ពលរដ្ឋ​រាប់​រយ​នាក់​នៅ​ក្រុង​ប៉ោយប៉ែត​សម្រុក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

0:00 / 0:00

ប្រជាពលរដ្ឋ​រាប់​រយ​នាក់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា នាំ​គ្នា​សម្រុក​ទៅ​ចុះ​ឈ្មោះ​នៅ​ការិយាល័យ​បោះឆ្នោត​សង្កាត់​ប៉ោយប៉ែត យ៉ាង​ច្រើន​កុះករ។ ប្រធាន​លេខាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​នៅ​ក្នុង​សង្កាត់​នេះ​ប្រមាណ ៥០០​នាក់​ក្នុង​មួយ​ថ្ងៃ។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត ដែល​ពុំ​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​ទាន់​ថ្ងៃ​កំណត់។

អាជីវករ​លក់​ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ ខេត្ត​ស្រះកែវ ប្រទេស​ថៃ កញ្ញា ថា ស្រីស្រស់ ថ្លែង​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ថា កញ្ញា​មក​តម្រង់​ជួរ​ចាប់​លេខ​រៀង​ចុះ​ឈ្មោះ​បោះឆ្នោត​ពីរ​ថ្ងៃ​ហើយ ក៏ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​នៅ​ឡើយ។ កញ្ញា​អះអាង​ថា គណៈកម្មការ​នៃ​ការិយាល័យ​ចុះ​ឈ្មោះ​នៅ​សង្កាត់​ប៉ោយប៉ែត រៀបចំ​សណ្ដាប់ធ្នាប់​បាន​ល្អ​ដែរ ក៏ប៉ុន្តែ​មនុស្ស​សម្រុក​មក​ចុះ​ឈ្មោះ​ច្រើន​លើសលប់ រហូត​ធ្វើ​ការ​មិន​ទាន់ « ម្សិលមិញ​ខ្ញុំ​មក​មនុស្ស​ច្រើន ហើយ​ខ្ញុំ​យក​អត្តសញ្ញាណប័ណ្ណ​ថត​ចម្លង​មក គេ​មិន​ចុះ​ឈ្មោះ​ឲ្យ​ទេ ក៏​ត្រឡប់​ទៅ​វិញ។ តែ​ថ្ងៃ​នេះ ខ្ញុំ​យក​អត្តសញ្ញាណប័ណ្ណ​ពិត​មក មនុស្ស​ច្រើន​ដូច​គ្នា »

មិន​ខុស​គ្នា​ទេ យុវជន​ម្នាក់​ទៀត​ឈ្មោះ ចាន់ ពន្លក រៀបរាប់​ថា លោក​ជាប់​រវល់​ការងារ​នៅ​ឯ​ផ្ទះ​មិន​បាន​ទៅ​ចុះ​ឈ្មោះ​ពី​ដំបូង ហើយ​រំពឹង​ថា​នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​កៀក​ថ្ងៃ​បញ្ចប់។ លោក​អះអាង​ថា អ្វីៗ​ខុស​ពី​ក្ដី​ស្រមៃ​ទាំងអស់ គឺ​នៅ​ពេល​ទៅ​ដល់​ការិយាល័យ​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ជិត​បញ្ចប់ បែរ​ជា​មាន​មនុស្ស​ទៅ​ចុះ​ឈ្មោះ​ច្រើន​កុះករ​ទៅ​វិញ « ខ្ញុំ​មក​តាំង​ម៉ោង ៨​កន្លះ​ព្រឹក​មក​រហូត​ជិត​ម៉ោង ១២​ថ្ងៃ​ត្រង់​ហើយ ព្រោះ​អី​ថ្ងៃ​មាន​អ្នក​ធ្វើ​ការ​កាស៊ីណូ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ច្រើន »

