គ.ជ.ប ឆ្លើយ​តប​នឹង​ក្ដី​បារម្ភ​របស់​លោក សម រង្ស៊ី ចំពោះ​ទំនុក​ចិត្ត​​​លើ គ.ជ.ប

0:00 / 0:00

មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា (គ.ជ.ប) អះអាង​ថា ស្ថាប័ន​នេះ​នឹង​បំពេញ​ការងារ​ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​សម្រាប់​ការ​បោះឆ្នោត​ទៅ​តាម​ច្បាប់​ដែល​បាន​រៀបចំ​កំណែទម្រង់​ស្ថាប័ន​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​បារម្ភ​ពី​ទំនុក​ចិត្ត​ចំពោះ គ.ជ.ប ស្រប​ពេល​តុលាការ​បាន​សើរើ​សំណុំ​រឿង​លោក រ៉ុង ឈុន សមាជិក គ.ជ.ប។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា លើក​ឡើង​ថា ការ​បារម្ភ​របស់​លោក សម រង្ស៊ី គឺ​ជា​ទស្សនៈ​របស់​អ្នក​នយោបាយ ប៉ុន្តែ​ចំពោះ គ.ជ.ប នៅ​តែ​បន្ត​ការងារ​ដូច​ដែល​ច្បាប់​ថ្មី​ពាក់​ព័ន្ធ​ដល់​ការ​បោះឆ្នោត​បាន​កំណត់។

អ្នកនាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​ថ្លែង​បែប​នេះ​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា។ លោក​ពន្យល់​ថា រចនា​សម្ព័ន្ធ​របស់ គ.ជ.ប គឺ​នៅ​តែ​អាច​ដំណើរការ​បម្រើ​ការងារ​បោះឆ្នោត​បន្ត​ទៀត៖ «គាត់​បំពេញ​តួនាទី​ជា​អ្នក​នយោបាយ​ម្នាក់ គាត់​បារម្ភ​យ៉ាង​នេះ​យ៉ាង​នោះ គឺ​ជា​ការ​យល់​ឃើញ​របស់​គាត់ ប៉ុន្តែ​សម្រាប់ គ.ជ.ប គឺ​នៅ​តែ​តម្កល់​តួនាទី និង​ការ​ទទួល​ខុសត្រូវ​ជា​ធំ​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ដែល​លទ្ធផល​អាច​ទទួល​យក​បាន​សម្រាប់​អ្នក​ប្រកួត​ប្រជែង​និង​ពលរដ្ឋ។ រចនា​សម្ព័ន្ធ​គ.ជ.ប ថ្មី​នេះ ទោះ​បី​ជា​អវត្តមាន​មន្ត្រី​រូប​ណា ក៏​អាច​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​បញ្ហា​នោះ​ទេ»

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គ.ជ.ប នឹង​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ឃុំ សង្កាត់ នៅ​ដើម​ខែ​កញ្ញា ខាង​មុខ នៅ​ពេល​ដែល​ទទួល​បាន​សម្ភារៈ​សម្រាប់​ការ​ចុះ​បញ្ជី​បោះឆ្នោត​នៅ​ខែ​កក្កដា ខាង​មុខ។

មន្ត្រី​អ្នក​នាំ​ពាក្យ គ.ជ.ប ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​រវាង​គណៈកម្មការ​ចំពោះ​កិច្ច គ.ជ.ប ជាមួយ​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៥។
មន្ត្រី​អ្នក​នាំ​ពាក្យ គ.ជ.ប ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​រវាង​គណៈកម្មការ​ចំពោះ​កិច្ច គ.ជ.ប ជាមួយ​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៥។ (RFA/Yeang Socheametta)

លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា បាន​លើក​ឡើង​ថា ប្រសិន​បើ​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​បច្ចុប្បន្ន​នេះ​នៅ​តែ​បន្ត លោក​ថា គ.ជ.ប ថ្មី​នឹង​បាត់បង់​ភាព​ទុក​ចិត្ត​របស់​ខ្លួន ដោយសារ​តែ​មិន​អាច​រៀបចំ​ការ​បោះឆ្នោត​មួយ​ដោយ​ទុក​ចិត្ត​បាន។

