មន្ត្រីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១១ វិច្ឆិកា អំពាវនាវដល់អាជ្ញាធរខេត្តតាកែវ ឲ្យបើកការស៊ើបអង្កេតឲ្យបានត្រឹមត្រូវលើឃាតកម្មសកម្មជនគណបក្សសង្គ្រោះជាតិ នៅឃុំកណ្ដឹង ស្រុកបាទី ដែលបានស្លាប់កាលពីដើមខែវិច្ឆិកា កន្លងទៅ ដោយដាក់ការសង្ស័យថា ជាឃាតកម្មផ្នែកនយោបាយ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តតាកែវ លោក ណុប សុវណ្ណ គ្រោងដាក់ពាក្យបណ្ដឹងពីរទៀតទៅរដ្ឋសភា និងតុលាការខេត្តតាកែវ បន្ទាប់ពីដាក់ពាក្យបណ្ដឹងទៅអធិការដ្ឋានស្រុកបាទី កាលពីថ្ងៃទី៥ វិច្ឆិកា ចំពោះករណីនៃការស្លាប់សកម្មជនគណបក្សសង្គ្រោះជាតិ នៅឃុំកណ្ដឹង ក្នុងស្រុកបាទី នេះ។
លោករំពឹងថា ពាក្យបណ្ដឹងពីរបន្ថែមទៀតនេះ អាចជំរុញឲ្យមានការស៊ើបអង្កេតត្រឹមត្រូវមួយលើករណីស្លាប់នៃ លោក ខាំ សារិទ្ធិ ជំទប់ឃុំកណ្ដឹង មកពីគណបក្សសង្គ្រោះជាតិ៖ «សូមឲ្យសមត្ថកិច្ច ឬអាជ្ញាធរដែលពាក់ព័ន្ធហ្នឹង មេត្តាជួយរក និងធ្វើការស៊ើបអង្កេត ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះផង។ ខ្ញុំសង្ឃឹមថា យុត្តិធម៌នឹងកើតមានដល់ជនរងគ្រោះ នៅពេលណាដែលសមត្ថកិច្ចជួយបំភ្លឺពិតប្រាកដ»។
លោក ខាំ សារិទ្ធិ អាយុជាង ៥០ឆ្នាំ មានកូនបីនាក់ ត្រូវបានគេប្រទះឃើញដេកដួលនៅលើផ្លូវមួយ ក្នុងឃុំកណ្ដឹង កាលពីយប់ថ្ងៃទី២ វិច្ឆិកា មានរបួសធ្ងន់ត្រង់ក្បាលខាងក្រោយ និងជាំភ្នែកម្ខាង ហើយបានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។
ចំពោះរឿងនេះ មន្ត្រីគណបក្សសង្គ្រោះជាតិ បានសង្ស័យថា ជាឃាតកម្មផ្នែកនយោបាយ ចំណែកអាជ្ញាធរមូលដ្ឋានអះអាងថា លោក ខាំ សារិទ្ធិ ស្លាប់ដោយស្រវឹងស្រាដួលម៉ូតូខ្លួនឯង។
ប្រភពពីមន្ត្រីគណបក្សសង្គ្រោះជាតិ និងមន្ត្រីប៉ូលិសប៉ុស្តិ៍កណ្ដឹង ឲ្យដឹងថា មុនស្លាប់ លោក ខាំ សារិទ្ធិ បានស៊ីផឹកជាមួយមេប៉ូលិសប៉ុស្តិ៍ឃុំកណ្ដឹង លោក គុយ សំណាង និងអ្នកផ្សេងទៀត។ ក៏ប៉ុន្តែ ពេលស៊ីផឹករួច លោក ខាំ សារិទ្ធិ ក៏បានជិះម៉ូតូចេញមុនគេ ហើយត្រូវអ្នកដំណើរប្រទះឃើញដេកដួលនៅលើផ្លូវចម្ងាយប្រហែល ១០០ម៉ែត្រពីកន្លែងស៊ីផឹកនោះ។
ទោះយ៉ាងណា ទាំងមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំងក្រុមគ្រួសារជនរងគ្រោះ មិនបានដាក់ពាក្យបណ្ដឹងចោទចំឈ្មោះចំពោះបុគ្គលណាទេ។
លោក ណុប សុវណ្ណ បញ្ជាក់ថា ពាក្យបណ្ដឹងនោះគ្រាន់តែប្ដឹងពីបទឃាតកម្មគិតទុកជាមុន៖ «ពាក្យបណ្ដឹងហ្នឹង គឺយើងមិនប្ដឹងដាក់បន្ទុកលើបុគ្គលណាទេ តែប្ដឹងសុំឲ្យជួយធ្វើការស៊ើបអង្កេតក្នុងករណីដែលមានអំពើឃាតកម្មគ្រោងទុកជាមុន ព្រោះអី យើងយោងទៅលើហេតុការណ៍ និងភស្តុតាងដែលឃើញជាក់ស្ដែង គឺយើងសន្និដ្ឋានថា មិនមែនជាគ្រោះថ្នាក់ចរាចរណ៍ទេ គឺគ្រាន់តែសុំឲ្យជួយធ្វើការស៊ើបអង្កេតក្នុងករណីដែលកើតឡើងលើ លោក ខាំ សារិទ្ធិ ហ្នឹង»។
