គ.ជ.ប អំពាវនាវ​បក្ស​នយោបាយ​គោរព​នីតិវិធី​ឃោសនា​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ស្នើ​ដល់​គណបក្ស​នយោបាយ​ដែល​ចូលរួម​បោះឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ គោរព​នីតិវិធី​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​ជៀសវាង​បណ្ដឹង និង​ជម្លោះ​កើត​ឡើង។

0:00 / 0:00

យុទ្ធនាការ​នេះ គណបក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​គណបក្ស​កាន់​អំណាច​ថា តែង​បញ្ជូន​សកម្មជន​មក​រំខាន​ការ​ឃោសនា​របស់​បក្ស​ប្រឆាំង ប៉ុន្តែ​រឿង​នេះ​ត្រូវ​គណបក្ស​កាន់​អំណាច​ប្រកែក។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ដ្រ​អាណត្តិ​ទី៥ មាន​រយៈពេល ៣០​ថ្ងៃ និង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៣។

ក្នុង​អំឡុង​នៃ​យុទ្ធនាការ​នេះ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក សោម ចន្ទឌីណា បាន​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ការ​បោះឆ្នោត​ខែ​កក្កដា ខាង​មុខ ត្រូវ​គោរព​ច្បាប់ និង​ពេល​ម៉ោង​ឃោសនា​តាម​ច្បាប់​កំណត់៖ «ចាប់​ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ១០​យប់ គឺ​គណបក្ស​នយោបាយ​និមួយៗ​នឹង​ធ្វើ​សកម្មភាព​ឃោសនា។ វា​លែង​តែ​នៅ​ក្នុង​ចន្លោះ​ពី​ម៉ោង ១២ ដល់​ម៉ោង ២​រសៀល ឬ​ពី​ម៉ោង ៥​ល្ងាច ដល់​ម៉ោង ១០​យប់។ អា​នេះ គឺ​គណបក្ស​នយោបាយ​ធ្វើ​ការ​ឃោសនា​នូវ​កម្មវិធី​នយោបាយ​របស់​ខ្លួន។ ហើយ​ចាប់​ពី​ម៉ោង ១០​យប់​ទៅ រហូត​ដល់​ម៉ោង ៦​ព្រឹក​វិញ គឺ​ត្រូវ​បាន​ធ្វើ​ការ​ហាមប្រាម​មិន​ឲ្យ​មាន​ធ្វើ​ការ​ឃោសនា​ទេ»

ថ្លែង​ក្នុង​សន្និសីទ​កាសែត​ព្រឹក​ថ្ងៃ​សុក្រ ទី៧ ខែ​មិថុនា នា​ទីស្ដីការ គ.ជ.ប លោក សោម ចន្ទឌីណា ក៏​បាន​លើក​ឡើង​ពី​ការ​ផលិត​ស្ពត​ស្ដីពី​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ​និមួយៗ​សម្រាប់​ចាក់​ក្នុង​កម្មវិធី​គោលការណ៍​ស្មើ​ភាព​តាម​វិទ្យុ ឬ​ទូរទស្សន៍​រដ្ឋ ដោយ​មិន​ត្រូវ​ប្រើ​ពាក្យ​ប្រមាថ រិះគន់ ឬ​ក៏​វាយ​ប្រហារ​គ្នា​នោះ​ទេ៖ «គណបក្ស​និមួយៗ​ត្រូវ​គោរព​តាម​គោលការណ៍​ច្បាប់ នីតិវិធី និង​ក្រម​សីលធម៌ ពិសេស​គឺ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»

លោក​ព្រមាន​ថា មធ្យោបាយ​ដឹក​ជញ្ជូន​របស់​រដ្ឋ ឬ​ក៏​មន្ត្រី​រាជការ​ដែល​កំពុង​បំពេញ​ភារកិច្ច​ការងារ​ក្នុង​ម៉ោង​រដ្ឋបាល មិន​អនុញ្ញាត​ឲ្យ​ទៅ​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះ​ទេ។

គ.ជ.ប បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ជា​ពេល​វេលា​នៃ​យុទ្ធនាការ​ចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​ដល់​អ្នក​បោះឆ្នោត​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២។ យុទ្ធនាការ​នេះ​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០១៣។

