លោក ស៊ុយ សែម នឹង​ទៅ​ឆ្លើយ​នៅ​សភា​រឿង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២

0:00 / 0:00

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ឲ្យ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នា​រដ្ឋ​សភា នៅ​​ថ្ងៃ​ទី​១៩ ខែ​មិថុនា ខាង​មុខ។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៤៧​រូប បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​កោះ​ហៅ​លោក ស៊ុយ សែម ឲ្យ​ចូល​ខ្លួន​ឆ្លើយ​សំណួរ​របស់​អ្នក​តំណាងរាស្ត្រ​លើ​ផល​ប៉ះពាល់​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ដែល​ជា​ក្រសួង​ទើប​បង្កើត​ថ្មី​នៅ​អាណត្តិ​នេះ លោក ស៊ុយ សែម នឹង​បង្ហាញ​មុខ​ចំពោះ​សភា​ពេញ​អង្គ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ដើម្បី​ឲ្យ​សភា​សាកសួរ​នូវ​បញ្ហា​នានា ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សមត្ថកិច្ច​របស់​លោក​នៅ​ក្នុង​ការ​អភិវឌ្ឍ​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង។

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ជាតិ លោក ឈាង វុន ឲ្យ​ដឹង​ថា ការ​កោះ​ហៅ​លោក ស៊ុយ សែម មក​សាកសួរ​នេះ គឺ​ធ្វើ​ឡើង​តាម​ច្បាប់​និង​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋ​សភា​ជាតិ។ លោក​បន្ត​ថា លោក​មិន​ទាន់​បាន​ឃើញ​លិខិត​របស់​រាជរដ្ឋាភិបាល ផ្ញើ​ជូន​រដ្ឋសភា​ស្ដីពី​បញ្ហា​នេះ​នៅ​ឡើយ។ តែ​លោក​ទទួល​ដំណឹង​ថា លោក ហ៊ុន សែន បាន​យល់​ព្រម និង​ចាត់​តាំង​រួច​ហើយ​ឲ្យ​លោក ស៊ុយ សែម ចូល​បំភ្លឺ​ក្នុង​រដ្ឋ​សភា​តាម​កាល​កំណត់។

​លោក ឈាង វុន៖ «ហ្នឹង​ជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ហ្នឹង​តើ! ថា​អ្នក​ដែល​កាន់​ការ​តាម​ជំនាញ​នីមួយៗ នឹង​ចូល​ខ្លួន​បំភ្លឺ​ក្នុង​រដ្ឋ​សភា»

ទោះ​ជា​យ៉ាង​ណា​ក្តី កាសែត​ក្នុង​ស្រុក​បាន​ស្រង់​ខ្លឹមសារ​លិខិត​របស់​លោក ហ៊ុន សែន ចុះ​ថ្ងៃ​ទី​២ ខែ​មិថុនា ផ្ញើ​ជូន​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន លើក​ឡើង​ថា រាជរដ្ឋាភិបាល​នឹង​ចាត់​លោក ស៊ុយ សែម ទៅ​ធ្វើ​ការ​បំភ្លឺ​ដោយ​ផ្ទាល់​មាត់​ជូន​រដ្ឋ​សភា​តាម​កាលបរិច្ឆេទ ដែល​បាន​កំណត់​ដោយ​រដ្ឋ​សភា។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សុផាត បាន​ថ្លែង​បរិហារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ថា មាន​ឧក្រិដ្ឋជន​សម្ងំ​លាក់​ខ្លួន​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ទី​នោះ។ លោក​ក៏​បញ្ជាក់​ថា ក្រុម​ឈ្មួញ​ធំៗ បាន​កាប់​ឈើ​នៅ​តំបន់​ក្រៅ​អាង​ទំនប់​វារីអគ្គិសនី​យ៉ាង​អនាធិបតេយ្យ។ ប្រសាសន៍​របស់​លោក ឡូយ សូផាត គឺ​ស្រដៀង​គ្នា​នឹង​សម្ដី​របស់​មន្ត្រី​សង្គម​ស៊ីវិល​ដែល​បាន​ប្រាប់​អ្នក​កាសែត​ជា​ច្រើន​ដង​ច្រើន​សា​ថា ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ជា​កន្លែង​ដែល​លាង​ឈើ​ខុស​ច្បាប់។

