គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចស្នើកែប្រែបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដើម្បីដាក់បញ្ចូលប្រការដែលអាចដាក់វិន័យតំណាងរាស្ត្រដែលមិនចូលប្រជុំសភាបំពានរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងសភា។
អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន និយាយថា នៅពេលសំណើនេះបានទៅដល់ដៃគណៈកម្មការទី២ និងទី៦ នៃសភា ហើយនឹងត្រូវដាក់ចូលក្នុងកិច្ចប្រជុំសភាក្នុងពេលដ៏ខ្លីខាងមុខ។
តំណាងរាស្ត្រ លោក ឈាង វុន ថ្លែងបញ្ជាក់ថា សមាជិកសភាបក្សកាន់អំណាចត្រូវតែធ្វើសំណើនេះ ព្រោះប្រាក់ខែតំណាងរាស្ត្រកើតចេញពីញើសឈាមរបស់ពលរដ្ឋ ដូច្នេះតំណាងរាស្ត្រត្រូវចូលសភាធ្វើការងារ មិនមែនចាយប្រាក់ខែរដ្ឋ បែរជាធ្វើពហិការមិនធ្វើការនោះឡើយ។ លោកបន្តថា តាមពិតសំណើនេះ សភាបានធ្វើជាយូរមកហើយ មិនមែនទើបតែធ្វើនៅពេលនេះទេ៖ «យើងបានដាក់ជូនគណៈកម្មការជំនាញធ្វើការពិនិត្យរួចហើយ គណៈកម្មការធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍វិញ ដើម្បីសម្រេច យើងត្រូវតែដោះស្រាយរឿងហ្នឹង ហើយត្រូវដោះស្រាយឲ្យបានល្អដើម្បីជាឧទាហរណ៍ចំពោះអ្នកស៊ីប្រាក់ខែជាតិ»។
លោក ឈាង វុន ប្រាប់ថា សំណើនេះកើតចេញពីសំណេររបស់គណៈកម្មការទី២ ទទួលបន្ទុកសេដ្ឋកិច្ច និងសវនកម្មនៃរដ្ឋសភារបស់លោក ជាម យៀប។
អាស៊ីសេរី មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីប្រធានគណៈកម្មការទី២ រដ្ឋសភា លោក ជា យៀប និងប្រធានគណៈកម្មការទី៦ រដ្ឋសភា លោក ប៉ែន បញ្ញា ថ្ងៃទី៨ ខែតុលា បានទេ។ ចំណែកអ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ដែលបានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ទាក់ទងសំណើដាក់វិន័យតំណាងរាស្ត្រ ប្រាប់ថា សំណើនេះមិនចាំបាច់ត្រូវធ្វើទេ ព្រោះសព្វថ្ងៃនេះរដ្ឋសភាមានបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងលក្ខន្តិកៈតំណាងរាស្ត្ររួចហើយ៖ «យើងយល់ឃើញថា ជាការរឹតត្បិតបន្ថែមលើអ្វីដែលមានចែងលើរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងសភាដែលមានស្រាប់ទៅសិទ្ធិសេរីរបស់តំណាងរាស្ត្រ»។
បើតាមការបញ្ជាក់របស់លោក យ៉ែម បុញ្ញឫទ្ធិ សំណើនេះ នឹងដាក់វិន័យតំណាងរាស្ត្រណាមិនទៅប្រជុំ និយាយកាត់គេពេលប្រជុំ ហើយការពិន័យត្រូវនោះ ត្រូវកាត់ប្រាក់ខែ ឬធ្វើកំណត់ហេតុជាដើម។ លោកថា សំណើនេះគ្រាន់តែជាសេចក្ដីសម្រេចផ្ទៃក្នុងនៅសភាប៉ុណ្ណោះ។
ទាក់ទងរឿងនេះ សមាជិកគណៈកម្មការទី៦ ទទួលបន្ទុកនីតិកម្មមកពីគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ និយាយថា លោកមិនទាន់ឃើញសំណេរនេះនៅឡើយទេ រហូតមកដល់ពេលនេះ។ តែទោះយ៉ាងណាក្តី លោកឲ្យដឹងថា ប្រធានគណៈកម្មការរបស់លោក បានកោះហៅលោកទៅប្រជុំផ្ទៃក្នុងទាក់ទងសេចក្ដីព្រាងច្បាប់មួយចំនួននៅថ្ងៃទី១០ និងទី១២ ខែតុលា ខាងមុខ។ លោកយល់ថា នៅក្នុងកិច្ចប្រជុំអាចនឹងមានជជែកទាក់ទងសំណើមួយដាក់វិន័យតំណាងរាស្ត្រ។ តំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះ លើកឡើងថា នេះជារឿងមួយមិនត្រូវចំពោះការវិន័យលើតំណាងរាស្ត្រដែលចូលប្រជុំ ព្រោះការមិនចូលប្រជុំរបស់តំណាងរាស្ត្រគឺមានហេតុផលរបស់តំណាងរាស្ត្រនោះ។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត សង្កេតឃើញថា ការតាក់តែងច្បាប់មួយចំនួនសំដៅទៅលើស្ថានភាពនយោបាយ។ ចំណែកសំណើដាក់វិន័យតំណាងរាស្ត្រ លោកយល់ថា សំណើមានចរិតបម្រើផលប្រយោជន៍។ លោកថា ច្បាប់នេះក៏មិនអាចចាប់បង្ខំឲ្យតំណាងរាស្ត្របក្សសង្គ្រោះជាតិ ចូលប្រជុំសភាគ្រប់ស្ថានការណ៍បានដែរ ប្រសិនបើបញ្ហានយោបាយមិនត្រូវបានដោះស្រាយ៖ «ខ្ញុំនឹងឃើញដល់ច្បាប់មួយហៅថា ច្បាប់ឯកពន្ធនភាព ក៏ធ្វើក្នុងកាលៈទេសៈមួយសម្រាប់បម្រើផលប្រយោជន៍នយោបាយ ហើយក្រោយមកច្បាប់នោះអនុវត្តអត់សូវមានប្រសិទ្ធភាព»។
ការបង្ហាញតម្រុយនៃការអនុម័តសំណើដាក់វិន័យតំណាងរាស្ត្រកាន់តែច្បាស់បែបនេះ ខណៈក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រកាសតាមរយៈសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៧ ខែតុលា បញ្ជាក់ជំហរមិនទាន់ចូលប្រជុំសភារបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំងក្រោមហេតុផលថា ការគំរាមធ្ងន់ធ្ងរមកលើក្រុមតំណាងរាស្ត្របក្សនេះ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ស្នើទៅតំណាងរាស្ត្របក្សកាន់អំណាចគួរតែនាំគ្នាពិនិត្យ ឬគិតគូរបញ្ហាជាតិ ជាជាងការបង្កើតវិធានការ ឬបញ្ជាផ្ទៃក្នុងណាមួយដែលដាក់គំនាបតំណាងរាស្ត្រនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។