គ.ជ.ប​ពិនិត្យ​ឃើញ​បេក្ខជន​ខ្លះ​ខ្វះ​លក្ខខណ្ឌ​ចូល​រួម​ប្រកួត​យក​តំណែង

0:00 / 0:00

បន្ទាប់​ពី​បិទ​ការ​ទទួល​ពាក្យ គ.ជ.ប បាន​ដំណើរការ​នីតិវិធី និង​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ពាក្យ​សុំ​ឈ្មោះ​ជា​បេក្ខជន​ប្រកួត​ប្រជែង​តំណែង​កំពូលៗ។ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ គ.ជ.ប បាន​ត្រួត​ពិនិត្យ​ឃើញ​ថា បេក្ខជន​មួយ​ចំនួន​ត្រូវ​ដក​ចេញ​មុន​វគ្គ​ជម្រុះ។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា ពាក់​កណ្ដាល​នៃ​ចំនួន​បេក្ខជន​សរុប ២៤​រូប ដែល​បាន​ដាក់​ពាក្យ​ប្រកួត​ប្រជែង​យក​តំណែង​អគ្គលេខាធិការ​បាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ។

លោក​បន្ថែម​ថា មាន​តែ​បេក្ខជន​តំណែង​អគ្គលេខាធិការ​រង ៧៤​រូប​ក្នុងចំណោម ១០០​នាក់​ទេ ដែល​បាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ៖ «ទី​មួយ សរសេរ​ប្រវត្តិរូប​ទៅ​មិន​ស្រប​ទៅ​នឹង​សញ្ញាប័ត្រ​ដែល​ខ្លួន​មាន​ដាក់​មក។ ទី​ពីរ បញ្ជាក់​បទពិសោធន៍​ការងារ​លើស​ពី ៥​ឆ្នាំ​ហ្នឹង គេ​បញ្ជាក់​ខ្លួន​ឯង។ ទី​បី អ្នក​ខ្លះ​អត់​សញ្ញាប័ត្រ​ដល់​កម្រិត​បរិញ្ញាបត្រ​ផង គាត់​ដាក់​មក​ដែរ។ ទី​បួន គាត់​មិន​បាន​ធ្វើ​លិខិត​បញ្ជាក់​ទីតាំង​បោះ​ឆ្នោត​នៅ​ឃុំ​សង្កាត់ ដែល​គាត់​បោះ​ឆ្នោត»

មនុស្ស​មួយ​ចំនួន​ដែល​នៅ​ក្នុង​ចំណោម​បេក្ខជន​ដែល​ជាប់​ក្នុង​វគ្គ​ជ្រើសរើស​ដំបូង​នេះ មាន​ដូចជា​លោក ទេព នីថា លោក ហេង មណីចិន្តា លោក សុកុលៈ ទីប៉ោ លោក នី ចរិយា និង​លោក គឹម ឈន ជាដើម។

បេក្ខជន​ដែល​ចូលរួម​ប្រកួត​ប្រជែង​យក​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ត្រូវ​បំពេញ​លក្ខខណ្ឌ​ចំនួន ៦​ចំណុច ដូចជា​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់​ក្នុង​រយៈពេល​បំពេញ​ការងារ មាន​អាយុ​យ៉ាង​តិច ៣០​ឆ្នាំ មាន​សិទ្ធិ​បោះឆ្នោត មាន​សញ្ញាបត្រ​ចាប់​ពី​ថ្នាក់​ឧត្ដម​សិក្សា​ឡើង​ទៅ មាន​បទពិសោធន៍​ការងារ​យ៉ាង​តិច​ណាស់ ៥​ឆ្នាំ និង​មិន​ត្រូវជា​សហព័ន្ធ ឬ​ញាតិ​សារ​លោហិត ឬ​ញាតិពន្ធ​រហូត​ដល់​ថ្នាក់​ទី​៣ របស់​ប្រធាន អនុ​ប្រធាន​គណបក្ស។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គ.ជ.ប នឹង​បន្ត​ការងារ​ដើម្បី​ពិនិត្យ​លើ​បេក្ខភាព​សរុប​ទាំង ៨៦​រូប​នេះ​បន្ថែម​ទៀត មុន​នឹង​ឈាន​ដល់​ការ​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ថ្មី​ទាំង​នេះ។ យ៉ាងណា​ក៏​ដោយ នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី យល់​ឃើញ​ថា ដំណើរ​ការ​ជ្រើសរើស​នេះ នៅ​មិន​ទាន់​មាន​តម្លាភាព​គ្រប់គ្រាន់​នៅ​ឡើយ​ទេ៖ «តាម​ពិត​ទៅ នីតិវិធី គ.ជ.ប ធ្វើ​ហ្នឹង តាម​ខ្ញុំ​មើល​ទៅ​មិន​មាន​តម្លាភាព បង្ហាញ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទេ។ តាំង​ពី​លក្ខណៈ​ដែល​គាត់​ជម្រុះ ដោយសារ​បេក្ខជន​អត់​គ្រប់​លក្ខណៈ។ ចង់​ឲ្យ​គាត់​ប្រកាស​ជា​ចំហ។ បេក្ខជន​ដែល​ជម្រុះ​ហ្នឹង ដោយសារ​ខុស​កន្លែង​ណា​ខ្លះ? បេក្ខជន​ដែល Shortlist នឹង​មាន​លក្ខណៈ​បែប​ណា​ខ្លះ? ហើយ​មាន​ចំនួន​ប៉ុន្មាន​នាក់?»

បើ​តាម​លោក ហង្ស ពុទ្ធា គ.ជ.ប នឹង​ជម្រុះ​បេក្ខជន​ទាំង​នេះ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ដោយ​ប្រើ​រូបមន្ត​បេក្ខជន​បី​រូប ជម្រុះ​យក​មួយ​រូប ហើយ​លទ្ធផល​ចុង​ក្រោយ​នឹង​ត្រូវ​ប្រកាស​នៅ​ពាក់​កណ្ដាល​ខែ​មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។