តាមច្បាប់បោះឆ្នោត កំណត់ថា ក្រោយពេលដែលលទ្ធផលបណ្ដោះអាសន្នត្រូវបានប្រកាសដោយ គ.ជ.ប គ្រប់គណបក្សនយោបាយអាចមានសិទ្ធិក្នុងការប្ដឹងជំទាស់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងរយៈពេល ៧២ម៉ោង ហើយ គ.ជ.ប នឹងដោះស្រាយបណ្ដឹងទាំងនោះក្នុងរយៈពេល ៤៨ម៉ោង។ បើសិនជាគណបក្សនយោបាយ ឬបុគ្គលដាក់ពាក្យប្ដឹងមិនសុខចិត្តចំពោះសេចក្ដីសម្រេចរបស់ គ.ជ.ប ពួកគេអាចមានសិទ្ធិដាក់ពាក្យបណ្ដឹងជំទាស់ទៅខាងក្រុមប្រឹក្សាធម្មនុញ្ញបន្តទៀត ក្នុងរយៈពេល ៧២ម៉ោង។
ការដោះស្រាយពាក្យបណ្ដឹងទាក់ទងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ កក្កដា នៅថ្នាក់ គ.ជ.ប បានចប់ទៅហើយ។ ដូច្នេះ គណបក្សនយោបាយ ឬបុគ្គលណាមិនសុខចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតនោះ និងមិនទទួលយកការដោះស្រាយរបស់ គ.ជ.ប គឺមានតែបន្តប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញតែប៉ុណ្ណោះ។
ចំពោះនីតិវិធីនៃការដោះស្រាយបណ្ដឹងនេះដែរ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានមានប្រសាសន៍ថា បណ្ដឹងមួយចំនួនដែលខាងបក្សនយោបាយបានដាក់ជូនមកខាង គ.ជ.ប នោះ ត្រូវបានដោះស្រាយរួចរាល់ហើយ ប៉ុន្តែនៅមានបណ្ដឹងមួយចំនួនដែលមិនមានទម្ងន់គ្រប់គ្រាន់ គឺខាង គ.ជ.ប បានបដិសេធក្នុងការដោះស្រាយ។ លោកបន្តថា ខាង គ.ជ.ប ក៏បានដាក់ជូននូវសេចក្តីសម្រេចទៅដល់គណបក្សនយោបាយ ដែលបានដាក់ពាក្យបណ្ដឹងមករួចរាល់ហើយ។
លោក ទេព នីថា៖ «អូ! គណបក្សនយោបាយអាចប្ដឹងតវ៉ាទៅបាន ប្រសិនបើមិនពេញចិត្តទៅនឹងសេចក្តីសម្រេចរបស់ គ.ជ.ប គាត់មានសិទ្ធិប្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល ៧២ម៉ោង បន្ទាប់ពីទទួលលិខិតជូនដំណឹងពីខាង គ.ជ.ប ឬក៏សេចក្តីសម្រេចរបស់ គ.ជ.ប។ ហើយក្រុមប្រឹក្សាធម្មនុញ្ញ គាត់នឹងធ្វើការដោះស្រាយនៅក្នុងរយៈពេល ១០-២០ថ្ងៃ។ ហើយបើតាមប្រតិទិនរបស់ គ.ជ.ប នោះ គឺអាចថារយៈពេលចុងក្រោយបំផុតនោះ គឺថ្ងៃទី៨ ខែកញ្ញា បាទ»។
លោកបានបន្ថែមទៀតថា ចំពោះការដោះស្រាយបណ្ដឹងរបស់បក្សនយោបាយបន្តទៀត គឺជាតួនាទីរបស់ក្រុមប្រឹក្សាធម្មនុញ្ញតែប៉ុណ្ណោះ៖ «ឥឡូវនេះ ខាង គ.ជ.ប បានដោះស្រាយពាក្យបណ្ដឹងទៅតាមសមត្ថកិច្ច និងពេលវេលារបស់ខ្លួនហើយ។ ហើយចំពោះមុខ គ.ជ.ប ត្រៀមខ្លួនអនុវត្តទៅតាមការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ»។
ទោះជាដំណើរការនៃនីតិវិធីក្នុងការដោះស្រាយពាក្យបណ្ដឹងរបស់ គ.ជ.ប ត្រូវបានបញ្ចប់ទៅហើយក្តី ក៏ខាងគណបក្សនយោបាយនៅតែមិនពេញចិត្តនៅក្នុងដំណើរការនោះឡើយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់ដែរថា ការដោះស្រាយពាក្យបណ្ដឹងរបស់ គ.ជ.ប គឺធ្វើឱ្យតែរួចខ្លួនតែប៉ុណ្ណោះ ហើយគណបក្សសង្គ្រោះជាតិ មិនអាចទទួលយកនូវសេចក្តីសម្រេចរបស់ គ.ជ.ប បានឡើយ៖ «ទោះជាមានភស្តុតាងយ៉ាងច្បាស់ក្រឡែត បង្ហាញពីភាពមិនប្រក្រតីហើយ ក៏ គ.ជ.ប នៅតែប្រជុំសម្រេចយ៉ាងធ្មេចភ្នែកបដិសេធបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ។ យើងដឹងជាមុនមកលទ្ធផលបែបនេះហើយ ក៏ប៉ុន្តែយើងចង់បង្ហាញមតិជាតិ និងអន្តរជាតិអំពីទង្វើរបស់ គ.ជ.ប ដែលឧបករណ៍នយោបាយដាច់ថ្លៃរបស់គណបក្សកាន់អំណាច»។
ស្របពេលដែលខាងគណបក្សសង្គ្រោះជាតិ បានច្រានចោលនូវសេចក្តីសម្រេចរបស់ គ.ជ.ប ចំពោះការដោះស្រាយបណ្ដឹងនោះ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានឱ្យដឹងដែរថា ខាងគណបក្សសង្គ្រោះជាតិ បានរៀបចំបណ្ដឹងដើម្បីដាក់ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់ គ.ជ.ប។ លោកបន្តថា ក្រុមការងារលោកបានដាក់ជូនចំពោះករណីខេត្តក្រចេះ រួចហើយ និងកំពុងតែដាក់ពាក្យបណ្ដឹងជំទាស់ទាក់ទងនឹងខេត្តដទៃទៀតដែរ។
លោកបញ្ជាក់ថា បើទោះបីជាខាងគណបក្សសង្គ្រោះជាតិ មិនមានជំនឿថានឹងទទួលបានផ្លែផ្កាចំពោះការដោះស្រាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ ត្រូវតែអនុវត្តទៅតាមនីតិវិធីនៃច្បាប់បោះឆ្នោតដែលបានកំណត់ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
