មន្ត្រីសង្គមស៊ីវិល មិនមានជំនឿឡើយថា រដ្ឋាភិបាលនឹងអាចប្រែក្រឡាមន្ត្រីរាជការបម្រើការងាររដ្ឋ ឲ្យទៅជាអ្នកផ្តល់សេវាសាធារណៈប្រកបដោយមានប្រសិទ្ធភាពបាន។ ប្រតិកម្មនេះ កើតឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រី អនុម័តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ កាលពីថ្ងៃទី៩ ខែមករា។
គោលដៅនៃការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា គឺធ្វើឡើងដើម្បីជំរុញការកែលំអ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងសង្គមជាតិប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ពលរដ្ឋ ឈានទៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ប៉ុន្តែសង្គមស៊ីវិលចាត់ទុកថា ការបង្កើតកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ គ្រាន់តែធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា រដ្ឋបាលសាធារណៈកម្ពុជា សព្វថ្ងៃ កំពុងមានសភាពរញ៉េរញ៉ៃបំផុត ដែលមិនងាយនឹងកែទម្រង់ឡើយ។ លោកបន្តថា ឧបសគ្គធំបំផុតចំពោះការធ្វើកំណែទម្រង់នោះ គឺបញ្ហាពុករលួយ និងបក្ខពួកនិយម។ លោកបញ្ជាក់ថា សព្វថ្ងៃនេះ មន្ត្រីដែលមានសមត្ថភាពត្រូវបានគេគ្រវាត់ចោលកៀនជញ្ជាំង មន្ត្រីប្រមូលផ្តុំគ្នាតែនៅប្រជុំជន យន្តការលើកទឹកចិត្តមន្ត្រីរាជការស្ទើរតែដល់កម្រិតសូន្យ ចំណែកឯមនុស្សជាច្រើនបានយកតួនាទីជាមន្ត្រីរាជការ ទៅកាងរបររកស៊ីប៉ុណ្ណោះ។
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈចំនួន ៤លើករួចមកហើយ បន្ទាប់ពីការបោះឆ្នោតអាណត្តិទី១។ កំណែទម្រង់ឆ្នាំ១៩៩៨ និងឆ្នាំ២០០២ បានរកឃើញមន្ត្រីខ្មោចរាប់ពាន់នាក់ ប៉ុន្តែមន្ត្រីធំៗដែលយកប្រាក់ខែរដ្ឋយកទៅបើកឲ្យខ្មោចចាយនោះ មិនត្រូវបានដាក់ទោសទណ្ឌទេ។
អ្នកណាក៏ដឹងដែរថា មន្ត្រីរាជការកម្ពុជា មិនប្រកែកទេនឹងការប្រព្រឹត្តអំពើពុករលួយ។ អ្នកធំស៊ីតាមធំ អ្នកតូចស៊ីតាមតូច។ ស្មៀនឃុំ មេឃុំ គ្រូបង្រៀន ប៉ូលិសតូចតាច យោធា មន្ត្រីធំៗក្នុងជួររដ្ឋាភិបាល ភាគច្រើនសុទ្ធតែធ្លាប់យកប្រាក់ក្រៅផ្លូវការ រហូតដល់កម្ពុជា ជាប់ជាប្រទេសពុករលួយជាងគេបង្អស់ក្នុងតំបន់អាស៊ាន។ រីឯសេវាសាធារណៈវិញ មានសភាពយឺតយ៉ាវ អស់ប្រាក់ច្រើន មានអ្នករត់ការអ្នកផ្តល់សេវាក្រៅផ្លូវការ ហើយមន្ត្រីដែលបម្រើសេវាស្ទើរភាគច្រើនមានចរិតជាចៅហ្វាយទៀតផង។
