គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិភាក្សាសំណើដកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ ២រូប របស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែកក្កដា។
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង អោយដឹងនៅថ្ងៃទី១៥ ខែកក្កដា ថា របៀបវារៈនៃកិច្ចប្រជុំនោះរួមមាន ពិភាក្សាពីច្បាប់ចំនួន៤ ដែលរដ្ឋាភិបាលបានដាក់ជូនលិខិតចោទសួររបស់គណបក្សសង្គ្រោះជាតិ ចំនួន ២ច្បាប់ និងសំណើរបស់ក្រសួងយុត្តិធម៌ និងតុលាការករណីលើកអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូប។
លោក ឡេង ប៉េងឡុង៖ «មានច្បាប់៤ ក្នុងហ្នឹងមានច្បាប់ទាក់ទងដល់សុខាភិបាល និងច្បាប់ ៣ទៀតជាកិច្ចព្រមព្រៀងជាមួយអាស៊ាន។ ក្រៅពីហ្នឹងមានលិខិតសំណួររបស់គណបក្សសង្រ្គោះជាតិ ចំនួន២ ទី១ គឺករណីឯកឧត្តម សម រង្ស៊ី ដែលកាលពីឆ្នាំ២០១៣ ត្រូវតុលាការកាត់សេចក្ដីហើយ ប៉ុន្តែ ២០១៤ នៅតែអាចធ្វើតំណាងរាស្រ្តបាន។ សំណួរទី២ ថាតើរដ្ឋសភាផ្អែកលើច្បាប់ណាដែលអនុញ្ញាតអោយតុលាការបន្តនីតិវិធីចំពោះតំណាងរាស្រ្ត គាត់ដាក់មកថា ករណីឯកត្តម សម រង្ស៊ី កឹម សុខា និង អ៊ុំ សំអាន និងមានករណីលិខិតរបស់តុលាការដែលសុំដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ២រូប»។
លិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ចុះថ្ងៃទី៣០ ខែមិថុនា ស្នើប្រធានរដ្ឋសភាគឺលោក ហេង សំរិន អោយដកអភ័យឯកសិទ្ធិសភាតំណាងរាស្ត្រពីររូប គឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា។ សំណើនោះជាការឆ្លើយតបចំពោះលិខិតរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលថា អ្នកតំណាងរាស្ត្រទាំង ២រូបកំពុងជាប់សង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌ តាមមាត្រា២៨៤ នៃក្រមព្រហ្មទណ្ឌ។ អ្នកទាំង ២ត្រូវតុលាការក្រុងភ្នំពេញ កោះហៅកាលពីថ្ងៃទីថ្ងៃទី១៦ ខែឧសភា ឲ្យចូលបំភ្លឺក្នុងសំណុំរឿងសញ្ចារកម្មពាក់ព័ន្ធរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
