មូលហេតុ​ពលរដ្ឋ​តែង​រក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ជួយ​ដោះស្រាយ​បញ្ហា

0:00 / 0:00

ប្រទេស​កម្ពុជា មាន​បញ្ហា​លំបាក​ទាក់ទង​សង្គម និង​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ ប្រជាពលរដ្ឋ​ដែល​ជួប​ប្រទះ​បញ្ហា​លំបាក តែង​ស្រែក​សុំ​អន្តរាគមន៍​ពី​ថ្នាក់​ដឹក​នាំ​នៅ​តាម​ទី​សាធារណៈ។

ក៏ប៉ុន្តែ រឿង​ដែល​ចម្លែក​បំផុត​នោះ​នៅ​ត្រង់​ថា ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា កម្រ​ឃើញ​ទៅ​រក​សេវា​គាំពារ​ផ្នែក​ច្បាប់​ពី​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​ណាស់ ក្រៅ​ពី​ពឹង​ឲ្យ លោក ហ៊ុន សែន ជួយ។

តើ​មនុស្ស​តែ​ម្នាក់​ដោះស្រាយ​ស្ទើរ​គ្រប់​ជំពូក​នៅ​ក្នុង​សង្គម ជា​មធ្យោបាយ​ល្អ ឬ​យ៉ាង​ណា?

លោក ហ៊ុន សែន ឋិត​នៅ​ក្នុង​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​ស្រប​ច្បាប់​ជាង ២០​ឆ្នាំ​មក​ហើយ បើ​គិត​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​សកល​កាល​ពី​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អ៊ុនតាក់ (UNTAC)។ ទំនង​ជា​មូលហេតុ​នេះ​ហើយ ទើប​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ តែង​ពឹងពាក់​រក​លោក​នាយក​រដ្ឋមន្ត្រី​ឲ្យ​ជួញ​ដោះស្រាយ​រាល់​បញ្ហា។

មិន​ដូច្នេះ​ឡើយ សម្រាប់​ក្រុម​អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា វា​គឺ​ជា​បន្ទុក​ដែល​គ្រោះថ្នាក់​ទៅ​វិញ​ទេ​សម្រាប់​សង្គម​កម្ពុជា ប្រសិន​បើ​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ក្ដោប​លើ​តែ​បុគ្គល​តែ​ម្នាក់​ដូច​នេះ។

អ្នក​វិភាគ​សង្គម លោក កែម ឡី ថ្លែង​ថា ក្នុង​ពេល​បញ្ហា​ផ្ដោត​លើ​តែ លោក ហ៊ុន សែន ម្នាក់​ឯង​យ៉ាង​ដូច្នេះ វា​មិន​ល្អ​សោះ​ឡើយ​សម្រាប់​សង្គម​មួយ។ លោក​យល់​ឃើញ​ថា កាល​ណា​អំណាច​ឋិត​នៅ​ក្នុង​ដៃ​របស់​បុគ្គល​ម្នាក់​នោះ នឹង​ធ្វើ​ឲ្យ​អំណាច​ប្រមូល​ផ្ដុំ​បន្ត​ចាក់ស្រេះ។ កត្តា​ទាំង​នេះ នឹង​ជំរុញ​ឲ្យ​បញ្ហា​សង្គម​រឹត​តែ​ប្រឈម​កាន់​តែ​ខ្ពស់ យុត្តិធម៌​សង្គម​នឹង​លែង​មាន​តម្លាភាព​សម្រាប់​ក្រុម​គ្រួសារ​ដែល​ពុំ​មែន​ជា​សាច់ញាតិ​របស់​បុគ្គល​គ្រប់គ្រង​អំណាច៖ «ការ​ដឹក​នាំ​តាម​របៀប​អំណាច​ប្រមូល​ផ្ដុំ បក្ខពួក​គ្រួសារ​និយម វា​នាំ​ឲ្យ​មាន​អំពើ​ពុក​រលួយ​ខ្ពស់។ វា​នាំ​ឲ្យ​មាន​និទ្ទណ្ឌភាព​ខ្ពស់។ វា​នាំ​ឲ្យ​មាន​អត្រា​នាំ​ឲ្យ​ឥត​ការ​ហ្នឹង​ខ្ពស់។ បញ្ហា​សង្គម​កាន់​តែ​ច្រើន​ឡើងៗ ការ​អភិវឌ្ឍ​ហ្នឹង​វា​ឥត​មាន​និរន្តរភាព ហើយ​ការ​បែង​ចែក​ភោគផល​ដែល​ចេញ​ពី​សង្គម​ហ្នឹង វា​ឥត​មាន​សមភាព ឬ​ក៏​សមធម៌ ជំរុញ​ឲ្យ​មាន​ការ​បះបោរ​វឹកវរ​នៅ​ក្នុង​សង្គម។ នេះ​ជា​មេរៀន​ដែល​ជា​បទពិសោធន៍​ច្រើន​ប្រទេស​ហើយ បើ​ទោះ​ជា​ប្រទេស​ណា​ដែល​ពង្រឹង​កង​កម្លាំង​ប្រដាប់​អាវុធ​ធំ​ដុំ​ប៉ុណ្ណា​ដើម្បី​ទប់ស្កាត់​ក៏ដោយ ឥត​អាច​ជម្នះ​នូវ​ចលនា​សង្គម​ជា​ចុង​ក្រោយ​បាន​ទេ»

