រដ្ឋសភាបញ្ជាក់ថា ពុំអាចការពារអភ័យឯកសិទ្ធិតំណាងរាស្ត្រគណបក្សប្រឆាំងចំនួន ៣រូបបានទេ ដោយសំអាងថា អ្នកទាំងនោះបានប្រព្រឹត្តល្មើសច្បាប់។
សេចក្ដីថ្លែងការណ៍របស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទី៧ ខែមិថុនា អោយដឹងថា រដ្ឋសភាបានទទួលញត្តិរបស់អ្នកតំណាងរាស្ត្របក្សសង្រ្គោះជាតិ ដែលបានដាក់កាលពីថ្ងៃទី២៨ ខែឧសភា។ ញត្តិនោះស្នើអោយចាត់វិធានការការពារអភ័យឯកសិទ្ធិសភារបស់ តំណាងរាស្ត្របក្សប្រឆាំងចំនួន ៣រូប គឺលោក សម រង្ស៊ី លោក អ៊ុំ សំអាន និងលោក កឹម សុខា និងសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ។
កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីថ្ងៃទី៦ ខែមិថុនា បានសម្រេចច្រានចោលការលើកឡើងរបស់តំណាងរាស្ត្របក្សប្រឆាំង ដោយសំអាងថា លោក សម រង្ស៊ី បានប្រព្រឹត្តបទបរិហាកេរ្តិ៍។ រីឯលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ បានប្រព្រឹត្តល្មើសចំនួន៣ គឺបទក្លែងបន្លំឯកសារសាធារណ បទប្រើប្រាស់ឯកសារក្លែង និងញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ចំណែកលោក កឹម សុខា វិញបានប្រព្រឹត្តបទល្មើសជាក់ស្ដែង គឺបទបដិសេធក្នុងការចូលខ្លួន។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអះអាងថា រដ្ឋសភាជាង ៤អាណត្តិមកនេះអនុវត្តការងារត្រឹមត្រូវ ពុំស្ថិតក្រោមការបង្គាប់បញ្ជា ឬក្រោមឥទ្ធិពលរបស់ស្ថាប័នណាមួយដូចការចោទប្រកាន់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
