រដ្ឋ​សភា​គ្រោង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​សំណុំ​រឿង​លោក កឹម សុខា នៅ​ថ្ងៃ​ទី​៣០ ឧសភា

ដោយ ខែ សុណង
2016.05.28
កឹម សុខា ៨៥៥ ២០១៦ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​យុវជន​នា​ទីស្ដីការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Morm Moniroth

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា គ្រោង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែ​ឧសភា សប្ដាហ៍​ក្រោយ ដើម្បី​ពិភាក្សា​សំណុំ​រឿង​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​បើក​កិច្ច​ប្រជុំ​នេះ បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដាក់​លិខិត​ទៅ​ប្រធាន​រដ្ឋសភា​រាយការណ៍​អំពី​ការ​ចោទ​ប្រកាន់​លោក កឹម សុខា ដែល​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​ចំនួន​ពីរ​លើក។

រដ្ឋ​សភា​បាន​ឆ្លើយ​តប​ភ្លាមៗ ចំពោះ​លិខិត​របស់​ព្រះរាជអាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​រាយការណ៍​អំពី​ការ​ចោទ​ប្រកាន់​លោក កឹម សុខា ថា​មាន​បទ​ល្មើស​ជាក់ស្ដែង​ពី​បទ​ឧក្រិដ្ឋ និង​បទ​មជ្ឈិម​ជាក់ស្ដែង ដោយសារ​លោក​មិន​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​សាក្សី​លើ​សំណុំ​រឿង​សញ្ចារកម្ម។

អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ថ្លែង​នៅ​ថ្ងៃ​ទី​២៨ ឧសភា ថា លោក​បាន​រៀបចំ​បែបបទ​ដាក់​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែ​ឧសភា ដើម្បី​យក​លទ្ធផល​ដាក់​ជូន​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា​ប្រជុំ​អនុម័ត​ក្នុង​សំឡេង ៣ ភាគ ៤ នៃ​សមាជិក​រដ្ឋសភា ទើប​អាច​សម្រេច​កិច្ចការ​នេះ​បាន។

លោក​បញ្ជាក់​ថា ការ​សម្រេច​នេះ​ទៀត​សោត គឺ​មាន​តែ​ករណី​ពីរ​ប៉ុណ្ណោះ គឺ​អនុម័ត​ផ្អាក​ចោទ​ប្រកាន់​លោក កឹម សុខា ឬ​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​បន្ត​នីតិវិធី៖ «អត់​មាន​ប្រជុំ​ដក​អភ័យ​ឯកសិទ្ធិ​អី​ទេ គឺ​ក្នុង​សំបុត្រ​របស់​ព្រះរាជអាជ្ញា​ក្នុង​ការ​ចោទ​ប្រកាន់​នេះ​ក៏​មាន​ចែង​នៅ​ក្នុង​ច្បាប់​ដែរ ការ​ចោទ​ប្រកាន់​ត្រូវ​តែ​រាយការណ៍​ភ្លាម​ហើយ​សភា​មាន​សិទ្ធិ​សម្រេច​ថា តុលាការ​នឹង​បន្ត​នីតិវិធី ឬ​ក៏​ផ្អាក​បើ​សិន​ផ្អាក​ត្រូវ​បោះឆ្នោត​ត្រូវ​មាន​ការ​អនុម័ត ៣ ភាគ ៤ ក្នុង​ច្បាប់​មាន​ហើយ។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​មាន​ហើយ គឺ​សម្រេច​ក្នុង​ករណី​ហ្នឹង​យ៉ាង​ម៉េចៗ​ត​ទៀត»

អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​មាន​ព្រះរាជអាជ្ញា យ៉េត ចរិយា និង​ព្រះរាជអាជ្ញា​រង​លោក សៀង សុខ ផ្ញើ​លិខិត​ជូន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ស្ដី​អំពី​ការ​រាយការណ៍​ជុំវិញ​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម។ លិខិត​ដដែល​បាន​រៀបរាប់​ថា អំពើ​ដែល​លោក កឹម សុខា បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​សាក្សី ចំនួន ២​លើក ក្នុង​ពេល​តុលាការ​កំពុង​ចាត់ការ​សំណុំរឿង​សញ្ចារ​កម្ម​ទាក់ទង​នឹង​រឿង​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

ក្នុង​លិខិត​នោះ បាន​លើក​ឡើង​មាត្រា ១២ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ដែល​បាន​ចែង​ថា "ក្នុង​ករណី​តំណាងរាស្ត្រ​ណា​បាន​ប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង ក្រសួង​មាន​សមត្ថកិច្ច​អាច​ចោទ​ប្រកាន់ ចាប់​ខ្លួន ឬ​ឃុំ​ខ្លួន​បាន ហើយ​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​រដ្ឋសភា ឬ​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​នៅ​ចន្លោះ​សម័យ​ប្រជុំ​រដ្ឋសភា​ជា​បន្ទាន់​ដើម្បី​សម្រេច"។

ថ្វី​បើ​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ក្ដី ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​មុខ​ស្នាក់​ការ​គណបក្ស​ថា អ្នក​តំណាងរាស្ត្រ​ទាំង​អស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ដាក់​ញត្តិ​ទៅ​ប្រធាន​រដ្ឋសភា​ថា អ្នក​តំណាងរាស្ត្រ​មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ​ដោយសារ​មាន​រំលោភ​បំពាន​ទៅ​លើ​អភ័យឯកសិទ្ធិ​អ្នក​តំណាងរាស្ត្រ៖ «ខ្ញុំ​គាំទ្រ​អោយ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ក្រុម​សមាជិក​សភា​ធ្វើ​ញត្តិ​ផ្ញើ​ជូន​ប្រធាន​រដ្ឋសភា​ដើម្បី​បញ្ជាក់​ប្រាប់​ថា តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​មិន​អាច​ទៅ​បំពេញ​ការងារ​នៅ​មន្ទីរ​រដ្ឋសភា​បាន​ទេ ក្នុង​កាលៈទេសៈ​ដែល​មាន​រំលោភ​បំពាន​អភ័យ​ឯកសិទ្ធិ​សភា​របស់​អ្នក​តំណាងរាស្ត្រ​បន្ត​បន្ទាប់​បាន​ទេ»

កាល​ពី​ថ្ងៃ​ទី​១២ ឧសភា សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​ ដែល​មាន​តែ​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​សម្រេច​ករណី លោក អ៊ុំ សំអាន តំណាងរាស្ត្រ​មណ្ឌល​សៀមរាប គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចោទ​ប្រកាន់​ពីរ​បទល្មើស​គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាអាទិ៍​នៃ​ក្រម​ព្រហ្មទណ្ឌ ទាក់ទង​ទៅ​នឹង​ការ​បង្ហោះ​ផ្សព្វផ្សាយ​ផែនទី ដែល​រដ្ឋាភិបាល​ចោទ​ថា​ជា​ផែនទី​ក្លែងក្លាយ។

កាល​ពី​យប់​ថ្ងៃ​ទី​២៧ ខែ​ឧសភា ក្រសួង​យុត្តិធម៌​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ជុំវិញ​សំណុំ​រឿង​លោក កឹម សុខា នេះ​ដែរ ដោយ​ចោទ​ពី​បទ បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​តាម​មាត្រា ៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ចែង​ថា "រាល់​បុគ្គល​ណា​ដែល​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​មក​ឆ្លើយ​ជា​សាក្សី​នៅ​មុខ​អយ្យការ ឬ​ចៅក្រម​ស៊ើបសួរ ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ ហើយ​មិន​ព្រម​ចូលខ្លួន​តាម​ដីកា​កោះ​ហៅ​នោះ ដោយ​គ្មាន​មូលហេតុ​សមស្រប​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ ១​លាន​រៀល"៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។