អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ប្រកាស​ជ្រើស​រើស​សមាជិក គ.ជ.ប ថ្មី

0:00 / 0:00

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ប្រកាស​ជ្រើសរើស​សមាជិក​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ គ.ជ.ប តាម​ការ​កំណត់​របស់​ច្បាប់​ថ្មី។ ការ​ទទួល​ពាក្យ​មាន​រយៈពេល ១០​ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង។ អង្គការ​មិន​មែន​រដ្ឋាភិបាល​រិះគន់​ថា ការ​ប្រកាស​នេះ​គ្រាន់​តែ​ធ្វើ​ឲ្យ​ល្អ​មើល។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​ផ្នែក​បោះ​ឆ្នោត ហៅ​ដំណើរ​ការ​ជ្រើសរើស​បេក្ខជន​សមាជិក គ.ជ.ប ដែល​ប្រកាស​ដោយ​រដ្ឋសភា​នោះ ថា​ពុំ​បាន​ធ្វើ​ឡើង​ដោយ​មាន​តម្លាភាព​ឡើយ ពោល​គឺ​អ្វីៗ​ត្រូវ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​រៀប​ចំ​រួច​ជា​ស្រេច​ទៅ​ហើយ។

សមាជិក​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា អឺរ៉ា (ERA) លោក យង់ គិមអេង មាន​ប្រសាសន៍​ថា តាម​ច្បាប់ គ.ជ.ប ថ្មី​នេះ សមាជិក ៨​រូប​ទៀត​របស់ គ.ជ.ប នោះ គឺ​ត្រូវ​រើស​ដោយ​គណបក្ស​នយោបាយ​ទាំង​ពីរ ដែល​ជាទូទៅ​គណបក្ស​ទាំង​ពីរ​បាន​ត្រៀម​រួច​ស្រេច​ទៅ​ហើយ៖ «តាម​ពិត​បក្ស​គេ​បាន​ត្រៀម​មនុស្ស​រួច​ហើយ​សម្រាប់​អ្នក​ដែល​ត្រូវ​ធ្វើ​ជា​សមាជិក គ.ជ.ប គេ​ត្រៀម​រួច​ហើយ​បើ​តាម​ខ្ញុំ​មើល។ គ្រាន់​តែ​រឿង​ដែល​សំខាន់​គេ​គ្រាន់​តែ​ដាក់​ទៅ​គណៈ​អចិន្ត្រៃយ៍​សភា គ្រាន់​តែ​ធ្វើ​តាម​ផ្លូវ​ការ​ទៅ​តាម​បែបបទ​ប៉ុណ្ណោះ​ទេ មិន​មែន​ជា​ការ​ប្រកួត​ប្រជែង​មែន​ទែន​ទេ»

សេចក្ដី​ជូន​ដំណឹង​របស់​អគ្គលេខាធិការ​រដ្ឋសភា ចេញ​ថ្ងៃ​ទី​២៧ ខែ​មីនា បញ្ជាក់​ថា ឥស្សរជន​ដែល​មាន​បំណង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ចូលរួម​ក្នុង​ការ​ជ្រើសរើស អាច​ទៅ​ដាក់​ពាក្យ​ជា​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ប្រកាស​នេះ​រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​មេសា។ លក្ខណៈ​សម្បត្តិ​របស់​បេក្ខជន​ក្នុង​នោះ​ត្រូវ​មាន​កម្រិត​វប្បធម៌​ចាប់​ពី​ឧត្ដម​សិក្សា​ឡើង​ទៅ មាន​សញ្ជាតិ​ខ្មែរ អាយុ​យ៉ាង​តិច ៣៥​ឆ្នាំ មាន​សិទ្ធិ​បោះ​ឆ្នោត មាន​បទពិសោធន៍​ការងារ​យ៉ាង​តិច ១០​ឆ្នាំ មិន​ត្រូវ​ជា​សហព័ន្ធ​ញាតិ​លោហិត​រហូត​ដល់​ថ្នាក់​ទី​៣ របស់​ប្រធាន អនុប្រធាន​គណបក្ស​នយោបាយ ដែល​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត។ ប្រសិន​បើ​មាន​សញ្ជាតិ​ផ្សេង​ក្រៅ​ពី​សញ្ជាតិ​ខ្មែរ ត្រូវ​ប្រកាស​ពី​ការ​បោះបង់​សញ្ជាតិ​បរទេស​នោះ។

លក្ខណៈ​សម្បត្តិ និង​របៀប​នៃ​ការ​ជ្រើសរើស ត្រូវ​គោរព​តាម​មាត្រា​៥ និង​មាត្រា​៦ នៃ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

ក្នុង​ច្បាប់​ថ្មី​នេះ សមាសភាព​នៃ គ.ជ។ប មាន ៩​រូប ដែល ៤​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៤​រូប​ទៀត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង ១​រូប​ទៀត​មក​ពី​សង្គម​ស៊ីវិល។ សមាសភាព​មក​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​កន្លង​ទៅ ត្រូវ​គេ​ដឹង​ថា គឺ​អ្នកស្រី ពុង ឈីវកេក ដែល​បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។