គិត​ចាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រប់គ្រង​អំណាច​ពេញ​ក្នុង​ដៃ​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​អស់​រយៈពេល​ជាង ២០​ឆ្នាំ​កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​ថា ទាំង​ប្រជាពលរដ្ឋ ទាំង​មន្ត្រី​ក្របខ័ណ្ឌ​ក្នុង​ជួរ​រដ្ឋាភិបាល ពេល​មាន​បញ្ហា​លំបាក តែង​រក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​ជា​ហូរហែ។ ប្រសិន​បើ​មិន​មាន​កម្លាំង​ទប់ស្កាត់ ម្ល៉េះ​ផ្លូវ​ចូល​ផ្ទះ​របស់ លោក ហ៊ុន សែន ទំនង​អាច​ត្រូវ​សឹករិចរិល ឬ​លោក​នាយក​រដ្ឋមន្ត្រី​ខ្លួន​ឯង​ផ្ទាល់ រក​ពេល​បាយ​ទឹក ឬ​សម្រាក​ស្ទើរ​ពុំ​បាន​ផង។ អ្នក​មាន​ជម្លោះ​ដីធ្លី កម្រ​ឃើញ​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី​ណាស់។ ចំណែក​ពាក់ព័ន្ធ​រឿង​ប្រព័ន្ធ​យុត្តិធម៌​វិញ ក៏​កម្រ​ឃើញ​ប្រជាពលរដ្ឋ​ទៅ​រក​ដំណោះស្រាយ​ពី​តុលាការ​ណាស់​ដែរ។ សរុប​សេចក្ដី​មក គ្រប់​រឿងរ៉ាវ គឺ​មនុស្ស​តែ​ម្នាក់​គត់​ដែល​ពួក​គាត់​តែង​ពឹង​នោះ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ម្យ៉ាង​វិញ​ទៀត សូម្បី​អង្គ​ព្រះមហាក្សត្រ​ដែល​ជា​ព្រះបិតា​របស់​ជាតិ ឬ​ថា​ជា​ម្លប់​សម្រាប់​ប្រទេស យូរៗ​ម្ដង​ទើប​ឃើញ​មាន​ប្រជាពលរដ្ឋ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះអង្គ។

