តំណាងគណបក្សជាប់ឆ្នោតទាំងពីរបានបន្តជួបគ្នាជជែកអំពីសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៀត នៅល្ងាចថ្ងៃទី១០ វិច្ឆិកា ដែលបន្តជជែកអំពីចំណុចមិនត្រូវរ៉ូវគ្នាកាលពីសប្ដាហ៍មុន។ ទោះជាយ៉ាងនេះក្ដី ការបន្តជជែកគ្នាលើចំណុចដែលខ្វែងគំនិតគ្នានោះមកទល់ពេលនេះ ក៏នៅតែមិនទាន់ត្រូវរ៉ូវគ្នាទាំងស្រុងនៅឡើយ។
សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សជាប់ឆ្នោតទាំងពីរបានពិភាក្សាគ្នាបាន ៥០មាត្រាហើយ ក្នុងចំណោម ៦៦មាត្រា។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអ្នកដឹកនាំចរចាខាងគណបក្សនេះ លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា ការជជែកគ្នានៅរសៀលថ្ងៃទី១០ វិច្ឆិកា នេះ ទោះបីជាតំណាងគណបក្សទាំងពីរមិនទាន់បានឯកភាពគ្នា ១០០% ក្ដី ក៏ប៉ុន្តែចំណុចដែលត្រូវគ្នានោះ បានឈានជិតដល់បញ្ចប់ ហើយមុននឹងដាក់ឲ្យថ្នាក់ដឹកនាំគណបក្សទាំងពីរពិនិត្យមើល។ លោក គួយ ប៊ុនរឿន បន្ថែមថា ចំណុចដែលមិនត្រូវគ្នាគឺរបៀបរបបនៃការធ្វើការរបស់ គ.ជ.ប ថ្មី និងបញ្ហាផ្សេងៗមួយចំនួនទៀត៖ «របៀបរបបធ្វើការងាររបស់គណៈកម្មាធិការ ហើយនិងការសម្រេចរបស់គណៈកម្មាធិការទៅលើការងាររបស់ខ្លួន ចឹងយើងកំពុងតែពិនិត្យមើលថ្លឹងថ្លែងការសម្រេចស្របតាមគោលការណ៍ប្រជាធិបតេយ្យ ទាំងការទទួលខុសត្រូវរបស់ខ្លួន។ ទី២ យើងនឹងពិនិត្យមើលអគ្គលេខាធិការ និងអគ្គលេខាធិការរង ដែលយើងមិនទាន់ត្រូវរ៉ូវគ្នា»។
សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមាន ៧ជំពូក និង ៦៦មាត្រា។
លោក គួយ ប៊ុនរឿន អះអាងថា មកទល់ពេលនេះ គណបក្សទាំងពីរបានជជែកដល់មាត្រា ៥០ តែនៅចំនួន ១៦មាត្រាទៀត គណបក្សទាំងពីរមិនទាន់ជជែកគ្នានៅឡើយ ដោយរង់ចាំការជជែកឲ្យត្រូវគ្នាទាំងស្រុងសិន ទើបបន្តជជែកបន្តទៅមុខទៀត។
ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា និងជាតំណាងរបស់អឺរ៉ា (ERA) លោក គល់ បញ្ញា មានប្រសាសន៍ថា តំណាងគណបក្សទាំងពីរត្រូវតែពិភាក្សាគ្នាអំពីសេចក្ដីព្រាងច្បាប់នេះជារៀងរាល់ថ្ងៃ បើមិនត្រូវគ្នាទេ ជជែកម្ដងហើយម្ដងទៀត និងបើកចំហឲ្យសង្គមស៊ីវិលពាក់ព័ន្ធនានាចូលរួមផ្ដល់យោបល់ ទើបសេចក្ដីព្រាងច្បាប់នេះអាចបញ្ចប់ទៅបានក្នុងពេលឆាប់ៗ និងទាន់ពេលវេលា៖ «ជាជាងយកទៅឲ្យថ្នាក់លើសម្រេច ព្រោះដល់ថ្នាក់លើសម្រេចហើយ ពេលខ្លះការជជែកយកមតិខាងក្រៅហ្នឹងវាអត់សូវមានប្រសិទ្ធភាពទេ ចឹងទេ គួរតែយកបញ្ហាហ្នឹង វាអត់សូវមានប្រសិទ្ធភាពទេ ចឹងទៅគួរតែយកបញ្ហាហ្នឹងដែលជជែកបាន ៥០មាត្រាហ្នឹង មកជជែក សង្គមស៊ីវិល និងគណបក្សទៅ ជួនកាលអាចមានស្ថានទូត អង្គទូតនានាហ្នឹង គេអាចមានគំនិត និងបច្ចេកទេស»។
ទាក់ទងនឹងបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន និងជាអ្នកដឹកនាំក្រុមបច្ចេកទេសរបស់គណបក្សនេះ ដើម្បីសួរអំពីបញ្ហានេះបាននៅឡើយទេនៅថ្ងៃទី១០ វិច្ឆិកា។
ទាក់ទងនឹងការរៀបចំ គ.ជ.ប ថ្មីនេះ រដ្ឋាភិបាលជប៉ុន កំពុងត្រៀមខ្លួនជាស្រេចក្នុងការជួយដល់ស្ថាប័នបោះឆ្នោតថ្មីនេះ ឲ្យក្លាយជាស្ថាប័នមួយរៀបចំការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ ស្របតាមប្រទេសប្រកាន់របបប្រជាធិបតេយ្យ ក៏ប៉ុន្តែការជួយក្នុងកម្រិតណារបស់ក្រុមបច្ចេកទេសជប៉ុន នោះ អាស្រ័យលើការយល់ព្រមពីគណបក្សជាប់ឆ្នោតទាំងពីរ។
គណបក្សទាំងពីរនឹងបន្តជជែកគ្នាទៀតនៅថ្ងៃច័ន្ទ ទី១៧ វិច្ឆិកា ដើម្បីសប្ដាហ៍ក្រោយ។ លោក គួយ ប៊ុនរឿន អះអាងថា ចាប់ពីមាត្រាទី៥០ ដល់ទីមាត្រាទី ៦៦នោះ ក៏នៅមានចំណុចមិនទាន់ឯកភាពគ្នាដែរ តែលោកមិនបានបង្ហើបឲ្យដឹងអំពីចំណុចដែលខ្វែងគំនិតនៅឡើយ។
លោក គួយ ប៊ុនរឿន បន្ថែមថា អ្វីដែលគណបក្សសង្គ្រោះជាតិ ចង់បាន គឺចង់បាន គ.ជ.ប ថ្មី ជាស្ថាប័នមួយឯករាជ្យពិតប្រាកដដែលគ្រប់គណបក្សនយោបាយទាំងអស់ទទួលបានយកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
