គ.ជ.ប ស្នើ​ឲ្យ​បក្ស​នយោបាយ​គោរព​នីតិវិធី​ឃោសនា​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ស្នើ​ឲ្យ​គណបក្ស​នយោបាយ និង​ស្ថានីយ​វិទ្យុ ឬ​ទូរទស្សន៍​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ឲ្យ​ស្រប​តាម​នីតិវិធី​ស្ដីពី​ការ​ឃោសនា​បោះឆ្នោត។

0:00 / 0:00

បញ្ហា​នេះ តំណាង​គណបក្ស​ប្រឆាំង​បាន​ស្នើ​ឲ្យ គ.ជ.ប ត្រួត​ពិនិត្យ​ស្ថានីយ​ផ្សាយ​និមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ប្រកាន់​ខ្ជាប់​គោលការណ៍​ស្មើ​ភាព​ក្នុង​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ ដោយ​មិន​ត្រូវ​រើសអើង​បក្ស​ប្រឆាំង ឬ​បក្ស​កាន់​អំណាច​ទេ។

នៅ​គ្រា​កាល​បរិច្ឆេទ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ជិត​ចូល​មក​ដល់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ស្នើ​ឲ្យ​តំណាង​បក្ស​នយោបាយ ឬ​ម្ចាស់​ស្ថានីយ​ផ្សាយ មាន​វិទ្យុ ឬ​ទូរទស្សន៍​ជាដើម ត្រូវ​គោរព​ច្បាប់​ស្ដីពី​ការ​ឃោសនា​បោះឆ្នោត។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ មាន​រយៈពេល ៣០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៣។

ទាក់ទិន​បញ្ហា​នេះ សមាជិក គ.ជ.ប លោក ម៉ៅ សុភារិទ្ធ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ គ.ជ.ប ព្រឹក​ថ្ងៃ​សុក្រ ទី១៤ ខែ​មិថុនា ថា កម្មវិធី​តុ​មូល ឬ​គោលការណ៍​ស្មើ​ភាព​ដើម្បី​ផ្សព្វផ្សាយ​ពី​នយោបាយ​គណបក្ស​និមួយៗ​ដែល​បាន​ចុះ​បញ្ជី​ប្រកួត​ប្រជែង​ការ​បោះឆ្នោត ត្រូវ​ឲ្យ​ស្មើ​ភាព​គ្នា។ ការ​ចាក់​ផ្សាយ​គោល​នយោបាយ​បក្ស​តាម​វិទ្យុ ឬ​ទូរទស្សន៍​របស់​រដ្ឋ​មាន​វិទ្យុ​វត្តភ្នំ (FM 105.70 MHz) វិទ្យុ​ជាតិ (FM 96 MHz) និង​ទូរទស្សន៍​ជាតិ (ទទក)។

កម្មវិធី​ពេល​ព្រឹក​ផ្សាយ​តាម​វិទ្យុ​វត្តភ្នំ ចាប់​ពី​ម៉ោង​៨ ដល់​ម៉ោង ១០​ព្រឹក។ ពេល​រសៀល​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ចាប់​ពី​ម៉ោង​១ ដល់​ម៉ោង ៣​រសៀល និង​ផ្សាយ​តាម​វិទ្យុ​ជាតិ ពី​ម៉ោង​៤ ដល់​ម៉ោង ៦​រសៀល។ ចំណែក​នៅ​ពេល​យប់ ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា និង​វិទ្យុ​ជាតិ ចាប់​ពី​ម៉ោង​៨ ដល់​ម៉ោង ១០​យប់ និង​វិទ្យុ​ជាតិ​វត្តភ្នំ ពី​ម៉ោង​៩ ដល់​ម៉ោង ១១​យប់។

ត្រង់​ចំណុច​នេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បញ្ជាក់​ថា ការ​ចាក់​ផ្សាយ​គោល​នយោបាយ​របស់​គណបក្ស​និមួយៗ​ក្នុង​កម្មវិធី​គោលការណ៍​ស្មើ​ភាព​តាម​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​រដ្ឋ មិន​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ​និមួយៗ​ចំណាយ​ថវិកា​ទេ។ ប៉ុន្តែ គ្រប់​កម្មវិធី​ផ្សាយ​មិន​មាន​វេទិកា​ពិភាក្សា​ដេញដោល​គ្នា​រវាង​គណបក្ស​មួយ និង​គណបក្ស​ផ្សេង​នោះ​ទេ គឺ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះឆ្នោត មាន​សិទ្ធិ​ត្រឹម​បង្ហាញ​ពី​គោល​នយោបាយ​រៀងៗ​ខ្លួន។

