រដ្ឋសភា​កាត់​ប្រាក់​ខែ​ពាក់​កណ្ដាល​ពី​លោក អ៊ុំ សំអាន រយៈពេល​ពីរ​ខែ

0:00 / 0:00

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដ៏​មាន​វោហារ​ខាង​បញ្ហា​ព្រំដែន ឲ្យ​ដឹង​ថា រដ្ឋសភា​នឹង​កាត់​ប្រាក់​ខែ​របស់​ខ្លួន ៥០% នៅ​ចុង​ខែ​សីហា និង​ខែ​កញ្ញា ពាក់ព័ន្ធ​ការ​រិះគន់​ប្រធាន​រដ្ឋសភា ថា​មិន​តតាំង​ជាមួយ​ភាគី​វៀតណាម ក្នុង​បញ្ហា​ព្រំដែន។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា រដ្ឋសភា​នឹង​កាត់​ប្រាក់​ខែ​របស់​លោក​ពាក់​កណ្ដាល រួម​ទាំង​លុយ​ដែល​ត្រូវ​ចំណាយ​លើ​ជំនួយ​ការ អ្នក​បើកបរ ថ្លៃ​សាំង ថ្លៃ​ស្នាក់នៅ និង​ការ​ចំណាយ​ផ្សេងៗ​ទៀត៖ «ហើយ​ការ​កាត់​ប្រាក់​ខែ​ហ្នឹង គឺ​យោង​ទៅ​តាម​ការ​ដាក់​ទណ្ឌកម្ម​វិន័យ ហើយ​ការ​ដាក់​ទណ្ឌកម្ម​វិន័យ​ហ្នឹង មិន​បាន​អនុវត្ត​នៅ​តាម​រដ្ឋធម្មនុញ្ញ និង​បទបញ្ជា​ផ្ទៃ​ក្នុង​ទេ។ គាត់​ធ្វើ​ទៅ​តាម​ការ​នឹក​ឃើញ អ៊ីចឹង​ដែល​មិន​បាន​អនុវត្ត​ទៅ​តាម​ច្បាប់។ ដូច​ចាស់ៗ និង​ក្មេងៗ​គេ​និយាយ​លេង​អ៊ីចឹង​ថា មាត្រា​៩៩ ចោរ​រួច​ខ្លួន ម្ចាស់​ជាប់​គុក»

ការ​កាត់​ប្រាក់​ខែ​អ្នក​តំណាង​រាស្ត្រ​រូប​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ទណ្ឌកម្ម​វិន័យ ជុំវិញ​ការ​ដែល​លោក​ហ៊ាន​រិះគន់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) កាល​ពី​ខែ​កក្កដា ថា​មិន​ហ៊ាន​ក្អក​ជាមួយ​វៀតណាម បើ​ទោះ​បី​ជា​វៀតណាម បាន​យក​ភូមិ​កំណើត​របស់​លោក​ចំនួន​ពីរ ហើយ​សុខ​ចិត្ត​យក​ភូមិ​របស់​ខ្មែរ​ពីរ​ទៀត ទៅ​ដូរ​ដើម្បី​យក​ភូមិ​របស់ លោក ហេង សំរិន មក​វិញ។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ប្រជុំ​សម្រេច​ដាក់​ពិន័យ​រដ្ឋបាល​លើ លោក អ៊ុំ សំអាន ដោយ​ព្យួរ​ការងារ និង​កាត់​ប្រាក់​ខែ​ដោយ​ចោទ​ថា តំណាង​រាស្ត្រ​រូប​នេះ​ប្រព្រឹត្ត​ខុស​បទបញ្ជា​ផ្ទៃ​ក្នុង ពាក់ព័ន្ធ​នឹង​ការ​រិះគន់​ប្រធាន​រដ្ឋសភា។