ទោះជាបែបណាក្តី តាមរយៈសេចក្តីព្រាងកម្មវិធីជាតិនេះ រាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនសម្រាប់កែទម្រង់រដ្ឋបាល រួមមាន ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងឯកសារណែនាំស្ដីពីស្តង់ដារសេវាសាធារណៈ ដើម្បីឆ្លើយចំពោះអ្នកប្រើប្រាស់សេវាអភិវឌ្ឍន៍សមត្ថភាព កែលំអការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់គុណផលមន្ត្រី និងជំរុញឲ្យមន្ត្រីប្រកាន់ភ្ជាប់នូវវប្បធម៌ម្ចាស់ការ ភក្តីភាព និងមានមនសិការវិជ្ជាជីវៈ ព្រមទាំងកែទម្រង់ប្រព័ន្ធប្រាក់បៀវត្ស និងប្រាក់ផ្សេងៗជូនមន្ត្រីរាជការ។
ប្រធានអង្គការវេទិកាអនាគត ដែលជាស្ថាប័នសិក្សាស្រាវជ្រាវពីគោលនយោបាយសាធារណៈ លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការគ្រប់គ្រងរដ្ឋបាលសាធារណៈកម្ពុជា ពេលនេះមានបញ្ហាធ្ងន់ធ្ងរ ដោយសារតែមន្ត្រីរាជការភាគច្រើនភ្ជាប់ខ្លួនទៅនឹងការងាររបស់គណបក្សនយោបាយជាងការងាររាជការ។ លោកបន្តថា បើសិនជាមន្ត្រីរាជការឯករាជ្យពីនយោបាយនោះ ពួកគាត់នឹងអាចធ្វើការបានពេញដៃពេញជើង ដើម្បីបម្រើពលរដ្ឋដែលជាអ្នកបង់ពន្ធ និងជាម្ចាស់ប្រទេស។ លោកបញ្ជាក់ថា កម្មវិធីជាតិនេះនឹងមិនជោគជ័យឡើយ បើសិនជាមិនបានកែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលសាធារណៈឲ្យច្បាស់លាស់នោះ។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលរំពឹងថា កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈនេះ នឹងអាចសម្រេចបាននូវលទ្ធផលមួយចំនួនមានជាអាទិ៍ សេវាសាធារណៈប្រកបដោយគុណភាព សាមញ្ញ ប្រសិទ្ធភាព ភាពអាចជឿទុកចិត្តបាន ឆ្លើយទាន់ពេលវេលា ងាយស្រួល និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីរាជការកាន់តែមានសមត្ថភាពខ្ពស់ សុចរិត។ កត្តាចុងក្រោយ គឺធានាឲ្យប្រព័ន្ធបើកប្រាក់បៀវត្សជូនមន្ត្រីរាជការឲ្យបានសមរម្យ។
ក្នុងពេលប្រកាសពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា រដ្ឋមន្ត្រីរបស់លោកមួយចំនួនយកក្រសួងស្ថាប័នរដ្ឋធ្វើជាកម្មសិទ្ធិផ្តាច់មុខ ដោយជិះជាន់សង្កត់សង្កិនមន្ត្រីរាជការមិនញញើត។ លោកថែមទាំងស្នើឲ្យគ្រប់ក្រសួង បើកសិក្ខាសាលាផ្ទៃក្នុង ដើម្បីរិះគន់ថ្នាក់ដឹកនាំទៀតផង។ ប៉ុន្តែសិក្ខាសាលាដែល លោក ហ៊ុន សែន លើកនោះ ធ្វើឡើងតែមួយឆាវប៉ុណ្ណោះ ហើយមកដល់ពេលនេះ របៀបរិះគន់ខ្លួនឯង និងប្រមូលព័ត៌មានបែបនេះស្ងាត់ឈឹងទៅវិញតែម្តង។ កូនៗរបស់រដ្ឋមន្ត្រី ក៏ក្លាយជាអ្នកកាន់ការធំៗក្នុងក្រសួងនីមួយៗដែលឪពុកកាន់កាប់ សូម្បីតែរដ្ឋសភា ក៏គ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុដោយក្រុមគ្រួសារមួយទៀតផង។
សេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ នឹងត្រូវលាតត្រដាងពីចំណុចវិជ្ជមាន និងអវិជ្ជមានកាន់តែច្បាស់ នៅពេលដែលរដ្ឋសភាពិនិត្យ និងអនុម័តនៅថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