ចំណែក​ស្ថានីយ​វិទ្យុ ឬ​ទូរទស្សន៍​ឯកជន​ដែល​ចង់​ជួល​ម៉ោង​ផ្សាយ​ដល់​គណបក្ស​នយោបាយ ដើម្បី​ឃោសនា​បោះឆ្នោត លោក ម៉ៅ សុភារិទ្ធ បញ្ជាក់​ថា ស្ថានីយ​ទាំង​នោះ​អាច​ជួល​ម៉ោង​របស់​ខ្លួន​ក្នុង​តម្លៃ​សមរម្យ និង​ឲ្យ​បាន​ស្មើ​ភាព​រវាង​គ្រប់​គណបក្ស​នយោបាយ ពិសេស​ត្រូវ​ជូន​ដំណឹង​ពី​តារាង​តម្លៃ និង​ម៉ោង​ជួល​មក គ.ជ.ប ឬ​តំណាង​បក្ស​នយោបាយ​ឲ្យ​បាន​ច្បាស់​លាស់៖ «ការ​លក់​ម៉ោង​ផ្សាយ ឬ​ការ​ជួល​ម៉ោង​ផ្សាយ​ឲ្យ​គណបក្ស​នយោបាយ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​គ្រប់គ្រង​ស្ថានីយ​វិទ្យុ ឬ​ទូរទស្សន៍​ជួល ឬ​លក់​ម៉ោង​ផ្តាច់​មុខ​ឲ្យ​ទៅ​គណបក្ស​ណា​តែ​១​តែ​ឯង​តែ​ប៉ុណ្ណោះ​នោះ​ឡើយ»

ទោះ​យ៉ាង​ណា សម្រាប់​គណបក្ស​ប្រឆាំង​ហាក់​មិន​មាន​ទំនុក​ចិត្ត​លើ​ការ​អនុវត្ត​ច្បាប់ ឬ​ឯករាជ្យ​ភាព​របស់​ស្ថាប័ន គ.ជ.ប ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ ឬ​ទូរទស្សន៍​ឯកជន​គ្រប់គ្រង​ដោយ​បក្ស​កាន់​អំណាច​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ខាង​មុខ​ទេ។

លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា លោក​គ្មាន​ទំនុក​ចិត្ត​សោះ​ដែល​ថា​ស្ថាប័ន គ.ជ.ប អាច​គ្រប់គ្រង​ពេល​ម៉ោង​ឃោសនា​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​គណបក្ស​កាន់​អំណាច​មាន​យុត្តិធម៌​នោះ។

យ៉ាង​នេះ​ក្តី លោក ទេព នីថា បញ្ជាក់​ថា ស្ថាប័ន គ.ជ.ប មាន​ក្រុម​ការងារ​សម្រាប់​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជុំវិញ​សកម្មភាព​ឃោសនា​របស់​គណបក្ស​នយោបាយ​បាន​ត្រឹមត្រូវ។ ហើយ​ថា គ.ជ.ប មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ឈប់​ការ​ផ្សាយ​របស់​ស្ថានីយ​ទាំង​ឡាយ​ណា​ដែល​មិន​គោរព​តាម​នីតិវិធី​ឃោសនា​បោះឆ្នោត៖ «ហើយ​ក្នុង​ករណី​ដែល​គាត់​បំពាន​មិន​អនុវត្ត​តាម​ទេ យើង​អញ្ជើញ​ឲ្យ​គាត់​មក​ជួប​តែ​ម្តង មក​ជួប​ប្រជុំ​ជាមួយ​គ្នា ហើយ​ធ្វើ​កំណត់​ហេតុ​ប្រាប់​ពី​ហេតុការណ៍​នេះ។ អាច​ទី២ ឬ​ទី៣ យើង​ធ្វើ​លិខិត​ជា​ផ្លូវ​ការ​តែ​ម្តង ហើយ​ក្នុង​ករណី​គាត់​នៅ​បំពាន​ទៀត យើង​សុំ​ទៅ​ក្រសួង​ព័ត៌មាន ដើម្បី​ផ្អាក​ការ​ផ្សាយ​របស់​គាត់ ឬ​ចាត់​វិធាន​ការ​បែប​ណា​មួយ​ឲ្យ​មាន​ប្រសិទ្ធភាព រារាំង​ការ​ផ្សព្វផ្សាយ​របស់​គាត់​មិន​ត្រឹមត្រូវ ឬ​បំពាន​ទៅ​លើ​គោលការណ៍​នៃ​ការ​ឃោសនា​បោះឆ្នោត»