ទាក់ទងទៅនឹងលទ្ធផលនៃការស៊ើបអង្កេតរបស់អធិការដ្ឋានប៉ូលិសស្រុកបាទី វិញ អធិការស្រុកបាទី លោក ង៉ាន់ សាវី បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា លោក ខាំ សារិទ្ធិ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មិនពាក់ព័ន្ធនយោបាយឡើយ៖ «ខ្ញុំអត់មានពាក់ព័ន្ធនយោបាយមិននយោបាយអីទេ អានេះធ្វើឡើងតាមបទល្មើសជាក់ស្ដែង។ ករណីនេះជាករណីគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូដោយខ្លួនឯង ព្រោះខ្ញុំពេលកើតហេតុអ៊ីចឹង ខ្ញុំបានឲ្យមន្ត្រីជំនាញខ្ញុំចុះទៅដល់កន្លែងកើតហេតុភ្លាម ឃើញម៉ូតូដួលយើងបានគូរប្លង់គូរអី សួរសាក្សីក្បែរហ្នឹងហើយអស់ហើយ គឺមិនមានអ្នកណាធ្វើអីទេ»។
បើតាមការរៀបរាប់របស់ក្រុមគ្រួសារជនរងគ្រោះ លោក ខាំ សារិទ្ធិ ធ្លាប់មានទំនាស់ជាមួយមន្ត្រីឃុំធ្វើការជាមួយគ្នា ហើយលោកធ្លាប់ប្រាប់មិត្តភ័ក្ដិថា យប់មួយលោកសង្ស័យមានគេតាមបាញ់លោកពេលជិះម៉ូតូមកផ្ទះ។ ក្រុមគ្រួសារជនរងគ្រោះបន្តថា មុនពេលស្លាប់ប្រហែល ១០ថ្ងៃ លោក ខាំ សារិទ្ធិ មិនហ៊ានចេញដើរយប់ព្រលប់ដូចពេលមុនទេ ព្រោះបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន តែនៅថ្ងៃស្លាប់មានគេទូរស័ព្ទហៅជាញឹកញាប់ មិនដឹងជាមានរឿងអី ហើយលោកក៏ជិះម៉ូតូចេញទៅមិនប្រាប់ប្រពន្ធកូនឲ្យដឹង។
កូនប្រុសជនរងគ្រោះឈ្មោះ ខុន ថៃរ៉ា អាយុ ២៤ឆ្នាំ ដែលបានរៀបរាប់រឿងនេះ សម្ដែងការសោកស្ដាយចំពោះការបាត់បង់ឪពុក និងតូចចិត្តចំពោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលលោកថា មិនបានគិតគូរផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន ក្រោយពេលឪពុកស្លាប់ទៅ៖ «គិតទៅគាត់ធ្វើការរយៈពេល ១០ឆ្នាំ ខ្ញុំនិយាយប្រាប់តាមត្រង់ គ្រួសារខ្ញុំខ្វះខាតមែនទែនកាលគាត់នៅធ្វើការ ក្នុងពេលខ្លះរកតែលុយចាក់សាំង ២.៥០០ (រៀល) ធ្វើការមិនបានផង គ្រួសារខ្ញុំរកព្រឹកខ្វះល្ងាច គាត់ខំតស៊ូដើម្បីជាតិ គង់មានថ្ងៃណាមួយគេដឹងទឹកចិត្តរបស់គាត់ ដែលគាត់ស្រឡាញ់ជាតិ។ ចុងក្រោយ ជាតិបានសម្លាប់គាត់ដោយអត់ដឹងមូលហេតុ»។
លោក ខុន ថៃរ៉ា បញ្ជាក់ថា ក្រុមគ្រួសារជនរងគ្រោះកំពុងរស់នៅក្នុងភាពភ័យខ្លាច បន្ទាប់ពីឪពុកស្លាប់ទៅ ខ្លាចក្រែងមានរឿងហេតុអាក្រក់កើតឡើងលើសមាជិកគ្រួសារខ្លួនផ្សេងទៅថ្ងៃក្រោយ ដូចលោកឪពុកទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
