រដ្ឋសភាបន្តប្រជុំពេញអង្គ ពិនិត្យនិងអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិសម្រាប់គ្រប់គ្រងឆ្នាំ២០១៥។ កិច្ចប្រជុំនេះ មានសមាជិកសភាចូលរួមទាំងអស់ ១១២នាក់ ដោយតំណាងរាស្ត្រមកពីបក្សកាន់អំណាច ៦៥នាក់ និងមកពីគណបក្សប្រឆាំងមាន ៤៧នាក់។ កិច្ចប្រជុំដំណើរការតាមលំដាប់លំដោយក៏ពិតមែន ប៉ុន្តែអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់មិនបោះឆ្នោតយល់ព្រមឲ្យអនុម័តច្បាប់នេះឡើយ។
រដ្ឋសភានៅតែសម្រេចដាក់សេចក្ដីព្រាងច្បាប់នេះឲ្យសភាពេញអង្គពិនិត្យដដែល ដោយសំអាងលើរដ្ឋធម្មនុញ្ញដែលចែងថា ច្បាប់មួយអាចអនុម័តទៅបានអាស្រ័យដោយសំឡេងភាគច្រើនដាច់ខាត។ ដំណើរការអនុម័តច្បាប់ថវិកាជាតិឆ្នាំនេះ មិនអនុម័តធូរៗ ដូចឆ្នាំកន្លងទៅ ដែលគណបក្សកាន់អំណាចធ្វើការនៅក្នុងសភាតែម្នាក់ឯងនោះឡើយ។ តំណាងរាស្ត្រគណបក្សប្រឆាំងបណ្ដាក់គ្នាឡើងថ្លែងចាប់អារម្មណ៍ក្នុងដំណើរការចងក្រងច្បាប់ថវិកាជាតិ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការប្រមូលពន្ធឲ្យមានប្រសិទ្ធភាព បំណុលដែលកម្ពុជា ជំពាក់បរទេសជាដើម។
ចំណែកឯតំណាងរាស្ត្របក្សកាន់អំណាចបណ្ដាក់គ្នាឆ្លើយតបវាយបកទៅបក្សប្រឆាំងវិញ មិនខុសអីពីតំណាងរដ្ឋាភិបាលគឺរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានតួនាទីជាអ្នកការពារច្បាប់នោះទេ។
អនុប្រធានរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រាប់អ្នកកាសែតថា គណបក្សសង្គ្រោះជាតិយល់ថា ការចងក្រងច្បាប់ថវិកាជាតិចាំបាច់ត្រូវសិក្សាឲ្យបានល្អិតល្អន់ជាមុនសិន មុននឹងដាក់ចូលឲ្យសភាពេញអង្គពិនិត្យនិងសម្រេច។ ហេតុនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនបោះឆ្នោតគាំទ្រច្បាប់នេះទេ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ និងសវនកម្មរដ្ឋសភា លោក ជាម យៀប បានឡើងការពារច្បាប់នេះ ដោយបញ្ជាក់ថា ច្បាប់នេះមានខ្លឹមសារល្អគ្រប់គ្រាន់អាចបម្រើប្រយោជន៍ជាតិបាន។
សេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៥ បានកំណត់ការចំណាយថវិការដ្ឋសរុបចំនួន ១៥លានលានរៀល ស្មើប្រមាណជិត ៤ពាន់លានដុល្លារ។ ការចំណាយនេះ មានកំណើនជិត ១១ភាគរយ ធៀបនឹងច្បាប់ស្ដីពីហិរញ្ញវត្ថុ ឆ្នាំ២០១៤ ដែលរដ្ឋត្រូវចាយប្រាក់ប្រមាណជាង ៣ពាន់លានដុល្លារ។
សេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៥ មាន ៦ជំពូក និង ១៧មាត្រា បានកំណត់ពីការចំណាយលើក្រសួងអាទិភាពនៅក្នុងឆ្នាំ២០១៥ រួមមាន៖ ទី១ ក្រសួងអប់រំយុវជន និងកីឡា ចំនួនជាង ៤៤៤លានដុល្លារ ទី២ ក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួនជាង ៤៣៤លានដុល្លារ ទី៣ ក្រសួងការពារជាតិ ចំនួនជាង ៣២៤លានដុល្លារ ទី៤ ក្រសួងសុខាភិបាល ចំនួនជាង ៣១៧លានដុល្លារ ទី៥ ក្រសួងមហាផ្ទៃ ចំនួន ២៥៨លានដុល្លារ។
រាជរដ្ឋាភិបាលបានបញ្ជាក់ក្នុងសេចក្ដីថ្លែងហេតុនៃសេចក្ដីព្រាងច្បាប់នេះថា ថវិកាជាតិឆ្នាំ២០១៥ ជាថវិកានៃការបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅរកការអភិវឌ្ឍន៍ដោយគុណភាពនិងចិរភាព និងការគិតគូរធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកាន់តែប្រសើរឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