ចំណែក​លោក អ៊ក គីមហាន ប្រធាន​នាយកដ្ឋាន​បូក​សរុប​នៃ​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្នើ​ឲ្យ​ស្ថាប័ន គ.ជ.ប មាន​វិធាន​ការ​ចំពោះ​ការ​ផ្សាយ​របស់​វិទ្យុ​បរទេស​ភាសា​ខ្មែរ ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត៖ «ខ្ញុំ​មាន​សំណួរ​មួយ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​វិទ្យុ​អាស៊ីសេរី បាន​សួរ ហើយ​ឯកឧត្តម​អគ្គ​បាន​ឆ្លើយ​យ៉ាង​ក្បោះក្បាយ ប៉ុន្តែ​ខ្ញុំ​បាន​ឆ្ងល់​បន្ត​ទៀត​ថា ចុះ​ចំពោះ​វិទ្យុ ឬ​ក៏​ទូរទស្សន៍​ដែល​ផ្សាយ​ពី​ក្រៅ​ប្រទេស​មក​វិញ ដូច​ជា​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ឬ​វិទ្យុ​អាស៊ីសេរី ដែល​ផ្សាយ​ពី​ក្រៅ​មក​វិញ តើ​អា​ហ្នឹង​យើង​មាន​វិធាន​ការ​យ៉ាង​ម៉េច​ដែរ? បើ​សិន​ជា​រំលោភ​ចំពោះ​ច្បាប់ ឬ​បទ​បញ្ជា ឬ​នីតិវិធី​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ»

ឆ្លើយ​តប​បញ្ហា​នេះ លោក ទេព នីថា ឲ្យ​ដឹង​ថា គ.ជ.ប មាន​ការ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​វិទ្យុ​ផ្សាយ​ភាសា​ខ្មែរ​ពី​បរទេស ហើយ​ថា គ.ជ.ប មិន​មាន​សិទ្ធិ​លូកលាន់​ការ​ផ្សាយ​របស់​វិទ្យុ​អន្តរជាតិ​ទាំង​នោះ​ទេ៖ «កន្លង​មក​យើង​និយាយ​តាម​បទ​ពិសោធន៍​វិញ យើង​មាន​ការ​លំបាក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​ខ្មែរ​ពី​បរទេស។ ហើយ​ខ្ញុំ​ក៏​សុំ​អរគុណ​ដែរ​ដែល​ពី​មុន​មក​វិទ្យុ​អាស៊ីសេរី ក៏​ធ្លាប់​បាន​សហការ​ជាមួយ គ.ជ.ប។ ហើយ​នៅ​ពេល​បោះឆ្នោត​មួយ​នោះ គាត់​បាន​រៀបចំ​ការ​ពិភាក្សា​តំណាង​គណបក្ស​នយោបាយ​តាម​ប្រព័ន្ធ​អាស៊ីសេរី ហ្នឹង​ដែរ។ ហើយ​បើ​យើង​និយាយ​តាម​គោលការណ៍​ជាក់ស្តែង​នៅ​ក្នុង​ការ​គ្រប់គ្រង យើង​ពុំ​មាន​គោលការណ៍​ទៅ​គ្រប់គ្រង​វិទ្យុ​ដែល​ផ្សាយ​ពី​ក្រៅ​ប្រទេស​មក​ទេ»

ទោះ​យ៉ាង​ណា លោក ទេព នីថា បាន​ស្នើ​ឲ្យ​គណបក្ស​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​រដ្ឋ និង​ឯកជន ឬ​វិទ្យុ​អន្តរជាតិ​ក្តី ត្រូវ​សហការ​ជាមួយ គ.ជ.ប និង​គោរព​នីតិវិធី​ស្ដីពី​ការ​ឃោសនា​បោះឆ្នោត​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​ជៀសវាង​បញ្ហា​កើត​ឡើង។

បញ្ហា​នេះ​ដែរ លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា និចហ្វិក (NICFEC) ក៏​បាន​ស្នើ​ឲ្យ​ស្ថាប័ន គ.ជ.ប ត្រូវ​រក្សា​ឯករាជ្យ​ភាព​ក្នុង​ការ​ត្រួត​ពិនិត្យ​សកម្មភាព​ឃោសនា​របស់​គណបក្ស​នយោបាយ​និមួយៗ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​បាន​ស្មើ​ភាព៖ «យើង​បារម្ភ​ពាក្យ​ថា​ស្មើ​ភាព​នេះ មិន​អនុវត្ត​បាន​ល្អ​ទេ ប្រសិន​បើ គ.ជ.ប ខ្លួន​ឯង​មាន​ការ​បន្ធូរបន្ថយ ឬ​ក៏​មិន​បាន​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ ដែល​អាច​ឲ្យ​មាន​គណបក្ស​នយោបាយ​ខ្លះ​ប្រើប្រាស់​ឱកាស​ទៅ​លើ​អ្វី​ដែល​ជា​ការ​កំណត់​របស់ គ.ជ.ប សេចក្តី​ប្រកាស​របស់ គ.ជ.ប គឺ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ស្មើ​ភាព​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់»

កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​បិទ​ផ្សាយ​លទ្ធផល​បឋម​នៅ​ការិយាល័យ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត និង​បញ្ជី​ទីតាំង​នៅ​ការិយាល័យ​បោះឆ្នោត និង​នៅ​គណៈកម្មការ​ឃុំ​សង្កាត់​ធ្វើ​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០១៣។ មាន​ការិយាល័យ​បោះឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន ១៩.០០៩​ការិយាល័យ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។