់ការកណ្ដាលនៅព្រឹកនេះថា គណបក្សនឹងធ្វើសន្និសីទកាសែត នៅម៉ោងប្រមាណ១១ព្រឹក ហើយនឹងហែនាំយកដែលមានស្នាមមេដៃទៅថ្វាយព្រះមហាក្សត្រ នៅរសៀលម៉ោង២។
នៅព្រឹកនេះ សមាជិករដ្ឋសភាបក្សប្រជាជនកម្ពុជា៦៨រូប បោះឆ្នោតលើកដៃសម្រេចជាឯកច្ឆន្ទឲ្យសមត្ថកិច្ចចាត់ការលើលោក កឹម សុខា តាមការបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការក្រុងភ្នំពេញ ដែលចាត់ទុកជាបទល្មើសជាក់ស្ដែង ក្រោយពីលោក កឹម សុខា មិនចូលខ្លួនទៅបំភ្លឺតាមការកោះហៅចំនួនពីរលើក។
លោក កឹម សុខា ត្រូវសមត្ថកិច្ចដេញប្រមាញ់តាមចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភា។ ចាប់ពីពេលនោះមក លោក កឹម សុខា មិនបានចេញពីទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិទេ ហើយគណបក្សនេះបានព្រមានធ្វើមហាបាតុកម្មអហិង្សា បើមានការចាប់ខ្លួនលោក កឹម សុខា។
សូមស្ដាប់ព័ត៌មានពិស្ដារ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
