កាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឬធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៣ មានរយៈពេល ២០ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែតុលា។ ប៉ុន្តែដោយសារតែខេត្តចំនួន ១០ បានជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរទើបមានការពន្យារពេល។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងនៅថ្ងៃច័ន្ទ ទី១៤ ខែតុលា ថា គ.ជ.ប បានពន្យារពេលវេលា ៣ថ្ងៃទៀត គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា សម្រាប់ឃុំ-សង្កាត់ចំនួន ២១១ តាមខេត្តចំនួន ១០ រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កណ្តាល ក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងខេត្តឧត្តរមានជ័យ។
លោក ទេព នីថា បានឲ្យដឹងថា មកដល់ពេលនេះទើបមានអ្នកចុះឈ្មោះថ្មីជិត ៧ម៉ឺននាក់ទេ គឺនៅមានចំនួនតិចនៅឡើយ បើប្រៀបធៀបគម្រោងប៉ាន់ស្មានឆ្នាំ២០១៣ អាចមានអ្នកចុះឈ្មោះថ្មីរហូតដល់ ៣៣ម៉ឺននាក់៖ «យើងចុះឈ្មោះថ្មីបាន ៦ម៉ឺន ៨ពាន់នាក់ ស្មើជាង ២០% ហើយយើងបានទទួលរបាយការណ៍ដើម្បីលុបឈ្មោះពីបញ្ជីបោះឆ្នោតបានប្រមាណជាង ២ម៉ឺន ២ពាន់នាក់ជាង។ បន្ថែមលើនេះក៏មានប្រជាពលរដ្ឋមកស្នើសុំកែតម្រូវឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតមានជាជាង ៦ពាន់នាក់ទៀត»។
បញ្ហានេះ លោកថា អាចបណ្តាលមកពីឆ្នាំនេះជួបគ្រោះទឹកជំនន់ គួបផ្សំមានពលរដ្ឋខ្លះ ពិសេសយុវជនយុវនារីដែលទើបគ្រប់អាយុបោះឆ្នោត មិនបានចាប់អារម្មណ៍លើការងារចុះឈ្មោះបោះឆ្នោតនេះ។
ទោះយ៉ាងណា លោក ទេព នីថា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទើបផ្លាស់ប្តូរទីលំនៅ អ្នកពុំធ្លាប់បានចុះឈ្មោះបោះឆ្នោត ឬអ្នកទើបគ្រប់អាយុបោះឆ្នោត (មានអាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣) និងអ្នកធ្លាប់បាត់ឈ្មោះពីបញ្ជីបោះឆ្នោតកន្លងទៅ ត្រូវទៅចុះឈ្មោះជាថ្មីដោយផ្ទាល់តាមសាលាឃុំ-សង្កាត់ដែលខ្លួនកំពុងរស់នៅ។
បញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០១២ មានអ្នកចុះឈ្មោះជាង ៩លាន ៦សែននាក់។ ប៉ុន្តែមន្ត្រី គ.ជ.ប បានអះអាងថា អាចកើនចំនួនជាង ១០លាននាក់នៅក្នុងការចុះឈ្មោះ ឬបញ្ជីឈ្មោះឆ្នាំ២០១៣។
បញ្ហានេះដែរ ទាំងមន្ត្រីសង្គមស៊ីវិលនិងគណបក្សនយោបាយ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៣ ឲ្យបានច្រើន ដើម្បីមានសិទ្ធិបោះឆ្នោតនៅថ្ងៃខាងមុខ។
លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC)។ លោកបានទទូចឲ្យប្រជាពលរដ្ឋ ពិសេសយុវជនទើបគ្រប់អាយុបោះឆ្នោត ត្រូវទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៣ ឲ្យបានគ្រប់គ្នា ដើម្បីមានសិទ្ធិបោះឆ្នោតបណ្តាឆ្នាំខាងមុខ។
លោក ហង្ស ពុទ្ធា៖ «អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចំណាយពេលវេលាជាចាំបាច់ ដើម្បីទី១ ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត បើសិនមានភាពមិនប្រក្រតីណាមួយត្រូវតែដោះស្រាយ ឬក៏ធ្វើពាក្យបណ្តឹងដើម្បីជម្រាបជូនទៅស្ថាប័នពាក់ព័ន្ធ ឬក៏ស្មៀនឃុំសង្កាត់ កែសម្រួល ឬក៏ចុះឈ្មោះឡើងវិញជាការចាំបាច់»។
បញ្ហានេះដែរ លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏បានស្នើឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតតាមការកំណត់ របស់ គ.ជ.ប នេះដែរ។ ប៉ុន្តែលោកថា គណបក្សប្រឆាំងនិងសង្គមស៊ីវិលដទៃទៀត កំពុងទាមទារកែទម្រង់ការចុះឈ្មោះបោះឆ្នោត ឬកែទម្រង់ស្ថាប័ន គ.ជ.ប ឲ្យបានប្រសើរជាងសព្វថ្ងៃ៖ «យើងនឹងជំរុញឲ្យមានការកែទម្រង់បោះឆ្នោត កែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្លាស់ប្តូរសមាភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយជាពិសេស គឺការធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីមួយ ដើម្បីជៀសវាងកុំឲ្យកើតមានបញ្ហាដូចពេលកន្លងមក»។
បញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០១២ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ ទទួលរងការរិះគន់ពីមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំងមួយចំនួន ដោយចោទថា មានភាពមិនប្រក្រតី និងបាត់ឈ្មោះប្រជាពលរដ្ឋ មានឈ្មោះស្ទួន ឬមានឈ្មោះជាតិសាសន៍ដទៃ អាចមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានសិទ្ធិបោះឆ្នោតជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
