ប្រធាន​សភា​មិន​បញ្ជូន​លិខិត​ស្នើសុំ​បញ្ឈប់​កិច្ចសន្យា​លក់​សំបុត្រ​ចូល​អង្គរ​ទៅ​នាយក​រដ្ឋមន្ត្រី

0:00 / 0:00

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​សៀមរាប ម្នាក់ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ប្រធាន​រដ្ឋសភា ដោយ​ស្នើសុំ​ឲ្យ​បញ្ឈប់​កិច្ចសន្យា​សម្បទាន​នៃ​ការ​លក់​សំបុត្រ​ភ្ញៀវ​ចូល​ទស្សនា​អង្គរ​ពី​ក្រុមហ៊ុន សុខា អូតែល ដែល​ជា​របស់ លោក​ឧកញ៉ា សុខ គង់។

ក៏ប៉ុន្តែ លិខិត​ស្នើសុំ​នោះ​មិន​បាន​បញ្ជូន​ទៅ​ដល់​ដៃ​នាយក​រដ្ឋមន្ត្រី​ទេ ដោយសារ​តែ​ប្រធាន​រដ្ឋសភា​មិន​យល់​ស្រប ហើយ​ទុក​កិច្ចការ​នេះ​ឲ្យ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ នៃ​រដ្ឋសភា ជា​អ្នក​ធ្វើ​វិញ។

តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី លោក អ៊ុំ សំអាន អះអាង​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី​១០ ខែ​មីនា ថា អាជ្ញាធរ​អប្សរា​ដែល​ទទួល​បន្ទុក​ការពារ និង​ថែ​រក្សា​ប្រាសាទ​បុរាណ គឺ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​ចំណូល​ជាតិ ដែល​បាន​ពី​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​អង្គរវត្ត តាម​រយៈ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ សុខា អូតែល បាន​ឡើយ។

លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា មាន​ភស្តុតាង​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​ថា អាជ្ញាធរ​អប្សរា និង​ក្រុមហ៊ុន សុខា អូតែល ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​ជាតិ​ពី​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​អង្គរ​ច្រើន​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ភស្តុតាង​ទាំង​នោះ ដូចជា​របាយការណ៍​របស់​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ​បង្ហាញ​ថា មាន​អ្នក​ទេសចរ​ចូល​មក​ខេត្ត​នេះ​តាម​ជើង​ហោះហើរ​ប្រមាណ ៣​លាន ៦​សែន​នាក់។ តាម​តួលេខ​ភ្ញៀវ​នេះ ភាគ​ច្រើន​មក​ស្នាក់នៅ​រយៈពេល​ពីរ​ថ្ងៃ។ ដូច្នេះ បើ​យក​ចំនួន ៣​លាន ៦​សែន​នាក់​ទៅ​គុណ​នឹង​ប្រាក់​ចូល​ទស្សនា​អង្គរ ៤០​ដុល្លារ គឺ​បាន​ប្រាក់​ចំណូល​ប្រហែល ១៤៤​លាន​ដុល្លារ​ទៅ​ហើយ ក៏ប៉ុន្តែ​របាយការណ៍​របស់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៤ បញ្ជាក់​ថា ចំណូល​នៃ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​បាន ៥៩​លាន​ដុល្លារ​នោះ គឺ​បាត់​បង់​ជាច្រើន៖ «បើ​គិត​ពី​ចំណូល​វា​បាត់ ឆ្នាំ​២០១៤ បាន​ចំណូល​តែ ៥៩​លាន​ដុល្លារ។ ខ្ញុំ​ឧស្សាហ៍​ទៅ​លេង​អង្គរ ទៅ​ភ្នំ​បាខែង អី​ឃើញ​ភ្ញៀវ​ច្រើន ឃើញ​ភ្ញៀវ​ទេសចរ​ច្រើន ហេតុ​អ្វី​បាន​ជា​ចំណូល​ធ្លាក់​ចុះ?»

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា អ្នក​តំណាង​រាស្ត្រ​រូប​នេះ​បាន​សរសេរ​លិខិត​មួយ​ច្បាប់ ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ប្រធាន​រដ្ឋសភា ដើម្បី​ស្នើសុំ​ឲ្យ​បញ្ឈប់​កិច្ចសន្យា​សម្បទាន​នៃ​ការ​លក់​សំបុត្រ​អង្គរវត្ត ទៅ​ឲ្យ​ក្រុមហ៊ុន សុខា អូតែល ដែល​ជា​របស់​លោក​ឧកញ៉ា សុខ គង់ ត​ទៅ​ទៀត។ ក៏ប៉ុន្តែ លិខិត​នោះ​មិន​ទាន់​បញ្ជូន​ទៅ​ដល់​ដៃ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឡើយ​ទេ ដោយសារ​តែ​ប្រធាន​សភា ទុក​ឲ្យ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​របស់​រដ្ឋសភា ជា​អ្នក​ធ្វើ​វិញ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ហៅ​ការ​ស្នើសុំ​ឲ្យ​បញ្ឈប់​កិច្ចសន្យា​នៃ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ពី​ក្រុមហ៊ុន សុខា អូតែល នោះ ថា​គឺ​ជា​ការ​ធ្វើ​តាម​បែប​មនោសញ្ចេតនា មិន​មែន​ជា​ផ្លូវ​ច្បាប់​ទេ។ លោក ផៃ ស៊ីផាន បញ្ជាក់​ថា ជា​ការ​ពិត អ្នក​តំណាង​រាស្ត្រ គឺ​ជា​អ្នក​តាក់តែង​ច្បាប់។ ដូច្នេះ បើ​ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​កិច្ចសន្យា​នៃ​ការ​ប្រមូល​ចំណូល​ទេសចរណ៍​ពី​ក្រុមហ៊ុន សុខា អូតែល គួរ​តែ​ធ្វើ​តាម​លំដាប់​លំដោយ​នៃ​ច្បាប់​ដោយ​មាន​ភស្តុតាង និង​របាយការណ៍​ស៊ើប​អង្កេត​ស្ដីពី​ភាព​មិន​ប្រក្រតី​នានា​ឲ្យ​បាន​ច្បាស់លាស់៖ «រាជ​រដ្ឋាភិបាល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ ម្ល៉ោះ​ហើយ​យើង​មិន​ធ្វើ​តាម​មនោសញ្ចេតនា​ទេ គឺ​ធ្វើ​តាម​នីតិវិធី​ច្បាប់​ដែល​ត្រូវ​ធ្វើ»

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​ទៅ គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា ក៏​ធ្លាប់​ដឹក​នាំ​គណប្រតិភូ ចុះ​ពិនិត្យ​លើ​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​អង្គរវត្ត​នេះ​ដែរ។ កាល​នោះ អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ ក៏​បាន​សម្ដែង​ពី​ការ​មិន​ជឿជាក់​ទៅ​លើ​ចំណូល​ទេសចរណ៍​រយៈពេល ១០​ខែ​នៃ​ឆ្នាំ​២០១៤ នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។