សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញក្តីព្រួយបារម្ភអំពីកម្ដៅនយោបាយក្នុងពេលបច្ចុប្បន្ននេះ ដែលអាចនឹងប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោត។ ទាំង គ.ជ.ប និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត សុទ្ធតែចង់ឃើញគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា វិលទៅរកតុចរចាដើម្បីបន្ថយកម្ដៅនយោបាយឲ្យដល់កម្រិតសូន្យ។
ទំនាស់នយោបាយម្ដងក្ដៅម្ដងត្រជាក់រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានក្លាយទៅជាប្រធានបទដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី១២ ខែតុលា នៅទីស្នាក់ការ គ.ជ.ប។
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក រ៉ុង ឈុន មានប្រសាសន៍ថា កម្ដៅនយោបាយនៅកម្ពុជា ហាក់បានថយចុះបន្តិចកាលពីមុនពេលបុណ្យភ្ជុំបិណ្ឌ នៅពេលបក្សធំៗទាំង២ ផ្អាកការវាយប្រហារពាក្យសម្ដីធ្ងន់ៗដាក់គ្នា ក៏ប៉ុន្តែកម្ដៅនយោបាយនៅតែមិនទាន់ថយចុះដល់ចំណុចលែងព្រួយបារម្ភឡើយ។
លោក រ៉ុង ឈុន បញ្ជាក់ថា ប្រសិនបើអ្នកនយោបាយមិនបញ្ចុះកម្ដៅនយោបាយតាមរយៈការចរចាគ្នានោះទេ វានឹងប៉ះពាល់ដល់ដំណើរការចុះឈ្មោះ និងការបោះឆ្នោត៖ «យើងចង់ឃើញអ្នកនយោបាយមកអង្គុយជជែកគ្នារកដំណោះស្រាយ ដើម្បីធ្វើម៉េច ចូលរួមក្នុងការបោះឆ្នោត មានវត្តមានអ្នកនយោបាយទាំងអស់ គ្រប់គណបក្សនយោបាយទាំងអស់ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតឲ្យបានទាំងអស់គ្នា។ យើងដឹងហើយ ទោះបីការចុះឈ្មោះបានល្អប្រសើរ (តែ) បើយើងខ្វះខាតនៅចំណុចហ្នឹងមួយ ក៏មិនអាចដំណើរការបានល្អដែរ»។
មជ្ឈដ្ឋានទូទៅមើលឃើញថា គណបក្សកាន់អំណាច និងគណបក្សប្រឆាំង បានពើបប្រទះបញ្ហារង្គោះរង្គើជាមួយគ្នាអស់ជិតមួយអាណត្តិហើយ ក្រោយពីមន្ត្រី និងតំណាងរាស្ត្រគណបក្សប្រឆាំងត្រូវបានតុលាការចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់។ រីឯថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំងពីររូបក៏កំពុងតែរួមរឹតដោយពាក្យបណ្ដឹង ដែលបណ្ដាលឲ្យលោក សម រង្ស៊ី និរទេសខ្លួនរស់នៅក្រៅប្រទេស ចំណែកលោក កឹម សុខា សម្ងំរស់នៅក្នុងទីស្នាក់ការបក្សម្នាក់ឯង មិនបានបំពេញការងារនយោបាយពេញលេញដូចគណបក្សកាន់អំណាច។ លើសពីនេះទៀត មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ក៏កំពុងជាប់ពន្ធនាគារដោយសារកិច្ចខិតខំរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការ បន្ទាប់ពីទទួលបណ្ដឹងពីនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ក្រុមអង្គការស៊ីវិល ចាត់ទុកថា ចំណាត់ការទាំងនេះ គឺជារឿងនយោបាយដែលត្រូវដោះស្រាយតាមច្រកនយោបាយ។
ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម គណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុភារី មានប្រសាសន៍ថា គណបក្សធំៗទាំងពីរគួរតែបានជួបចរចាគ្នាវិញ ដើម្បីធានាឲ្យដំណើរការចុះឈ្មោះបោះឆ្នោត និងដំណើរការប្រជាធិបតេយ្យបានទៅមុខដោយរលូន និងពេញបរិបូរណ៍៖ «យើងឃើញហើយថា ដើម្បីឲ្យកាន់តែមានតម្លាភាពទៀតនោះ គួរតែគ្រប់ភាគីគណបក្សនយោបាយអោយមានការចូលរួមទាំងអស់គ្នា កុំអោយអវត្តមានគណបក្សនយោបាយ ជាពិសេសមេដឹកនាំគណបក្សនយោបាយទាំងអស់ត្រូវចូលរួមការបោះឆ្នោត ទើបការបោះឆ្នោតនោះមានតម្លាភាព សេរីភាព និងយុត្តិធម៌ ហើយដែលគណបក្សនយោបាយទាំងអស់អាចទទួលយកបាន»។
ឆ្លើយតបចំពោះបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា មិនអាចទៅរួចទេ ប្រសិនបើការចរចាដើម្បីដោះលែងអ្នកជាប់ចោទ ឬអ្នកល្មើសច្បាប់នោះ៖ «ទិសដៅរបស់គាត់គឺយើងដឹងច្បាស់ហើយថា គាត់ចង់អោយគណបក្សទាំងពីរចរចាគ្នាដើម្បីដោះលែងអ្នកជាប់ពិរុទ្ធនៅក្នុងផ្លូវច្បាប់ ដូច្នេះសួរថា តើគណបក្សទាំងពីរមានភារកិច្ចអីទៅរំលោភសមត្ថកិច្ចតុលាការ ហើយបើដូច្នេះទៅ តើឯណាទៅដែលហៅថា នីតិរដ្ឋដែលជាស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយឯណាទៅដែលជាវប្បធម៌និទណ្ឌភាពនោះ ចង់យកនិទណ្ឌភាពមកជំនួសនីតិរដ្ឋម៉េចកើត គឺយើងមិនអាចធ្វើទៅរួចទេ»។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និចហ្វិក (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា ថ្វីត្បិតតែគណបក្សកាន់អំណាចអះអាងថា ចំណាត់ការលើបក្សប្រឆាំងជាការពង្រឹងការអនុវត្តច្បាប់ក្តី ប៉ុន្តែពីក្រោយខ្នង ឬប្រភពដើមនៃរឿងនេះ គឺផ្ដើមចេញពីជម្លោះនយោបាយ។
លោក សំ គន្ធាមី លើកឡើងថា លោកមានក្ដីព្រួយបារម្ភធំជាង គ.ជ.ប ទៅទៀត ចំពោះកម្តៅនយោបាយក្នុងពេលបច្ចុប្បន្ននេះ ដូច្នេះបើអ្នកនយោបាយនៅតែមានៈមិនព្រមបញ្ចប់ទំនាស់ជាមួយគ្នាទេនោះ នឹងធ្វើឲ្យពលរដ្ឋមួយចំនួនរារែកក្នុងការទៅចុះឈ្មោះបោះឆ្នោត។ លោក សំ គន្ធាមី ក៏អំពាវនាវឲ្យរដ្ឋាភិបាលត្រូវទទួលខុសត្រូវក្នុងការស្ដារបរិយាកាសនយោបាយឲ្យល្អឡើងវិញ ដើម្បីធានាឲ្យការត្រៀមប្រកួតប្រជែងនយោបាយនៅពេលខាងមុខនេះប្រកបដោយសេរី និងយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។