ក៏ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បដិសេធ​ម្ដង​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ថា លោក​ពិត​ជា​មិន​ដែល​ធ្លាប់​បាន​ទទួល​បណ្ដឹង​ចំពោះ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ ក្នុង​ពេល​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នោះ​ឡើយ។ លោក​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​បញ្ហា​ទាំង​នេះ​ជា​កំហុស​របស់​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន និង​អាច​បណ្ដាល​មក​ពី​មន្ត្រី​ដែល​នៅ​ក្បែរ​លោក​ផ្ទាល់៖ «អ៊ីចឹង​ទេ ខ្ញុំ​អំពាវនាវ​ឲ្យ​គ្រប់​ទីកន្លែង ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ហ្នឹង​ខិតខំ​ធ្វើ​ការ ហើយ​កុំ​ស្ទោក​ពេក។ ស្ទោក​រហូត​ទៅ​ដល់​ចាំ​តែ​ថា​ប្រជាពលរដ្ឋ​មក គិត​នាំ​គ្នា​យក​ប៉ូលិស​ទៅ​ខ្ទប់។ បង្វែរ​ផ្លូវ រួច​ហើយ​ទទួល​យក​ញត្តិ។ រួច​ញត្តិ​ហ្នឹង​មិន​ដឹង​ជា​ទៅ​ដល់​កន្លែង​ណា​ទេ ញត្តិ​ហ្នឹង​សូម​ជម្រាប​ទៅ​ប្រជាពលរដ្ឋ ញត្តិ​ហ្នឹង​ឥត​បាន​មក​ដល់​ខ្ញុំ​ទេ។ អ៊ីចឹង​មើល​ធ្វើ​ឲ្យ​វា​ប្រាកដ​ប្រជា​មើល។ ឯកឧត្ដម អ៊ឹម ឈុនលឹម ត្រូវ​នាំ​មុខ​លើ​បញ្ហា​ហ្នឹង មិន​មែន​ខ្ញុំ​ប្រគល់​ភារកិច្ច​ប្រគល់​ភារកិច្ច​គ្រាន់​តែ​ឲ្យ។ យឹម ឆៃលី ណេះ​ប្រមូល​យក​នយោបាយ​ដែល​ខ្ញុំ​និយាយ​ចេញ ហើយ​យក​មក​ស្រង់។ ប៉ុន្តែ​អា​ហ្នឹង​ដូច​មិន​បាច់ ខុទ្ទកាល័យ​ខ្ញុំ​មាន​ហើយ»

យ៉ាង​ណា​ក៏ដោយ បញ្ហា​នេះ​ត្រូវ​បាន លោក កែម ឡី យល់​ឃើញ​ថា ដោយសារ​តែ​អំណាច​ប្រមូល​ផ្ដុំ​លើ លោក ហ៊ុន សែន តែ​ម្នាក់​នេះ​ហើយ ដែល​ជំរុញ​ឲ្យ​ស្ថានភាព​នៃ​ការ​តវ៉ា​ចេះ​តែ​បន្ត​ចាក់ស្រេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មិន​ចប់។ លោក​និយាយ​ថា នេះ​គឺ​ជា​ហេតុផល​ចម្បង​ដែល​រុញ​ច្រាន​ឲ្យ​កម្ពុជា មិន​អាច​អភិវឌ្ឍ​បាន​លឿន ហើយ​លោក​មើល​មិន​ឃើញ​ទាល់​តែ​សោះ​ថា ប្រទេស​កម្ពុជា អាច​មាន​យន្តការ​របស់​រដ្ឋ​ប្រសើរ​ជាង​នេះ៖ «បញ្ហា​សង្គម​ហ្នឹង​ដោះស្រាយ​ឥត​ចេញ ជំពាក់​វាក់វិន​ជាមួយ​និង​អ្នក​លើ​ធំៗ អ្នក​ក្រោម​មិន​អាច​ដោះស្រាយ​បាន។ អ៊ីចឹង​ប្រជាពលរដ្ឋ​ទៅ​រក​នាយក​រដ្ឋមន្ត្រី ទី​មួយ។ ទី​ពីរ ដោយសារ​អំណាច​នៅ​ស្រុក​ខ្មែរ​នេះ អំណាច​ប្រមូល​ផ្ដុំ ទាំង​តុលាការ ទាំង​រដ្ឋសភា ទាំង​រាជ​រដ្ឋាភិបាល​ថ្នាក់​ក្រោម​ថ្នាក់​អី​ហ្នឹង អំណាច​ប្រមូល​ផ្ដុំ​ទៅ​លើ​មនុស្ស​ម្នាក់។ អ៊ីចឹង​ទៅ មាន​បញ្ហា​ធំ​ដុំ​អ្នក​ទាំងអស់​គ្នា​ហ្នឹង​ឥត​ដោះស្រាយ​បញ្ជូន​សំណុំ​រឿង​បញ្ជូន​ហេតុការណ៍​ហ្នឹង​ទៅ​ឲ្យ​នាយក​រដ្ឋមន្ត្រី»