លោក អ៊ុំ សំអាន បាន​សរសេរ​លិខិត​សុំ​អធ្យាស្រ័យ និង​ការ​អត់ឱន​ពី លោក ហេង សំរិន ដើម្បី​បន្ថយ​កម្ដៅ​នយោបាយ។ មួយ​ថ្ងៃ​ក្រោយ​មក លោក ហេង សំរិន បាន​ចារ​លើ​លិខិត​នោះ​បញ្ជាក់​ថា ផ្តល់​ការ​អធ្យាស្រ័យ​ដល់ លោក អ៊ុំ សំអាន ដោយ​បញ្ចប់​ត្រឹម​ការ​ដាក់​ទណ្ឌកម្ម​វិន័យ។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ករណី​របស់ លោក អ៊ុំ សំអាន បាន​បញ្ចប់​សព្វគ្រប់​ហើយ ក្រោយ​ពី​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ សរសេរ​លិខិត​សុំ​ការ​អធ្យាស្រ័យ​ពី លោក ហេង សំរិន៖ «កំហុស​ដែល​គាត់​ទទួល​ហ្នឹង​ចុះ​នៅ​ក្នុង​លិខិត​ដែល​គាត់​ផ្ញើ​ជូន​សម្ដេច​ប្រធាន​ផង។ តើ​មាន​អី​លើស​ពី​ហ្នឹង​ទៀត បើ​គាត់​សុំ​ទោស​ហើយ? តើ​មាន​អី​ទៀត? មាន​តែ​ប៉ុណ្ណឹង ខ្ញុំ​អត់​មាន​អ្វី​ត្រូវ​និយាយ​ទៀត​ទេ។ រឿង​របស់​គាត់​ជាមួយ​ខ្ញុំ គឺ​ចប់​ហើយ។ ហើយ​ក្រោយ​ហ្នឹង​មួយ​ថ្ងៃ​ពីរ​ថ្ងៃ គាត់​ចូលរួម​ជា​សមាជិក​គណៈប្រតិភូ​របស់​ខ្ញុំ​ទៅ​ប្រជុំ​អ្នក​នយោបាយ​សភា​អាស៊ាន នៅ​ខេត្ត​សៀមរាប ហើយ​គាត់​នៅ​អង្គុយ​ពី​ក្រោយ​ខ្ញុំ។ ខ្ញុំ​អត់​មាន​ប្រកាន់​អី​គាត់​ទេ តែ​ចប់​រឿង គឺ​ចប់​ហើយ»

ប៉ុន្តែ​ករណី​នេះ​មិន​បាន​បញ្ចប់​នោះ​ទេ ដោយសារ​ការ​កាត់​ប្រាក់​ខែ​នេះ គឺ​ធ្វើ​ឡើង​ទៅ​តាម​ចំណារ​របស់ លោក ហេង សំរិន ដែល​លោក​បាន​ចារ​លើ​លិខិត​សុំ​ការ​អធ្យាស្រ័យ​របស់ លោក អ៊ុំ សំអាន ថា​បញ្ចប់​បញ្ហា​នេះ​ត្រឹម​ការ​ដាក់​ទណ្ឌកម្ម​វិន័យ។ ប៉ុន្តែ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា ការ​កាត់​ប្រាក់​ខែ​របស់​លោក ធ្វើ​ឡើង​ផ្ទុយ​ពី​មាត្រា​៨០ ដែល​ចែង​អំពី​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ និង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា។

មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា តំណាង​រាស្ត្រ​រូប​ណា​ក៏ដោយ មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់​ចាប់​ខ្លួន ឬ​ឃាត់​ខ្លួន​ដោយ​ហេតុផល​ពី​បាន​សម្ដែង​មតិ​យោបល់ ឬ​បញ្ចេញ​មតិ ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​នោះ​ឡើយ។

ប្រការ​៧៣ នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ចែង​ថា ទណ្ឌកម្ម​ខាង​វិន័យ​ដែល​យក​មក​ប្រើ​ចំពោះ​អ្នក​តំណាង​រាស្ត្រ​រួម​មាន ការ​ក្រើន​រំឭក ក្រើន​រំឭក​ដោយ​ចុះ​ក្នុង​កំណត់​ហេតុ បន្ទោស បន្ទោស​ហើយ​បណ្ដេញ​ចេញ​មួយ​រយៈពេល​ពី​សាល​ប្រជុំ និង​ការ​បន្ទោស​នាំ​ឲ្យ​ទទួល​ទណ្ឌកម្ម កាត់​ប្រាក់​បំណាច់​ប្រចាំ​ខែ​ចំនួន ៥០% ចំនួន ២​ខែ និង​ហាម​មិន​ឲ្យ​ចូល​ប្រជុំ​រដ្ឋសភា ១៥​ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។