មន្ត្រី គ.ជ.ប ស្នើឲ្យគ្រប់បក្សនយោបាយ ឲ្យត្រៀមឯកសារឲ្យបានគ្រប់ចំនួន សម្រាប់ចុះបញ្ជី។ បញ្ហានេះ សម្រាប់គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច បញ្ជាក់ថា បានត្រៀមលក្ខណៈរួចហើយ ចំណែកគណបក្សប្រឆាំង មានការរារែក។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក អ៊ឹម សួស្តី បានអំពាវនាវទៅគ្រប់គណបក្សនយោបាយ ចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ និងមានបំណងចូលរួមប្រកួតបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខាងមុខនេះ។
ថ្លែងក្នុងសន្និសីទកាសែតថ្ងៃទី៩ ខែមេសា នាទីស្ដីការ គ.ជ.ប លោក អ៊ឹម សួស្តី ប្រកាសថា ពេលវេលាចុះបញ្ជីគណបក្ស និងបេក្ខជន នឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។ លោកស្នើឲ្យគ្រប់គណបក្សនយោបាយ ត្រូវត្រៀមលក្ខណៈដើម្បីជៀសបញ្ហាស្មុគស្មាញ៖ «គណបក្សនយោបាយ សូមឲ្យរួសរាន់រៀបចំនូវសំណុំឯកសារឲ្យបានទាន់ពេលវេលា ព្រោះថា រយៈពេលដាក់មានរយៈពេលតែ ១៥ថ្ងៃទេ។ អ៊ីចឹង សូមឲ្យរួសរាន់រៀបចំឯកសារ និងរៀបចំឈ្មោះមកដាក់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
តាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ គណបក្សនិមួយៗត្រូវបង់ប្រាក់តម្កល់ចំនួន ១៥លានរៀល។ ប្រាក់តម្កល់នេះ ត្រូវបង់ទៅអគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងគណនីប្រាក់តម្កល់របស់ គ.ជ.ប ហើយប្រាក់តម្កល់នេះ នឹងបង្វិលជូនទៅសាមីគណបក្សនយោបាយវិញ ក្នុងករណីដែលគណបក្សនយោបាយនោះបានទទួលសន្លឹកឆ្នោតយ៉ាងតិច ៣% នៃចំនួនសន្លឹកឆ្នោតបានការ ឬបានអាសនៈមួយកៅអីក្នុងរដ្ឋសភា។
ទាក់ទិនបញ្ហានេះ លោក អ៊ុក គឹមហាន តំណាងគណបក្សប្រជាជនកម្ពុជា បញ្ជាក់ក្នុងសន្និសីទថា បក្សខ្លួនបានត្រៀមឯកសារជាស្រេចសម្រាប់ចុះបញ្ជីគណបក្ស និងបេក្ខជន។ លោកប្រកាសគាំទ្ររាល់គ្រប់នីតិវិធីរបស់ គ.ជ.ប ជុំវិញការងាររៀបចំបោះឆ្នោត៖ «ជាទូទៅ គឺគណបក្សប្រជាជនទទួលយក និងធ្វើតាម អនុវត្តតាមច្បាប់ បទបញ្ជា នីតិវិធី ហើយនិងអនុវត្តតាមប្រតិទិននៃការបោះឆ្នោត។ ហើយរាល់ថ្ងៃនេះ គឺបានរៀបចំបញ្ជីបេក្ខជនរួចរាល់អស់ហើយ ត្រៀមលក្ខណៈដល់ពេលថ្ងៃដែលត្រូវប្រកាសឲ្យយកមកជូន គ.ជ.ប គឺយកមកហើយៗបង់ថវិកាចំនួន ១៥លានរៀលហ្នឹង ក៏ត្រៀមរួចរាល់អស់ហើយ។ ត្រៀមអនុវត្តតាមជានិច្ច អត់មានការកែប្រែ ឬមួយក៏សើរើអីទេ»។
ផ្ទុយពីការអះអាងនេះ លោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា បក្សខ្លួនមិនទាន់គិតគូរបញ្ហាចុះបញ្ជីគណបក្ស និងបេក្ខជននេះទេ ដោយរង់ចាំមើលការអនុវត្តនីតិវិធីបោះឆ្នោតរបស់ គ.ជ.ប ថាតើមានឯករាជ្យឬទេ។
ក្រោយសន្និសីទកាសែត លោក គួរ ប៊ុនរឿន បានទិតៀននីតិវិធី ឬការងាររៀបចំការបោះឆ្នោតរបស់ គ.ជ.ប មិនឯករាជ្យ និងគាំទ្របក្សកាន់អំណាច៖ «បេក្ខជនយើងបានពិគ្រោះគ្នារួចហើយ។ ប៉ុន្តែ អ្វីចំពោះមុខ ពីនេះរហូតដល់ពេលចុះបញ្ជី យើងនឹងរៀបចំសំណើរបស់យើងជាផ្លូវការមក គ.ជ.ប ហើយបើគ្មានអ្វីផ្លាស់ប្ដូរទេ យើងនឹងមានចលនាមួយឲ្យ គ.ជ.ប មានយន្តការរៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវជាមុនសិន។ ប៉ុន្តែសំខាន់ជាបំណងប្រាថ្នារបស់គណបក្សសង្គ្រោះជាតិ យើងចង់ចូលរួមការបោះឆ្នោត។ ប៉ុន្តែ ការបោះឆ្នោតនេះ សូមឲ្យរៀបឲ្យត្រឹមត្រូវ សេរី យុត្តិធម៌ និងស្មើភាពគ្នាចំពោះគណបក្សនយោបាយ»។
មន្ត្រី គ.ជ.ប ឲ្យដឹងថា កាលបរិច្ឆេទនៃការផ្តល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត នឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។ រីឯពេលវេលាឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា។ ការបិទផ្សាយបញ្ជីបោះឆ្នោត និងបញ្ជីទីតាំងនៅការិយាល័យបោះឆ្នោត និងនៅគណៈកម្មការឃុំ-សង្កាត់ ធ្វើនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣។ ចំណែកកាលបរិច្ឆេទនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលបឋម នៅការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៥ នឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