ទាក់ទិន​បញ្ហា​នេះ លោក រស់ សួ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ក្នុង​សន្និសីទ​កាសែត ដោយ​បាន​ស្នើ​ទៅ​ថ្នាក់​ដឹកនាំ​ស្ថាប័ន គ.ជ.ប ត្រូវ​ចូលរួម​ទប់ស្កាត់​ការ​ប្រើ​មធ្យោបាយ និង​ការ​យក​ម៉ោង​រដ្ឋបាល​របស់​រដ្ឋ​ទៅ​ចូលរួម​សកម្មភាព​ឃោសនា​បោះឆ្នោត។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បាន​រក​ឃើញ​ថា អាណត្តិ​ឃោសនា​បោះឆ្នោត​កន្លង​មក គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​គោរព​នីតិវិធី​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ទេ ប៉ុន្តែ​ស្ថាប័ន គ.ជ.ប បែរ​ជា​មិន​បាន​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ទោះ​មាន​បណ្ដឹង​ពី​បក្ស​ប្រឆាំង​បែប​ណា​ក្តី។

យ៉ាង​ណា​ក៏ដោយ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ថ្លែង​ថា បើ​គណបក្ស​នយោបាយ​ណា​មួយ​រក​ឃើញ​ភាព​មិន​ប្រក្រតី ឬ​ការ​អនុវត្ត​ខុស​នីតិវិធី​ស្ដីពី​ការ​ឃោសនា​បោះឆ្នោត​របស់​បក្ស​នយោបាយ​ណា​មួយ គឺ​ពួក​គេ​មាន​សិទ្ធិ​ដាក់​ពាក្យ​បណ្ដឹង​មក​កាន់​ស្ថាប័ន​ពាក់ព័ន្ធ គ.ជ.ប។ លោក​បន្ត​ថា ការ​អន្តរាគមន៍ ឬ​ការ​ដោះស្រាយ​ស្ថាប័ន​របស់ គ.ជ.ប ចំពោះ​បញ្ហា​នេះ​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត៖ «មន្ត្រី​រាជការ​ក្រៅ​ម៉ោង​ធ្វើ​ការ​របស់​រដ្ឋ ក្រៅ​ពី​ការ​បំពេញ​ភារកិច្ច​របស់​គាត់ ឬ​ស្ថិត​នៅ​ក្នុង​ច្បាប់​ឈប់​សម្រាក គាត់​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​ឃោសនា​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​ដែរ។ ក៏ប៉ុន្តែ នីតិវិធី​បាន​ហាម​គាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​សកម្ម។ ការ​ប្រើ​មធ្យោបាយ​ដឹក​ជញ្ជូន​របស់​រដ្ឋ​ធ្វើ​ការ​ឃោសនា​អី​ហ្នឹង គឺ​យើង​ហាម»

បញ្ហា​ឃោសនា​បោះឆ្នោត​នេះ​ដែរ មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​ការងារ​បោះឆ្នោត​មួយ​ចំនួន បាន​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ខ្លះ​កើត​មាន​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត។ បញ្ហា​ទាំង​នោះ​មាន​ដូចជា មាន​សកម្មជន​គណបក្ស​កាន់​អំណាច បាន​យក​ឧបករណ៍​បំពង​សំឡេង​ទៅ​ចាក់​រំខាន​កម្មវិធី​ឃោសនា​របស់​បក្ស​ប្រឆាំង និង​មាន​សកម្មជន​ជា​យុវជន​ទៅ​បង្ក​ការ​អុកឡុក​ជាដើម។

ទោះ​យ៉ាង​ណា ការ​អះអាង​នេះ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កាន់​អំណាច​តែង​បាន​បដិសេធន៍​ថា បក្ស​ខ្លួន​មិន​មាន​នយោបាយ​បញ្ជូន​មនុស្ស ឬ​សកម្មជន​ទៅ​រំខាន​ការ​ឃោសនា​របស់​បក្ស​នយោបាយ​ណា​មួយ​ដូច​ការ​ចោទ​ប្រកាន់​ទេ​កន្លង​មក។

ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ មាន​គណបក្ស​នយោបាយ​ចំនួន​៨ បាន​ចុះ​បញ្ជី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត។ ហើយ​ថា កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​បិទ​ផ្សាយ​លទ្ធផល​បឋម​នៅ​ការិយាល័យ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​នេះ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

រីឯ​ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត និង​បញ្ជី​ទីតាំង​នៅ​ការិយាល័យ​បោះឆ្នោត និង​នៅ​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត ធ្វើ​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ មាន​ការិយាល័យ​បោះឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន ១៩.០០៩​ការិយាល័យ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។