លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឱ្យដឹងនៅថ្ងៃទី១០ សីហា ថា ការពន្យារពេលនេះ ដោយសារ គ.ជ.ប កំពុងរៀបចំពិនិត្យមើលរបាយការណ៍អំពីភាពមិនប្រក្រតីនានាក្នុងថ្ងៃបោះឆ្នោត ដើម្បីដោះស្រាយពាក្យបណ្តឹងឱ្យបានចប់សព្វគ្រប់មុននឹងឈានដល់ការប្រកាសលទ្ធផល។
លោក ទេព នីថា៖ «តាមផ្លូវច្បាប់យើងមិនអាចពន្យារពេលយូរបានទេ ព្រោះមានការកំណត់។ ទីមួយបើតាមរដ្ឋធម្មនុញ្ញ ត្រូវប្រជុំ ៦០ថ្ងៃក្រោយការបោះឆ្នោតសភា។ ទីពីរ វាទាក់ទងទៅនឹងការដោះស្រាយបណ្តឹង ដែលប្តឹងនៅក្រោយការប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត។ អ៊ីចឹងទេ ការជំរុញប្រតិទិននេះ មិនអាចទុកយូរបានទេ គ.ជ.ប នឹងសម្រេចនៅថ្ងៃស្អែក ឬអាទិត្យក្រោយ។
លោកបន្តថា បច្ចុប្បន្ននៅសល់ពាក្យបណ្តឹងថ្នាក់ជាតិចំនួនប្រាំ ទៅប្រាំមួយទៀត ដែលនៅមិនទាន់ដោះស្រាយហើយ ហើយនៅថ្ងៃទី១១ ឬ ១២ សីហា គ.ជ.ប នឹងចេញសេចក្ដីជូនដំណឹងពីកាលបរិច្ឆេទជាក់លាក់ក្នុងការប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា ការពន្យារពេលក្នុងការប្រកាសលទ្ធផលនេះ មិនមែនជាបញ្ហាចោទនោះទេ តែលោកបានបញ្ជាក់ថា ការដោះស្រាយបញ្ហាភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោត ដោយគណៈកម្មការពិសេសឯករាជ្យ ទើបជារឿងសំខាន់។
លោក យឹម សុវណ្ណ គាំទ្រឱ្យមានការដោះស្រាយបញ្ហាឱ្យបានចប់សិន មុននឹងប្រកាសលទ្ធផល៖ «យើងកំពុងតែរៀបចំគណៈកម្មការពិសេសមួយដើម្បីដោះស្រាយភាពមិនប្រក្រតីហ្នឹងហើយ សូមបញ្ជាក់ប៉ុណ្ណឹង! ដើម្បីទុកលទ្ធភាពឱ្យគណៈកម្មការពិសេសហ្នឹងធ្វើការ។ គណបក្សសង្គ្រោះជាតិ មិនទទួលយកលទ្ធផលនៃការបោះឆ្នោតហ្នឹងទេ។ ខ្ញុំមិននិយាយពីរឿងប្រកាសលទ្ធផល និងមិនប្រកាសលទ្ធផលទេ ព្រោះថា បើប្រកាសទៅមានភាពអយុត្តិធម៌ដដែល មិនបាច់ប្រកាសក៏វាអត់កើតដែរ ត្រូវដោះស្រាយឱ្យចប់សិន។ គោលជំហររបស់គណបក្សសង្គ្រោះជាតិ គឺដោះស្រាយបញ្ហាអយុត្តិធម៌ បញ្ហាមិនប្រក្រតី ដែលគណបក្សទាំងពីរកំពុងតែជជែកគ្នា។ រកយន្តការមកដោះស្រាយបញ្ហាឱ្យចប់សិន»។
សម្រាប់លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិចហ្វិក (Nicfec) ដែលកំពុងតាមដានដំណើរការបោះឆ្នោត ក៏បានគាំទ្រចំពោះការពន្យារពេលប្រកាសលទ្ធផលបោះឆ្នោតនេះដែរ ដោយលោកយល់ថា ទង្វើនេះវាសមស្របទៅនឹងស្ថានការណ៍បច្ចុប្បន្ន៖ «បញ្ហាកម្តៅនយោបាយកាន់តែកើនឡើងថែមទៀត ពិសេសអ្នកដែលមិនទទួលយកលទ្ធផលហ្នឹង។ ខ្ញុំគិតថា មធ្យោបាយដ៏ល្អ គឺទុកឱ្យគណៈកម្មការពិសេសមួយហ្នឹងធ្វើការ ដើម្បីបង្ហាញការពិតដល់សាធារណជនបានដឹង ដើម្បីឱ្យគាត់បានស្ងប់ចិត្ត»។
បើតាមការអះអាងរបស់គណបក្សប្រជាជនកម្ពុជា ថា លទ្ធផលបឋមខ្លួនទទួលបាន ៦៨អាសនៈ ចំណែកឯគណបក្សសង្គ្រោះជាតិវិញ ទទួលបាន ៥៥អាសនៈ។ ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិ វិញ បានប្រកាសថា ខ្លួនទទួលបានអាសនៈដល់ទៅ ៦៣អាសនៈ ខុសពីការអះអាងរបស់គណបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
