គ.ជ.ប​ផ្សព្វផ្សាយ​ពី​នីតិវិធី​ដាក់​ពាក្យ​បណ្ដឹង​នៅ​ថ្ងៃ​បោះ​ឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ គ.ជ.ប បង្ហាញ​របៀប​ដាក់​ពាក្យ​បណ្ដឹង​ដល់​តំណាង​គណបក្ស​​នយោបាយ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ទី​២៨ ខែ​កក្កដា។

0:00 / 0:00

សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ គ.ជ.ប លោក មាន សាទិ មាន​ប្រសាសន៍​ថា បណ្ដឹង​ស្នើ​កែ​​តម្រូវ​លទ្ធផល ឬ​បណ្ដឹង​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​ពី​គណបក្ស​នយោបាយ​ចូលរួម​បោះ​ឆ្នោត ត្រូវ​ប្ដឹង​ទៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​ថា បណ្ដឹង​នោះ​ត្រូវ​ប្ដឹង មិន​ឲ្យ​លើស​​​ម៉ោង ១១ និង ៣០​នាទី ថ្ងៃ​ទី​២៩ ខែ​កក្កដា ក្រោយ​​ថ្ងៃ​បោះ​ឆ្នោត។ លោក​អំពាវ​នាវ​ដូច្នេះ នៅ​ក្នុង​សន្និសីទ​កាសែត នា​ទីស្នាក់ការ គ.ជ.ប ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា។

រីឯ​ការ​ដោះស្រាយ​បណ្ដឹង​ លោក មាន សាទិ ឲ្យ​ដឹង​ថា គណៈកម្មការ​ឃុំ​សង្កាត់ រៀប​ចំ​ការ​បោះ​ឆ្នោត ត្រូវ​ដោះ​ស្រាយ​​​ឲ្យ​រួច​​រាល់​​រយៈពេល​ពីរ​ថ្ងៃ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត។ ថ្ងៃ​បោះ​ឆ្នោត​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ អាទិត្យ ទី​២៨ ខែ​កក្កដា។

​ចំពោះ​លទ្ធផល​ឆ្នោត​បណ្តោះ​អាសន្ន នៃ​ការ​បោះឆ្នោត ​លោក មាន សាទិ ​បញ្ជាក់​ថា គណបក្ស​នយោបាយ​នីមួយៗ អាច​ប្តឹង​​ទៅ​កាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ឬ​ប្តឹង​មក គ.ជ.ប ក្នុង​រយៈពេល​យ៉ាង​យូរ ៧២​ម៉ោង បន្ទាប់​ពី គ.ជ.ប ប្រកាស​​​លទ្ធផល​បឋម។

ដោយ​ឡែក​បណ្ដឹង​កើត​មាន​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា លោក មាន សាទិ ឲ្យ​ដឹង​ថា តំណាង​គណបក្ស​នយោបាយ​ត្រូវ​ប្ដឹង​ទៅ​ប្រធាន​ការិយាល័យ​រៀបចំ​ការ​បោះ​ឆ្នោត តាម​ការិយាល័យ​នីមួយៗ ដើម្បី​រក​ដំណោះស្រាយ។ ប៉ុន្តែ​​​ក្នុង​ករណី​អ្នក​តវ៉ា​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​ប្រធាន​ការិយាល័យ​បោះ​ឆ្នោត តំណាង​បក្ស​នយោ​បាយ​ទាំង​នោះ​អាច​ស្នើ​សុំ​ចុះ​ទៅ​ក្នុង​កំណត់ហេតុ ១១០១ (ដប់​មួយ​សូន្យ​មួយ) មាន​ចុះ​ហត្ថលេខា និង​ផ្តិត​ស្នាម​មេដៃ​នៅ​លើ​កំណត់​​ហេតុ​នោះ។

​បញ្ហា​នេះ​លោក មាន សាទិ សមាជិក គ.ជ.ប បាន​អំពាវនាវ​ដល់​តំណាង​គណបក្ស​នយោបាយ​ទាំង ៨ ដែល​​​បាន​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ត្រូវ​គោរព​ច្បាប់​បោះ​ឆ្នោត​ឲ្យ​បាន​ទាំង​អស់​គ្នា។

​ដោយ​ឡែក​ចំពោះ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១៨ ខែ​កក្កដា លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ឲ្យ​ដឹង​ថា មិន​ទាន់​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ គឺ​គណបក្ស​នយោបាយ​ភាគ​ច្រើន​អាច​ធ្វើ​សកម្មភាព​តាម​កម្មវិធី​របស់​ខ្លួន។

ទន្ទឹម​គ្នា​នេះ លោក ទេព នីថា បញ្ជាក់​ថា មាន​គណបក្ស​ខ្លះ ​ចំនួន ឬ​សកម្មជន​គាំទ្រ​បក្ស​មួយ​ចំនួន​មិន​ទាន់​អនុវត្ត​​បាន​ត្រឹមត្រូវ តាម​បទបញ្ជា និង​នីតិវិធី​បោះ​ឆ្នោត​ទេ។ លោក ទេព នីថា កត់​សម្គាល់​ថា ចំណុច​ប្រើ​ហិង្សា​លេច​ធ្លោ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ពីរ​ករណី គឺ​១​ករណី កើត​មាន​នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ រាជធានី​ភ្នំពេញ និង​ករណី​មួយ​ទៀត ​កើត​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល​ រវាង​សកម្មជន ឬ​អ្នក​គាំទ្រ​បក្ស​កាន់​អំណាច​ជាមួយបក្ស​ប្រឆាំង។

យ៉ាង​ណា​ក៏ដោយ លោក ទេព នីថា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា ថា មក​ទល់​ពេល​នេះ គណៈកម្មការ​ឃុំ-​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត ទទួល​បាន​បណ្ដឹង​ជាង ២៥០​បណ្ដឹង និង​ដោះស្រាយ​ជិត ២០០​បណ្ដឹង។ លោក​ថា បណ្តឹង​ភាគ​ច្រើន​បណ្ដឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន​កម្ពុជា​ ទាក់ទង​​​ការ​បំផ្លាញ​​ស្លាក​សញ្ញា ឬ​សម្ភារៈ​ឃោសនា​បោះ​ឆ្នោត និង​បណ្ដឹង​រំខាន​ការ​ឃោសនា​ជាដើម។

​លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​​​ដោយ​​​សេរី​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC)។ លោក​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​រំខាន​ក្បួន​ឃោសនា​ផ្តើម​ពី​គណបក្ស​មាន​ឥទ្ធិពល​ទៅ​លើ​ក្បួន​ឃោសនា​គណបក្ស​ផ្សេងៗ បាន​បន្ត​កើត​មាន ហើយ​ស្ថាប័ន​បោះ​ឆ្នោត ឬ​អាជ្ញាធរ​មិន​អាច​ទប់​ស្កាត់​បាន។

លោក​ថា ទង្វើ​នេះ​អាច​ជា​ចំណុច​រសើប​ឈាន​ដល់​ផ្ទុះ​អំពើ​ហិង្សា​រវាង​សមាជិក​គាំទ្រ​គណបក្ស​នីមួយៗ បើ​គ្មាន​ការ​ទប់​ស្កាត់​​ឲ្យ​មាន​ប្រសិទ្ធភាព។ ​​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ រី​ឯ​ការ​ឃោសនា​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​កក្កដា។

មាន​គណបក្ស​ចំនួន ៨ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នេះ រួម​មាន៖ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។