ដោយ​ឡែក​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា យន្តការ​ដោះស្រាយ​បញ្ហា​របស់​រដ្ឋាភិបាល​សព្វថ្ងៃ ជាពិសេស​របស់ លោក ហ៊ុន សែន គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​គោលការណ៍​ដោះស្រាយ គឺ​ពឹង​ផ្អែក​តែ​លើ​លោក​នាយក​រដ្ឋមន្ត្រី​តែ​ម្នាក់​គត់។ លោក​យល់​ឃើញ​ថា ការ​សម្រេច​លើ​បុគ្គល​ដែល​ពុំ​មែន​ជា​ច្បាប់ គឺ​ពិត​ជា​ពុំ​មាន​តម្លាភាព​ឡើយ៖ «អើ! ឥត​ទៅ​រួច​ទេ។ យើង​មើល​យន្តការ​បី​ចម្បង។ យន្តការ​តុលាការ​វិនិច្ឆ័យ គឺ​មិន​ឯករាជ្យ ពុក​រលួយ។ អ៊ីចឹង​គឺ​មិន​អាច​ដោះស្រាយ​បាន។ យន្តការ​រដ្ឋាភិបាល ក៏​គាត់​គ្មាន​ផ្លូវ​ឯណា​ទទួល​ខុស​ត្រូវ​សោះ។ ខ្ញុំ​មើល​ទៅ​ឥត​មាន​កំណែ​ទម្រង់​ស៊ី​ជម្រៅ ហើយ​ដោយ​អ៊ីចឹង​នៅ​តែ​ខ្លោច​បាយ​ដដែល។ ហើយ​យន្តការ​សភា ខ្ញុំ​មើល​ជា​កន្លែង​មួយ​គ្រាន់​តែ​ទូង​ស្គរ​បំពេញ​ចិត្ត​ប្រជាពលរដ្ឋ​បណ្ដោះអាសន្ន​ប៉ុណ្ណឹង​ទេ»

ពាក់ព័ន្ធ​រឿង​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​សម្រេច​ចិត្ត​លើ​គោលការណ៍​សំខាន់ៗ​របស់​ជាតិ​ជា​សាធារណៈ ក្នុង​ពេល​លោក​ថ្លែង​សារ​នយោបាយ​ក្នុង​វេទិកា​ម្ដងៗ។ យន្តការ​ដូច​នេះ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​ចាត់​ទុក​ថា មិន​មាន​ប្រសិទ្ធភាព​សម្រាប់​ការ​រៀបចំ​គោល​នយោបាយ​ទេ។ បទពិសោធន៍​កាល​ពី​ដើម​ឆ្នាំ​២០១៤ គឺ​ភ្លាមៗ​ក្រោយ​ពី​ភាគី​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ លោក ហ៊ុន សែន បាន​សន្យា​ភ្លាម​ដែរ​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ផ្ដល់​តម្លៃ​នៃ​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​សម្រាប់​ពលករ​ខ្មែរ​ម្នាក់​ចំនួន ៤​ដុល្លារ​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ និន្នាការ​នេះ​មិន​អាច​ទៅ​រួច​ឡើយ ហើយ​ថែម​ទាំង​រង​ការ​រិះគន់​ថែម​ទៀត​ផង។ ទាំង​នេះ​នៅ​មិន​ទាន់​គិត​ពី​ឡាន​ពាក់​ស្លាក​លេខ "នប" និង "ខម" ដែល​លោក​នាយក​រដ្ឋមន្ត្រី​តែង​ព្រមាន​ជា​ញឹកញយ​នៅ​ឡើយ​ផង។ បន្ថែម​ពី​លើ​នេះ រឿង​ហិង្សា​ដីធ្លី​វិញ នៅ​តែ​បន្ត​ផ្ទុះ​ឡើង​ស្ទើរ​គ្រប់​ទីកន្លែង។ កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ នៅ​មុន​ការ​បោះ​ឆ្នោត ទំនង​ជា​លោក​នាយក​រដ្ឋមន្ត្រី​មើល​ឃើញ​ប្រជាប្រិយភាព​ធ្លាក់​ចុះ លោក​ក៏​បាន​បង្កើត​ក្រុម​និស្សិត​វាស់​ដី​បន្ថែម​ជាន់​ពី​លើ​ស្ថាប័ន​របស់​រដ្ឋ​ដែល​មាន​ស្រាប់​ទៀត។ ប៉ុន្តែ បើ​ទោះ​ជា​ក្រុម​នេះ​បាន​ដំណើរ​ក្ដី ក៏​ជម្លោះ​ដីធ្លី​នៅ​តែ​មិន​ថមថយ​ឡើយ។

