រដ្ឋសភា​អនុម័ត​រើស​សមាសភាព​រាជ​រដ្ឋាភិបាល​បន្ថែម

សមាជិក​រដ្ឋសភា បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​ផ្តល់​សេចក្តី​ទុក​ចិត្ត​លើ​សមាសភាព​រាជ​រដ្ឋាភិបាល ដែល​ត្រូវ​កែ​​សម្រួល និង​បំពេញ​បន្ថែម​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ។ ការ​បោះ​ឆ្នោត​នេះ តាម​រយៈ​ការ​គូស​សន្លឹក​ឆ្នោត​ជា​សម្ងាត់​នៅ​ក្នុង​កិច្ច​ប្រជុំ​​សភា ដែល​មាន​សុទ្ធ​តែ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦៧​រូប។ ប៉ុន្តែ ការ​បោះ​ឆ្នោត​នេះ ត្រូវ​រង​ការ​រិះគន់​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន។

0:00 / 0:00

កិច្ច​ប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ធ្នូ ក៏​មាន​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​មាន​ឋានៈ​​ជា​ឧបនាយករដ្ឋមន្ត្រី​ជាច្រើន​រូប​​​​​ចូល​រួម​ផង។ សមាសភាព​សមាជិក​រាជ​រដ្ឋាភិបាល​ដែល​ត្រូវ​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ពេល​នេះ មាន​ឋានៈ​ជា​រដ្ឋមន្ត្រី ឬ​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ឋានៈ​ជា​រដ្ឋលេខាធិការ។ ក្នុង​នោះ​មាន ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ទេសចរណ៍ ក្រសួង​កិច្ចការ​នារី។

​សមាសភាព​សមាជិក​រាជ​រដ្ឋាភិបាល​ដែល​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​មាន លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​មាន​រដ្ឋលេខាធិការ​ក្រសួង ៦​រូប។ លោក ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​មាន​រដ្ឋលេខាធិការ ៦​រូប​ទៀត និង​លោក អ៊ុច គឹមអន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី។

ទោះ​ជា​បែប​ណា មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ខ្លះ បាន​រិះគន់​កិច្ច​ប្រជុំ​សភា​ដើម្បី​បន្ថែម​សមាជិក​រដ្ឋាភិបាល​នីតិកាល​ទី​៥​ពេល​នេះ។

លោក អេង ឆៃអ៊ាង បេក្ខជន​តំណាង​រាស្ត្រ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​អះអាង​ថា រដ្ឋសភា​នីតិកាល​ទី​៥ ដែល​បង្កើត​ឯក​បក្ស​ដោយ​សមាជិក​សភា​បក្ស​ប្រជាជន​កម្ពុជា មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ។

ស្រដៀង​គ្នា​ដែរ សម្រាប់ លោក កែម ឡី អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ ក៏​បាន​រិះគន់​កិច្ច​ប្រជុំ​សភា​នីតិកាល​ទី​៥ ដើម្បី​បោះ​ឆ្នោត​បន្ថែម​សមាសភាព​សមាជិក​រាជ​រដ្ឋាភិបាល​ពេល​នេះ។ អ្នក​វិភាគ​រូប​នេះ​នៅ​តែ​ចាត់​ទុក​ថា រដ្ឋសភា​នីតិកាល​ទី​៥ បង្កើត​ដោយ​បក្ស​ប្រជាជន​កម្ពុជា និង​គ្មាន​ការ​ចូល​រួម​ពី​សមាជិក​សភា​បក្ស​ប្រឆាំង ជា​សភា​មិន​ទាន់​ស្រប​ច្បាប់​ទេ។

​យ៉ាង​ណា​ក៏ដោយ កិច្ច​ប្រជុំ​សភា​ដើម្បី​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​លើ​សមាសភាព​រាជ​រដ្ឋាភិបាល​បន្ថែម ត្រូវ​​​​សមាជិក​រដ្ឋសភា​បក្ស​ប្រជាជន​កម្ពុជា ចំនួន ៦៧​រូប ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​​​ចិត្ត​ជា​ស្ថាពរ​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។