ការ​​បោះ​ឆ្នោត​រៀបចំ​ក្បាល​ម៉ាស៊ីន​សភា​​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​២៦ សីហា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នៅ​ថ្ងៃ​ទី​១៨ សីហា ថា សម័យ​ប្រជុំ​សភា​ដើម្បី​បោះឆ្នោត​រៀបចំ​ក្បាល​ម៉ាស៊ីន​សភា មាន​គម្រោង​ធ្វើ​នៅ​ថ្ងៃ​អង្គារ ទី​២៦ សីហា សប្ដាហ៍​ក្រោយ។

​ថ្លែង​នៅ​ក្នុង​ឱកាស​បើក​វេទិកា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ២០១៤-២០១៨ នៅ​វិមាន​សន្តិភាព លោក ហ៊ុន សែន ប្រកាស​អនុវត្ត​តាម​កិច្ចសន្យា និង​កិច្ច​ព្រមព្រៀង​នយោបាយ​ដែល​ធ្វើ​ឡើង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ កក្កដា កន្លង​ទៅ នា​វិមាន​ព្រឹទ្ធសភា។

​លោក ហ៊ុន សែន៖ «ហេតុ​អី​បាន​ជា​មិន​ព្រម​បោះឆ្នោត​រើស​ក្បាល​ម៉ាស៊ីន​សភា​ឲ្យ​បាន​រហ័ស? ថ្ងៃ​នេះ​ប្រធាន​សភា​ទៅ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស ទាល់តែ​ត្រឡប់​មក​វិញ ថ្ងៃ​អង្គា ក្រោយ​ទើប​បោះ​ឆ្នោត។ សូម​កុំ​បារម្ភ គណបក្ស​ប្រជាជន​នឹង​បំពេញ​នូវ​ការ​សន្យា ដោយ​ធ្វើ​ការ​បោះ​ឆ្នោត​ជូន​បេក្ខជន​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ នេះ​ជា​បញ្ហា​ដែល​ត្រូវ​មើល​ឃើញ។ សម្រាប់​ខ្ញុំ​អត់​មាន​ Deadlock អត់​មាន​ជាប់​គាំង​អី​ផង ព្រោះ​ដំណើរ​ធម្មតា​តាំង​ពី​មុន​មក​អ៊ីចឹង​ហើយ»

ទាក់ទង​បញ្ហា​មិន​អាច​ប្រជុំ​សភា​បាន​ក្នុង​ពេល​នេះ ដោយសារ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​បាន​ដឹកនាំ​គណៈប្រតិភូ​សភា​ទៅ​បំពេញ​ទស្សនកិច្ច​មិត្តភាព​នៅ​ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់ ២០ សីហា។

​តាម​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ក្នុង​ការ​បែងចែក​អំណាច​នៅ​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា កាន់កាប់​តំណែង​ប្រធាន​រដ្ឋ​សភា និង​អនុ​ប្រធាន​ទី​២ រួម​ជាមួយ​គណៈកម្មការ​ជំនាញ​ចំនួន ៥។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ កាន់កាប់​តំណែង​អនុ​ប្រធាន​ទី​១ និង​គណៈកម្មការ​ជំនាញ​ចំនួន ៥ ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។