​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ត្រូវ​បាន​រដ្ឋ​សភា​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​សាង​សង់​នៅ​ចុង​ឆ្នាំ​២០១២។ គម្រោង​នេះ​មាន​ទឹក​ប្រាក់​សរុប​ជិត ៨០០​លាន​ដុល្លារ ដែល​មាន​​អនុភាព​អគ្គិសនី ៤០០​មេហ្គាវ៉ាត់។ ដើម្បី​អនុវត្ត​គម្រោង​នេះ រាជរដ្ឋាភិបាល​ត្រូវ​កាប់​ព្រៃ​ឈើ​ចំនួន​ជាង ៣​ម៉ឺន​ហិកតារ​យក​ទីតាំង​ធ្វើ​អាង​ស្តុក​ទឹក និង​ត្រូវ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ចំនួន ១.០២៥​គ្រួសារ ដែល​ពលរដ្ឋ​ភាគ​ច្រើន​ជា​ជន​ជាតិ​ដើម​ភាគ​តិច។

​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ថ្លែង​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋ​សភា និង​រដ្ឋាភិបាល ជុំវិញ​គម្រោង​សាងសង់​ទំនប់​នេះ។ លោក​បន្ត​ថា សភា​គួរ​ណាស់​តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​គម្រោង​នេះ ដើម្បី​ប្រយោជន៍​ជាតិ​ទាំង​មូល។

លោក​បញ្ជាក់​ថា បើសិនជា​សួរ​ឲ្យ​បកស្រាយ ហើយ​បកស្រាយ​រួច​គ្មាន​ចំណាត់​ដដែល​នោះ ​វា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​បាត់បង់​ជំនឿ​បន្ថែម​ទៀត​ទៅ​លើ​រដ្ឋាភិបាល៖ «ធ្វើ​ការ​សិក្សា​ឡើង​វិញ​ទៅ​ធនធាន​ធម្មជាតិ ឬ​សត្វ​សំខាន់ៗ​ផ្សេង​ទៀត ដូច​ផ្សោត​ដូច​អី​អ៊ីចឹង គេ​គួរ​តែ​ថ្លឹងថ្លែង​គ្នា គេ​មិន​គួរ​ណា​គិត​តែ​ពី​សាងសង់​ឲ្យ​តែ​បាន​នោះ​ទេ»

​គម្រោង​នេះ​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​រាប​ដែល​មាន​សណ្ឋាន​ជា​ចានទាប ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​បរិស្ថាន។ តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​សង្គម​ស៊ីវិល​បញ្ជាក់​ថា បើ​សិន​រដ្ឋាភិបាល​ផ្អាក​គម្រោង​នេះ ហើយ​ងាក​ទៅ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​ផ្សេង​វិញ​នោះ​នឹង​ចំណេញ​ច្រើន​ដល់​វិស័យ​សេដ្ឋកិច្ច​និង​បរិស្ថាន។ ទីតាំង​សក្ដានុពល​ដែល​រដ្ឋាភិបាល​មើល​រំលង​នោះ មាន​ដូចជា ទំនប់​ព្រែកលាង​១ និង​ព្រែកលាង​២ សេសាន​ក្រោម​១ និង​ស្រែពក​៣។ ទំនប់​ទាំង​៤​នេះ​មាន​អនុភាព​អគ្គិសនី​ប្រមាណ ៥០០ ទៅ ៦០០​ម៉េហ្គាវ៉ាត់ ហើយ​ក៏​មាន​ផល​ប៉ះពាល់​ផ្នែក​សង្គម​និង​បរិស្ថាន​តិចតួច​ជាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​ទៀត​ផង។

​មន្ត្រី​សង្គម​ស៊ីវិល​បញ្ជាក់​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នេះ មិន​ត្រឹមតែ​ប៉ះ​ពាល់​ដល់​ព្រៃឈើ​និង​ជម្លៀស​ពលរដ្ឋ​ចេញ​ប៉ុណ្ណោះ​ទេ តែ​គម្រោង​នេះ​ក៏​នឹង​កម្ចាត់​ផ្នូរ​សព​របស់​ជន​ជាតិ​ដើម ធ្វើ​ឲ្យ​ជន​ជាតិ​ដើម​ភាគតិច​បាត់បង់​មុខ​របរ បាត់បង់​ប្រពៃណី នាំ​ឲ្យ​ផុត​ពូជ​ធនធាន​ត្រី ធនធាន​ជលផល​ដទៃ​ទៀត ធ្វើ​ឲ្យ​បរិយាកាស​អាកាសធាតុ​ប្រែប្រួល។ ហេតុនេះ​អ្នក​ដែល​ត្រូវ​ឡើង​មក​បំភ្លឺ​នៅ​រដ្ឋ​សភា មិនមែន​តែ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​មួយ​នាក់​ប៉ុណ្ណោះ​ទេ។

​ចំពោះ​ការ​កោះ​ហៅ​លោក ស៊ុយ សែម មក​បំភ្លឺ​នៅ​រដ្ឋ​សភា​វិញ វា​ជា​លើក​ទី​១​ហើយ ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា កោះ​ហៅ​មន្ត្រី​រួម​បក្ស​មក​សួរ​នាំ​ក្នុង​អាណត្តិ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។