គ.ជ.ប.ពន្យារ​ពេល​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ការ​ពិនិត្យ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត ឆ្នាំ​២០១៣ នៅ​តាម​សាលា​ឃុំ-សង្កាត់ នឹង​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៣។ ទន្ទឹម​គ្នា​នេះ (គ.ជ.ប) គ្រោង​នឹង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​លើក​ពេល​ការ​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល ស្ដីពី​ការ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត នៅ​តាម​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា ទៅ​ថ្ងៃ​ក្រោយ ដោយ​ពុំ​បាន​កំណត់​កាល​បរិច្ឆេទ​ច្បាស់​លាស់។ ការ​ពន្យារ​ពេល​នេះ បាន​ធ្វើ​ឡើង​ស្រប​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដឹក​នាំ​ក្បួន​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​បន្ទាយមានជ័យ លោក គី គឹមសេង ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ថា កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៣ នាយកដ្ឋាន​បណ្ដុះ​បណ្ដាល និង​ព័ត៌មាន​សាធារណៈ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ប្រកាស​ឲ្យ​ប្រធាន​លេខាធិការដ្ឋាន​រាជធានី​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត ឲ្យ​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ការ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១៣។ ប៉ុន្តែ វគ្គ​បណ្ដុះ​បណ្ដាល​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នេះ បាន​ផ្អាក​ទៅ​វិញ ដោយសារ​មាន​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ៖ «ខ្ញុំ​ត្រូវ​ទៅ​រៀន​នៅ​ថ្ងៃ​ស្អែក​នេះ ឥឡូវ​ផ្អាក​វិញ​មិន​ដឹង​ថា​ថ្ងៃ​ណា​ត្រូវ​ទេ ប៉ុន្តែ​ត្រូវ​តែ​ទៅ ប៉ុន្តែ​ត្រូវ​តែ ព្រោះ​ខាន​មិន​បាន​ទេ ព្រោះ​មួយ​ឆ្នាំៗ​មាន​ការ​កែ​នីតិវិធី​បន្តិចៗ គ.ជ.ប ជូន​ដំណឹង​មក​ថា ផ្អាក​សិន ចាំ​ឲ្យ​ដំណឹង​មក​ពេល​ក្រោយ​ទៀត»

មន្ត្រី​លេខាធិការដ្ឋាន​រាជធានី​ខេត្ត ដែល​ត្រូវ​ចូល​រួម​រៀន​សូត្រ​នោះ ក្រោយ​ពី​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ការ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ ពួក​គេ​នឹង​យក​ចំណេះ​វិជ្ជា​ទាំង​នោះ​ទៅ​បង្ហាត់​បង្រៀន​បន្ត​ដល់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​តាម​មូលដ្ឋាន។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី លោក ទេព នីថា ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ថា​តើ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ត្រូវ​ពន្យារ​ពេល​ដល់​ថ្ងៃ​ណា​នោះ​ទេ។

ប៉ុន្តែ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ គ.ជ.ប បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ បញ្ជាក់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ទើប​ផ្លាស់​ទីលំនៅ​ចូល​ពី​ឃុំ​សង្កាត់ អ្នក​ពុំ​ធ្លាប់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​អ្នក​ទើប​គ្រប់​អាយុ​បោះ​ឆ្នោត ១៨​ឆ្នាំ។ អាយុ ១៨​ឆ្នាំ​នេះ គឺ​គិត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣ និង​អ្នក​បាត់​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​កន្លង​មក​នោះ ឲ្យ​ទៅ​សុំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដោយ​ផ្ទាល់​នៅ​តាម​សាលា​ឃុំ​សង្កាត់ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៣។

ប្រជាពលរដ្ឋ​ត្រូវ​យក​ទៅ​ជាមួយ​នូវ​ឯកសារ​មួយ ឬ​ច្រើន ដែល​អាច​បញ្ជាក់​លក្ខខណ្ឌ ៤​យ៉ាង គឺ​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ អាយុ និង​ទីលំនៅ។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​ទាក់ទិន​ទៅ​នឹង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដែល​ពួក​គេ​រក​ឃើញ​ថា មាន​ការ​បំប៉ោង​ចំនួន មាន​ឈ្មោះ​ស្ទួន និង​ការ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​រួម​មួយ ក្រោយ​ពី​មាន​ជំនួប​កំពូល​រវាង​ថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ ដើម្បី​រក​ច្រក​ចេញ​ពី​ការ​ជាប់​គាំង​ខាង​ផ្នែក​នយោបាយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត។ នៅ​ក្នុង​សេចក្ដី​ប្រកាស​រួម គណបក្ស​ធំៗ​ទាំង​ពីរ​បាន​ឯកភាព​លើ​គោលការណ៍​រួម​បី​ចំណុច ហើយ​នៅ​ត្រង់​ចំណុច​ទី​២ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​នឹង​បង្កើត​យន្តការ​មួយ ដើម្បី​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។