ប្រធាន​លេខាធិការ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បន្ទាយមានជ័យ លោក ហ៊ី គឹមសេង មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​សង្កាត់​ប៉ោយប៉ែត ប្រមាណ​ពី ៥០០​នាក់​ទៅ ៦០០​នាក់​ក្នុង​មួយ​ថ្ងៃ។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​សម្រុក​ចុះ​ឈ្មោះ​ច្រើន​កុះករ​នៅ​ក្នុង​សង្កាត់​នេះ ប្រមាណ ៥​ថ្ងៃ​មក​ហើយ « ដោយសារ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុះ​ឈ្មោះ​ចុង​បង្ហើយ ធ្វើ​ឲ្យ​ពលរដ្ឋ​សម្រុក​មក​ចុះ​ឈ្មោះ​ច្រើន ព្រោះ​ពួក​គាត់​ជាប់​រវល់​ធ្វើ​ការងារ ហើយ​រង់ចាំ​ចុង​ក្រោយ ហើយ​អ្នក​ធ្វើ​ការ​កាស៊ីណូ​មួយ​ចំនួន​ក៏​គេ​ចាំ​សម្រុក​ថ្ងៃ​ចុង​ក្រោយ​ដែរ »

លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​ដែល​ចុះ​ឈ្មោះ​ភាគច្រើន ជា​បុគ្គលិក​កាស៊ីណូ និង​ក្រុម​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី លោក ចៅ វាសនា អះអាង​ថា ប្រជាពលរដ្ឋ​ប្រមាណ ៤​ពាន់​នាក់​ទៀត​បន្ត​សម្រុក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​សង្កាត់​មួយ​នេះ។ លោក​បន្ថែម​ថា មូលហេតុ​ដែល​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​ច្រើន ដោយសារ​ពួក​គាត់​មួយ​ចំនួន​ទើប​តែ​ទទួល​ព័ត៌មាន​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត « ពី​មុន​មក​បុគ្គលិក​កាស៊ីណូ​គាត់​យក​កាត​កាស៊ីណូ និង​អត្តសញ្ញាណប័ណ្ណ និង​មាន​សាក្សី​ម្នាក់​គាត់​អាច​ចុះ​ឈ្មោះ​បាន។ តែ​ឥឡូវ​គេ​ប្រើ​វិធី​ផ្សេង​ទៀត គឺ​ឲ្យ​អ្នក​មាន​អត្តសញ្ញាណប័ណ្ណ​ទៅ​ធ្វើ​លិខិត​បដិសេធ​សិន ហើយ​រក​សាក្សី​ឲ្យ​ស្គាល់​ផ្ទះ ឈ្មោះ និង​ទីលំនៅ​ពិត​ប្រាកដ​អ៊ីចឹង គឺ​យ៉ាង​ណា​ឲ្យ​យឺត​ពេលវេលា​ចុះ​ឈ្មោះ​មិន​ទាន់ »

ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ប៉ោយប៉ែត ដែល​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​គិត​ត្រឹម​ថ្ងៃ​ទី​២៧ វិច្ឆិកា មាន​ជាង ៣​ម៉ឺន ១​ពាន់​នាក់ (៣១.៧៦៦​នាក់) គឺ​ស្មើ​នឹង​ប្រមាណ ១១២​ភាគរយ​នៃ​ចំនួន​អ្នក​គ្រប់​អាយុ​បោះឆ្នោត​ជាង ២​ម៉ឺន ៨​ពាន់​នាក់ (២៨.៣៣០​នាក់)។ លោក ចៅ វាសនា អះអាង​ថា មូលហេតុ​ដែល​ចំនួន​ពលរដ្ឋ​ច្រើន​ជាង​តួលេខ​នៅ​ក្នុង​បញ្ជី​ចុះ​ឈ្មោះ ដោយសារ​អាជ្ញាធរ​សង្កាត់​មិន​បាន​បញ្ចូល​ពលរដ្ឋ​ដែល​ស្នាក់នៅ​បណ្ដោះអាសន្ន និង​បុគ្គលិក​ធ្វើ​ការ​ក្រុមហ៊ុន និង​នៅ​តាម​កាស៊ីណូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។