លោក សម រង្ស៊ី ធ្លាប់​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook)របស់​លោក​ថា សេណារ៉េយ៉ូ​ដ៏​អាក្រក់​បំផុត​គឺ​នៅ​ឆ្នាំ​២០១៧ និង​២០១៨ ជា​ពេល​ដែល​ប្រជាពលរដ្ឋ​ម្នាក់ៗ​នឹង​ភ្ញាក់​ផ្អើល ហើយ​ខកចិត្ត​ដោយសារ​តែ គ.ជ.ប. ថ្មី នៅ​តែ​ស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​នៅ​តែ​បំភ្លៃ​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។

ចំពោះ​ការ​បារម្ភ​ពី​ទំនុក​ចិត្ត​ចំពោះ​ការ​បោះឆ្នោត​នេះ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ករណី​ដែល​មាន គ.ជ.ប បាត់បង់​សមាជិក​ណា​ម្នាក់ នោះ​មាន​ន័យ​ថា ការ​សម្រេច​កិច្ច​ការងារ​នានា ក៏​នឹង​ត្រូវ​បាត់បង់​ចំនួន​ភាគ​ច្រើន​ដាច់ខាត​ដែល​កំណត់​ដោយ​ច្បាប់​នោះ​ដែរ៖ «ក្នុង​ករណី​ណា​មួយ​ក្ដី ខ្ញុំ​អត់​ទាន់​ប្រាកដ​ទេ។ បើ​សមាជិក គ.ជ.ប នៅ ៨​នាក់ ដូច្នេះ​ការ​សម្រេច​របស់​គ.ជ.ប កាល​ណា ៤ ស្មើ ៤ ឧត្ដមភាព​ទៅ​លើ​ប្រធាន​គ.ជ.ប ហើយ។ ការពិត​ទៅ​វា​បាត់បង់​ទំនុក​ចិត្ត​ដែរ ដោយសារ​បញ្ហា​ការ​សម្រេច​ចិត្ត​ស្ថាប័ន​តែមួយ​ហ្នឹង​វា​អត់​យុត្តិធម៌»

ការ​លើក​ឡើង​ពី​ការ​បាត់បង់​ទំនុក​ចិត្ត​ចំពោះ គ.ជ.ប នេះ បន្ទាប់​ពី​សមាជិក​ស្ថាប័ន​នេះ​គឺ​លោក រ៉ុង ឈុន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សាន សុផាត បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី​២៦ ខែ​មេសា ដោយ​បញ្ជាក់​ថា លោក​បាន​បញ្ជូន​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង ដែល​កើត​ឡើង​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ ទៅ​ជំនុំ​ជម្រះ។

បណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំង​លោក រ៉ុង ឈុន នេះ គឺ​ជា​បណ្ដឹង​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ពាក់ព័ន្ធ​នឹង​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ កាល​ពី​អំឡុង​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ រហូត​ដល់​ផ្ទុះ​អំពើ​ហិង្សា​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​កម្មករ និង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល។

មន្ត្រី គ.ជ.ប គ្រោង​ទៅ​សួរសុខទុក្ខ​លោក នី ចរិយា

មន្ត្រី គ.ជ.ប គ្រោង​នឹង​ទៅ​ជួប​សួរ​សុខទុក្ខ​អគ្គ​លេខាធិការ​រង គ.ជ.ប លោក នី ចរិយា ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅ​ជា​ភាសា​បារាំង ថា ប៉េហ្ស៊ី (PJ)។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា មន្ត្រី គ.ជ.ប និង​អ្នក​ច្បាប់ នឹង​ទៅ​សួរ​សុខទុក្ខ​លោក នី ចរិយា ប៉ុន្តែ​ពុំ​ទាន់​ដឹង​ពេល​វេលា​ជាក់លាក់​នៅ​ឡើយ៖ «នៅ​អត់​ទាន់​កំណត់​ថ្ងៃ​ជាក់លាក់​ទេ។ មាន​សមាជិក គ.ជ.ប ៣​រូប ហើយ​និង​មន្ត្រី​ខាង​ច្បាប់ ៤​នាក់ គឺ​មាន​ភ្លើង​ខៀវ​ថា អាច​ទៅ​បាន​ហើយ»

អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្រោម​បទ​ចោទ​សម​គំនិត​សូកប៉ាន់​សាក្សី តាម​មាត្រា​២៩ និង​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។ លោក​ត្រូវ​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​សាកសួរ​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា ហើយ​ឈាន​ដល់​ឃាត់​ខ្លួន​បញ្ជូន​មក​តុលាការ​បន្ត​នីតិវិធី អស់​រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។