លោក អ៊ូ វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ថា ការ​ដោះស្រាយ​បញ្ហា​តាម​មធ្យោបាយ​របស់ លោក ហ៊ុន សែន នឹង​មិន​មាន​ប្រសិទ្ធភាព​ឡើយ ដរាប​ណា​គោលការណ៍​នេះ​មិន​ត្រូវ​បាន​ឆ្លង​កាត់​សេចក្ដី​សម្រេច​ពី​សភា។ លោក​បន្ត​ថា ដើម្បី​ឲ្យ​គោលការណ៍​រដ្ឋ​មួយ​មាន​សក្ដានុពល លុះត្រា​តែ​ពុំ​មាន​ការ​សម្រេច​ចិត្ត​ដោយ​បុគ្គល ប៉ុន្តែ​ជា​សេចក្ដី​សម្រេច​ដែល​ចេញ​ដោយ​សភា​វិញ។ ជាង​នេះ​ទៀត អំណាច​តុលាការ​ត្រូវ​តែ​ជា​អំណាច​ដែល​ឯករាជ្យ និង​ជឿ​ទុក​ចិត្ត​បាន ហើយ​ស្ថាប័ន​របស់​រដ្ឋ ត្រូវ​តែ​មាន​សិទ្ធិ​សម្រេច​ឈរ​លើ​មូលដ្ឋាន​នៃ​ច្បាប់ ទើប​បញ្ហា​អាច​បញ្ចប់​ទៅ​បាន។ លោក​បន្ត​ថា បើ​មិន​ដូច្នេះ​ទេ បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី​ចង់​កែ​ទម្រង់​ប៉ុន្មាន​តំណ​ទៀត ក៏​គ្មាន​ន័យ​នោះ​ដែរ។

ឆ្លើយ​តប​ក្នុង​រឿង​នេះ លោក ទិត្យ សុធា មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថ្លែង​ថា និយាយ​ដោយ​រួម រដ្ឋាភិបាល​មាន​ស្ថាប័ន និង​របៀប​ធ្វើ​ការ​យ៉ាង​ច្បាស់​លាស់។ ហេតុ​នេះ ការ​បកស្រាយ​ណា​មួយ​ដែល​ចោទ​ប្រកាន់​ថា សេចក្ដី​សម្រេច​ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​តែ លោក ហ៊ុន សែន នោះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​សម្រាប់​ហេតុផល​មួយ​ជ្រុង​ប៉ុណ្ណោះ​របស់​ស្ថាប័ន នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល៖ «សម្រាប់​រាជ​រដ្ឋាភិបាល តែង​តែ​ផ្ដល់​បុព្វសិទ្ធិ គឺ​ជា​ទម្ងន់​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​សម្ដេច​តេជោ។ ក៏ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា គ្រប់​បញ្ហា​ទាំងអស់ គឺ​ទាល់​តែ​មាន​ការ​សម្រេច​ពី​សម្ដេច​តេជោ បាន​ដោះស្រាយ​បញ្ហា​បាន​ទាំងអស់​នោះ​ទេ គឺ​មាន​រឿង​ជាច្រើន សេនាធិការ​របស់​សម្ដេច​បាន​ធ្វើ​ការ​ដោះស្រាយ​ដោយ​ផ្ទាល់ ហើយ​បាន​បញ្ចប់​បញ្ហា​ជាច្រើន។ ដូច្នេះ សូម​កុំ​មាន​វប្បធម៌​ស្អប់​មក​លើ​មេ​ដឹក​នាំ បែរ​ជា​មាន​ប្រសាសន៍​ថា រាល់​បញ្ហា​ទាំងអស់​តែ​មាន​ការ​សម្រេច​ពី​ប្រមុខ​រដ្ឋាភិបាល។ ខ្ញុំ​ថា នេះ​គឺ​ជា​ការ​និយាយ​បំពាន​ពេក​ហើយ​បាទ»

បើ​ទោះ​ជា​បែប​ណា អង្គការ​សង្គម​ស៊ីវិល នៅ​តែ​ចាត់​ទុក​របៀប​នៃ​ការ​សម្រេច​ចិត្ត​របស់ លោក ហ៊ុន សែន ថា​មិន​មាន​គោលការណ៍​ច្បាស់​លាស់​សោះ​ឡើយ។ ដោយ​ហេតុ​ថា គោល​នយោបាយ​ភាគ​ច្រើន តែង​តែ​ជា​គោលការណ៍​បែប ផាប់លិក ផូលិស៊ី (Public Policy) ឬ​ថា​ជា​គោល​នយោបាយ​ដែល​សម្រេច​ក្នុង​ពេល​ថ្លែង​សារ​ជា​សាធារណៈ ជា​ជាង​សេចក្ដី​សម្រេច​ដែល​អនុម័ត​ដោយ​សភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។