បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ពិភាក្សា​លើ​ការ​កំណត់​សញ្ជាតិ​ប្រធាន​បក្ស

0:00 / 0:00

មន្ត្រី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា ប្រសិន​បើ​រដ្ឋាភិបាល​មាន​ផែនការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​​ចំពោះ​ប្រធាន​គណបក្ស​នយោបាយ។ ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​គណបក្ស​កាន់​អំណាច​ថា ខ្លួន​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ កំណត់​ឲ្យ​ប្រធាន​គណបក្ស​នយោបាយ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឲ្យ​ដឹង​ថា រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មករា មន្ត្រី​ គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​ទាក់ទង​មក​លោក​រឿង​កំណត់​សញ្ជាតិ​ប្រធាន​គណបក្ស​នយោបាយ​នៅ​ឡើយ​ទេ។ លោក​យល់​ថា គួរ​មាន​ការ​ជជែក​គ្នា​រវាង​គណៈកម្មការ​នៃ​គណបក្ស​ទាំង​ពីរ​មុន​នឹង​យក​ទៅ​រដ្ឋ​សភា​អនុម័ត ឬ​ធ្វើ​វិសោធនកម្ម៖ «ត្រូវតែ​សិក្សា​ឲ្យ​ច្បាស់លាស់​ពី​បំណង និង​ពី​ភាព​ចាំបាច់​នៃ​ការ​ធ្វើ​ច្បាប់​បែប​ហ្នឹង ដើម្បី​ឲ្យ​ច្បាប់​នោះ​មាន​អត្ថប្រយោជន៍​ដល់​សង្គម​ជាង​ប្រយោជន៍​នយោបាយ»

លោក សុន ឆ័យ យល់​ថា ការ​កំណត់​សញ្ជាតិ​ប្រធាន​គណបក្ស​ឲ្យ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​បែប​នេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​ចេតនា​នយោបាយ​ដែល​បង្ក​ការ​លំបាក​ដល់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សញ្ជាតិ​ពីរ។ លោក​បន្ត​ថា ស្ថានការណ៍​ប្រទេស​កម្ពុជា សព្វថ្ងៃ ការ​កំណត់​សញ្ជាតិ​មិន​មែន​ជា​ប្រធានបទ​ដែល​ត្រូវ​ធ្វើ​នោះ​ទេ៖ «មិនមែន​ជា​ការ​ពង្រឹង​នីតិរដ្ឋ ឬ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ​វា​ទាក់ទង​ឯកឧត្ដម សម រង្ស៊ី ច្រើន​ជាង»

​ថ្លែង​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថា គណៈកម្មការ​ដែល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំណត់​រឿង​សញ្ជាតិ នឹង​ជួប​ប្រជុំ​នៅ​ដើម​ឆ្នាំ​២០១៦។

ការ​លើក​ឡើង​របស់​លោក ស ខេង បែប​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ថា ត្រូវ​តែ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​ចំពោះ​ប្រធាន​គណបក្ស និង​ប្រធាន​ស្ថាប័ន​របស់​រដ្ឋ​មួយ​ចំនួន​ទៀត។ លោក​ថា ការ​កំណត់​បែប​នេះ ដើម្បី​កុំ​ឲ្យ​អ្នក​នយោបាយ​មាន​សញ្ជាតិ​ពីរ​ពេល​មាន​បញ្ហា​ចេះ​តែ​រត់​ចោល​ស្រុក៖ «ខ្លាច​អី​នឹង​លា​សញ្ជាតិ​មួយ​ដើម្បី​ផលប្រយោជន៍​ខ្មែរ? កុំ​អាង​អី​លិខិត​ឆ្លង​ដែន​ពីរ។ បក្ស​ណា​មិន​សម្រេច​អត់​ទៅ យើង​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​សម្រេច»

ទាក់ទង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លោក​មិន​ទាន់​បាន​ដឹង​រឿង​នៅ​ឡើយ​ទេ។ លោក​ថា រឿង​នេះ​គឺ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រុំ សុខា ជា​អ្នក​ទទួល​បន្ទុក។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រុំ សុខា បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​មករា។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មុន​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ត្រូវ​ពិនិត្យ​មើល​ច្បាប់​រដ្ឋធម្មនុញ្ញ​ឡើង​វិញ​ផង បើ​ទោះ​ជា​គណបក្ស​នេះ​មាន​សំឡេង​គ្រប់គ្រាន់​នៅ​ក្នុង​រដ្ឋសភា។

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​រឿង​បោះឆ្នោត​រូប​នេះ​យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​រឿង​នេះ​ដើម្បី​ដាក់​បន្ទុក​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​រើ​ខ្លួន​រួច និង​ជា​ចេតនា​មិន​ចង់​ឲ្យ​លោក សម រង្ស៊ី បាន​ចូល​ស្រុក​វិញ​បាន៖ «គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​កម្រិត​មួយ​ទប់ទល់​វិញ មិន​មែន​វាយ​លុក​ទេ គឺ​ទប់ទល់​ស្ថានការណ៍​ដែល​គណបក្ស​កាន់​អំណាច​រុញច្រាន ព្រោះ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​សញ្ជាតិ​ពីរ»

ច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា ៣៤​ថ្មី ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត។ ច្បាប់​កំពូល​របស់​ជាតិ​នេះ មិន​បាន​ចែង​ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​មាន​សញ្ជាតិ​មួយ ឬ​ពីរ​នោះ​ដើម្បី​ធ្វើ​នយោបាយ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។